Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ ប្រគល់ម៉ូតូដល់សិស្សនិទ្ទេស A ចំនួន ១៨៨នាក់នៅខេត្តសៀមរាប

បានផុស

នៅ

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សិស្សជាប់និទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ចំនួន១៨៨នាក់​ (ស្រី១០៣នាក់) នៃខេត្តសៀមរាប ទទួលបានរង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗម៉ូតូ១គ្រឿង ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A នៅថ្ងៃនេះ ក៏មានវត្តមានចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ព្រមទាំងលោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស។ បន្ថែមពីរង្វាន់ម៉ូតូ១គ្រឿង សម្ដេច ទៀ បាញ់ ក៏បានផ្ដល់នូវសាំង៥២លីត្រ មួកសុវត្ថិភាព១ ស្លាកលេខម៉ូតូ និងលិខិតសរសើរមួយច្បាប់។

ក្នុងឱកាសនោះ សម្តេច ទៀ បាញ់ ថ្លែងអំណរគុណចំពោះនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព ជាពិសេសស្ថិតក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស និយាយជារួម និងដោយឡែក សម្រាប់នៅខេត្តសៀមរាប ក៏មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅតាមតំបន់រមណីយដ្ឋានអង្គរ និង រមណីយដ្ឋានធម្មជាតិផ្សេងៗ។

ជុំវិញសិស្សជ័យលាភីក្នុងការប្រឡងបាក់ឌុបវិញ សម្តេច ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និងមាតាបិតាអាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាបនេះតែម្ដងទាំងនៅគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន។

សម្តេច បញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតសំខាន់ក្នុងវិស័យអប់រំ លើការបណ្តុះបណ្តាលធនធានមនុស្ស។ ដូច្នេះ សម្ដេច បានជំរុញដល់សិស្សទាំងអស់ ត្រូវខិតខំរៀនតាមបែបឌីជីថល ហើយខិតខំសិក្សាស្វែងយល់ឱ្យទាន់នាសម័យទំនើបនេះ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិនេះ ត្រូវបន្តថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់រៀន ដែលនេះហើយ ជាសសរស្តម្ភដ៏រឹងមាំ និងជាធនធានមនុស្សបន្តវេនក្នុងកិច្ចអភិវឌ្ឍប្រទេសឱ្យរីកចម្រើនថែមទៀត។  

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្ដាំផ្ញើដល់សិស្សទាំងអស់ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយយុវជនទាំងអស់ជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិទៅអនាគត។ 

បើតាមការបញ្ជាក់របស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប បានចែកចេញជា ១៦ មណ្ឌលប្រឡង មាន ៤៣៦បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០ពាន់៦៧៣នាក់ ស្រី៦ពាន់១៨៨នាក់។ ចំពោះលទ្ធផលប្រឡង នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន ៨ពាន់៦៣៣នាក់ ស្រី៥ពាន់២១៤នាក់ ស្មើនឹង ៨០,៨៩% ស្រី៨៤,២៦%។ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៨៨នាក់ ស្រី ១០៣នាក់ ,និទ្ទេស B ចំនួន ៦៤៦នាក់ ស្រី ៤០៧នាក់ ,និទ្ទេសC ចំនួន ១ពាន់៧៤២នាក់ ស្រី១ពាន់១៤៦នាក់ និទ្ទេស Dចំនួន៣ពាន់៩៤នាក់ ស្រី១ពាន់៩០៣នាក់ និងនិទ្ទេសE ចំនួន ២ពាន់៩៦៣នាក់ ស្រី ១ពាន់៦៥៥នាក់៕

 ដោយ៖ គឿន វេត                                                                                             

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម