ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ ដំណើរការងារក្រសួងព័ត៌មានទាំងមូលអាចទៅមុខបាន អាស្រ័យលើធនធានមនុស្សមានចំនួនច្រើន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដំណើរការងារក្រសួងព័ត៌មានទាំងមូលអាចទៅមុខបានអាស្រ័យលើធនធានមនុស្សមានចំនួនច្រើន ព្រោះជាកត្តាសំខាន់ និងស្លាប់រស់របស់ក្រសួងស្ថាប័ន។

ការគូសបញ្ជាក់នេះ នាឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលជំនាញស្ដីពី«ការសរសេរដំណឹងទាន់ហេតុការណ៍»ដល់មន្ត្រីក្រសួងជាង ៤០ នាក់ កាលពីរសៀលថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ដំណើរការងាររបស់ក្រសួងព័ត៌មានទាំងមូល អាចទៅមុខបាន អាស្រ័យលើធនធានមនុស្សមានចំនួនច្រើន ព្រោះជាកត្តាសំខាន់ និងស្លាប់រស់របស់ក្រសួងស្ថាប័នរបស់យើង។ យើងមានផែនការល្អ មានគោលនយោបាយល្អ មានសម្ភារៈប្រើប្រាស់ ប៉ុន្តែបើគ្មានធនធានមនុស្ស ក៏មិនអាចដំណើរការទៅមុខបានល្អនោះដែរ។ ដូច្នេះហើយ ក្រសួងព័ត៌មាន បានរៀបចំដាក់ឲ្យដំណើរការឡើងវិញនូវមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ ដែលមានសារៈសំខាន់ក្នុងការដើរតួនាទីធ្វើឲ្យមានធនធានមនុស្សសម្រាប់វិស័យព័ត៌មាន នៅកម្ពុជា»។

លោក បន្ថែមថា ការដាក់ឲ្យដំណើរការឡើងវិញនូវមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាននេះគឺជាទិសដៅសំខាន់ នៃការកសាងធនធានមនុស្សក្នុងវិស័យព័ត៌មាន។ ហើយមិនត្រឹមតែក្នុងក្របខណ្ឌរបស់ក្រសួងព័ត៌មានប៉ុណ្ណោះនោះទេ គឺសម្រាប់វិស័យព័ត៌មានទាំងមូលតែម្ដង ព្រោះជាចក្ខុវិស័យទៅមុខ ធ្វើយ៉ាងម៉េចឲ្យសារព័ត៌មាននៅកម្ពុជាមានគុណភាព។ នៅក្នុងក្របខណ្ឌការងារ ត្រូវការធានានូវជំនាញ រក្សាចំណេះធ្វើ ទេពកោសល្យរបស់មន្ត្រី ពីជំនាន់មួយ ទៅជំនាន់មួយ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិក្រឹត្យការសារព័ត៌មាន។ ក្នុងនោះ កិច្ចការងារ និងផែនការដែល លោករដ្ឋមន្ត្រី បានដាក់ចេញ គឺចង់ឃើញក្រសួងព័ត៌មានដំណើរការទៅមុខដោយស្វាហាប់ មានធនធានមនុស្សសំបូរបែបនៅក្នុងក្របខណ្ឌជំនាញរបស់ខ្លួន។ ទន្ទឹមនេះ ក៏គិតគូរក្រុមបន្តវេន បើមិនរៀបចំទេ នឹងមានបញ្ហានាពេលខាងមុខ ព្រោះថា ក្នុង ១ ឆ្នាំៗ មន្ត្រីក្រសួងព័ត៌មាន មិនតិចជាង ៣០ ទៅ ៤០ នាក់ ត្រូវចូលនិវត្តន៍ ដែលអ្នកមានភាពចាស់ទុំក្នុងកិច្ចការងារ និងមានបទពិសោធន៍។ ការគិតគូរនេះ ជាការធានានូវនិរន្តរ៍ភាព នៃក្រសួងព័ត៌មាន និងបង្កើនសមត្ថភាពមន្ត្រី ដើម្បីអ្នកបន្តវេនដែលមានចំណេះ និងជំនាញច្បាស់លាស់។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នៅលើបរិបទ នៃការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប នាពេលបច្ចុប្បន្ន ជម្រើសរបស់ប្រជាពលរដ្ឋមានច្រើនប្រភេទ នៃខ្លឹមសារ។ ក្នុងបរិបទ នៃប្រព័ន្ធផ្សព្វផ្សាយបុរាណ យើងជាអ្នកកំណត់ខ្លឹមសារឲ្យសាធារណជនស្តាប់ និងអាន តែពេលនេះ នៅពេលនិន្នាការប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ ហើយប្រជាពលរដ្ឋបានពឹងលើប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងការទទួលព័ត៌មាន នោះពួកគាត់មានជម្រើសផ្សេងក្រៅអំពីការពឹងលើប្រភពតែមួយ នៃប្រព័ន្ធផ្សព្វផ្សាយបុរាណ។ តែទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយបុរាណរបស់ជាតិ មានវិទ្យុ និងទូរទស្សន៍ ចាំបាច់ត្រូវតម្រង់ទិសទៅលើការផលិតខ្លឹមសារ និងបច្ចេកទេស។ ហើយចាំបាច់បំផុត ត្រូវយល់ពីតម្រូវការបច្ចុប្បន្នរបស់ប្រជាពលរដ្ឋជាអ្វី? ដើម្បីទាក់ទាញអ្នកមើល និងអ្នកស្តាប់ ត្រូវបន្សាំទៅនឹងតម្រូវការជាក់ស្ដែង នៃសង្គម ដែលប្រជាជនប្រើប្រាស់ច្រើន គឺ Facebook និង TikTok។ ជាមួយគ្នានេះ អ្វីដែលត្រូវសម្លឹងទៅមុខ គឺការកើនឡើងបច្ចេកវិទ្យា ព័ត៌មាន និងការវិវត្តន៍ នៃប្រព័ន្ធផ្សព្វផ្សាយពីប្រព័ន្ធ អាណាឡូក ទៅ ឌីជីថល ពី ឌីជីថល ទៅប្រព័ន្ធ AI ដែលយើងស្ថិតនៅដំណាក់កាលមិនទាន់ចាប់ផ្ដើមក្នុងការចាប់ផ្ដើមនៅឡើយនោះទេ ប៉ុន្តែគេបានប្រើប្រព័ន្ធ AI នេះបានមួយជំហាននៅក្នុងកិច្ចការងាររួចស្រេចទៅហើយ។ នៅក្នុងក្របខណ្ឌ នៃការគ្រប់គ្រងសន្តិសុខជាតិ និងការគ្រប់គ្រងនូវសន្តិសុខព័ត៌មាន គឺមិនអាចកាត់ផ្ដាច់ចេញពីប្រព័ន្ធ AI បានទេ។

គួរជម្រាបថា ការបើកមណ្ឌលបណ្ដុះបណ្ដាលនេះ ត្រូវបាន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន វាយតម្លៃថា ជាការរៀបចំនូវការងារបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់អ្នកបន្តវេននៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយក៏ជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក៏ជាការពង្រឹងគុណភាពវិជ្ជាជីវៈ ក្រមសីលធម៌សារព័ត៌មាននៅកម្ពុជា។
សម្រាប់ជំហានដំបូង មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ ធ្វើការបណ្ដុះបណ្ដាលផ្ទៃក្នុងក្រសួងព័ត៌មាន និងបើកចំហដល់សមាគម និងអ្នកសារព័ត៌មាន មានការចាប់អារម្មណ៍ក្នុងការបណ្ដុះបណ្ដាល អាចមកសិក្សាបាន ព្រោះកន្លែងបណ្ដុះបណ្ដាលដែលក្រសួងព័ត៌មានរៀបចំឡើងនេះ មានការរំពឹងទុកថា នឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងគុណភាពព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បានកាន់តែល្អប្រសើរបន្ថែមទៀត៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


