សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានពន្យល់ពីមូលហេតុមួយចំនួនដែលថា វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ប្រភេទ Sinopharm ដែលអាចចាក់បានពីអាយុ១៨ ដល់៥៩ឆ្នាំ តែបើតាមសម្ដេចពិជ័យសេនា មនុស្សដែលមានអាយុលើស៦០ឆ្នាំរិតតែមានប្រសិទ្ធភាព។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ថ្មីៗនេះសាព័ត៌មានម៉ារ៉ុកបានផ្សាយថា វ៉ាក់សាំង Sinopharm នេះបើចាក់ទៅលើមនុស្សអាយុជាង៦០ឆ្នាំ កាន់តែមានប្រសិទ្ធភាពថែមទៀត និងមានសុវត្ថិភាពកាន់តែល្អ ហើយបើតាមក្រសួងសុខាភិបាលវ៉ាក់សាំង Sinopharm នេះ មានប្រសិទ្ធភាពជាង៧០ភាគរយ ។
សម្ដេចបានពន្យល់ថា កន្លងមកនេះមានការផ្សព្វផ្សាយទាក់ទងទៅនឹងអាយុ នៃការចាក់វ៉ាក់សាំង ដោយចាប់ពី១៨ ឆ្នាំរហូតដល់៥៩ ឆ្នាំជាដើម។ សម្ដេចបញ្ជាក់ថា អ្នកដែលមានអាយុ១៨ ឆ្នាំរហូតដល់៥៩ ឆ្នាំ គឺជាមនុស្សដែលធ្វើការងារខ្លាំង ធ្វើការងារធ្ងន់ ឬក៏ធ្វើការគ្រប់ជំនាញ ដែលជាមនុស្សមានការងារប្រឈមខ្លាំង ហើយត្រូវបានគេឲ្យតម្លៃថា ជាមនុស្សមានហានិភ័យខ្ពស់ ដូច្នេះនៅពេលមានវ៉ាក់សាំងគួរតែផ្ដល់ឲ្យអ្នកទាំងនោះសិន។
ចំណែកអ្នក ដែលមានអាយុជាង៦០ ឆ្នាំ ជាអ្នកដែលចូលនិវត្តន៍ គាត់ មិនចេញទៅខាងក្រៅផ្ទះ គាត់ស្ថិតនៅក្នុងផ្ទះ ដូច្នេះពួកគាត់មិនមានហានិភ័យអ្វីនោះទេ ប៉ុន្តែនៅពេលមានវ៉ាក់សាំង គេនឹងចាក់ជូនទាំងអស់ នេះគឺជារឿងពិត។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងកងយោធពលខេមរភូមិន្ទ ដែលមានអាយុច្រើន ហើយមានវត្តមាននៅទីនេះ សម្ដេចបានស្នើសុំទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីចាក់ជូនពួកគាត់ផងដែរ ពីព្រោះពួកគាត់មួយចំនួន គឺជាក្រុមដែលមានហានិភ័យខ្ពស់ នៅក្នុងការងារ ហើយសម្ដេចតេជោ ក៏បានឯកភាពឲ្យចាក់ផងដែរ ដោយសម្ដេចតេជោបានបញ្ជាក់ថា “នាំគ្នាចាក់ទៅវ៉ាក់សាំងនេះគ្មានបញ្ហាអ្វីទេ”។
មានប្រសាសន៍នៅក្នុងពិធីនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា នៅថ្ងៃទី១០ ខែកុម្ភៈ នេះគឺជាថ្ងៃដំបូងនៃការចាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនកងទ័ព ហើយយើងមានមោទនភាពដែលកម្ពុជា ជាពិសេសកងខេមរភូមិន្ទបានទទួលវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩ ជូនដល់កងទ័ព។
សម្ដេចពិជ័យសេនាបន្តថា នៅថ្ងៃនេះដែរ ជាថ្ងៃយុទ្ធនាការដំបូងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិ។ ការចាក់នេះ គឺជាការការពារខ្លួនមួយកម្រិតទៀត ហើយការដែលយើងទទួលបាន វ៉ាក់សាំងចាក់ចូលទៅក្នុងខ្លួនរបស់យើង គឺជាអាវក្រោះក្រៅមួយដែរ ពីព្រោះវ៉ាក់សាំងនេះ នឹងបង្កើនសមត្ថភាពក្នុងការការពារខ្លួនរបស់យើង។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ដែរថា សម្ដេចបានចាក់វ៉ាក់សាំងនេះរួចរាល់ហើយនៅសល់តែ១០ថ្ងៃទៀតតែប៉ុណ្ណោះគ្រប់មួយខែ ហើយក្រុមគ្រូពេទ្យចិន គឺជាអ្នកចាក់ឲ្យ។ មុនដែលសម្ដេចចាក់វ៉ាក់សាំងនេះ ក៏មានអ្នកមួយចំនួនទៅចាក់វ៉ាក់សាំងការពារមុនសម្ដេចទៀតផង។ នៅពេលដែលសម្ដេចចាក់វ៉ាក់សាំងនេះទៅ ឃើញថាមានគុណភាពល្អ គឺមិនមានបញ្ហាអ្វីទាំងអស់។ ចំណែកមនុស្សមួយចំនួនដែលនៅជុំវិញខ្លួនសម្ដេចក៏បានចាក់វ៉ាក់សាំងនេះហើយដែរ៕
កោះកែវ