ព័ត៌មានជាតិ
កម្ពុជានាំចេញផ្លែមៀនស្រស់ទៅចិនសម្រេចបានជាង ១៧ ពាន់តោននៅឆ្នាំ ២០២៣ កើនឡើងជាង ៤០០%
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅប្រទេសចិនសម្រេចបាន ១៧ ពាន់តោន (១៧ ៤៩៧) នៅក្នុងឆ្នាំ ២០២៣ ចំនួននេះ មានការកើនឡើង ៤៥៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២២។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤នេះថា កម្ពុជាទទួលបានទីផ្សារថ្មីៗច្រើន បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ អនាម័យ និងភូតគាមអនាម័យ កម្ពុជាបានបើកច្រកទីផ្សារ ជាពិសេសទីផ្សារនៅប្រទេសចិន ដែលធ្វើឱ្យកំណើននាំចេញកើនឡើង។
មន្ត្រីអ្នកនាំពាក្យដដែលរូបនេះ បានឱ្យដឹងថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។

បន្ទាប់ពីបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យស្របតាមពិធីសារ ផ្លែមៀនស្រស់កម្ពុជាបានចាប់ផ្តើមនាំចេញទៅកាន់ប្រទេសចិននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
លោកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនមានរយៈពេលតែ២ខែ ប៉ុណ្ណោះ។ ចំណែកឯការនាំចេញក្នុងឆ្នាំ២០២៣ មានរយៈពេលរហូតដល់ទៅ១២ខែពេញ។ ជាកត្តាសត្យានុម័ត បរិមាណនាំចេញក្នុងឆ្នាំ២០២៣ ត្រូវតែមានកំណើនខ្ពស់ជាងឆ្នាំ២០២២។
តម្លៃប្រមូលទិញផ្លែមៀនពីកសិករក្នុង ៣សប្តាហ៍ដំបូងនៃខែកញ្ញា មានតម្លៃ ៣៦០០រៀល/គ.ក្រ ប៉ុន្តែចាប់ពី សប្តាហ៍ទី៤ នៃខែកញ្ញា រហូតដល់ខែវិច្ឆិកា តម្លៃប្រមូលទិញពីកសិករបានធ្លាក់ចុះនៅត្រឹម២៦០០រៀល/គ.ក្រ។
ដោយឡែក សម្រាប់ខែធ្នូ ឆ្នាំ២០២៣នេះ តម្លៃមានការកើនឡើងបន្តិច តម្លៃប្រមូលទិញពីកសិករចំនួន ៣០០០-៣៦០០រៀល/គ.ក្រ។
សម្រាប់ក្រុមហ៊ុន ដែលបានចុះកិច្ចសន្យាប្រមូលទិញពីកសិករគឺមានតម្លៃថេរ ៣៦០០រៀល/គ.ក្រ ប៉ុន្តែការនាំចេញទៅប្រទេសចិន តម្លៃបានធ្លាក់ចុះប្រមាណ៤០% បើធៀបទៅនឹងឆ្នាំ២០២២កន្លងទៅ ដោយសារវិបត្តិបរិត្តផរណាក្នុងប្រទសចិនដែលបណ្តាលឱ្យប្រជាជនចិនបានកាត់បន្ថយការចំណាយ។
ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់មានបរិមាណសរុប ១៧ ៤៩៧,៣៩តោន ទទួលបានទឹកប្រាក់សរុបចំនួន ២៤ ៧៥៨ ៨០៦,៨៥ដុល្លារអាមេរិក ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៧ ៣៨០,៧០តោន (ទទួលបានទឹកប្រាក់ចំនួន ២៤ ៥៩៣ ៦៩០,៥០ដុល្លារអាមេរិក) និងប្រទេសវៀតណាមចំនួន ១១៦,៦៩តោន (ទទួលបានទឹកប្រាក់ចំនួន ១៦៥ ១១៦,៣៥ដុល្លារអាមេរិក) (ដែលឯកតាតម្លៃផ្អែកតាមវិក្ក័យបត្ររបស់អ្នកនាំចេញ)។
លោក សួស ស៊ីយ៉ាត ប្រធានសមាគមមៀនប៉ៃលិន បានឱ្យដឹងដែរថា កសិករតាមបណ្ដាខេត្តជាច្រើន ដូចជាខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ទទួលបានទិន្នខ្ពស់ពីការដាំមៀននៅឆ្នាំ ២០២៣។

លោក សួស ស៊ីយ៉ាតបញ្ជាក់ថា តម្លៃមៀនប៉ៃលិន អំឡុងខែសីហា ដល់ខែធ្នូ ឆ្នាំ ២០២៣ លក់បាន ៣ ៥០០ រៀល ក្នុង១ គីឡូ ខណៈក្រុមហ៊ុនកំណត់តម្លៃ ៤ ០០០ រៀលចាប់ពីខែមករា នេះ ដល់ខែកុម្ភៈ និងខែ មីនា ដល់ខែ ឧសភា លក់បាន ៤ ៥០០ រៀលក្នុង១ គីឡូ។ លោកថា ស្ថានភាពតម្លៃផ្លែមៀនស្រស់នៅឆ្នាំ ២០២៣ ល្អប្រសើរបើប្រៀបធៀបនឹងឆ្នាំមុនៗ។
បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញផលិតផលកសិផលសរុបប្រមាណជាង ៤ ពាន់លានដុល្លារ (៤ ៣០៦ ៨១០ ២៦៨) នៅឆ្នាំ ២០២៣ ក្នុងនោះទឹកប្រាក់នាំចេញអង្ករជាង ៥ រយលានដុល្លារ (៥៦៧ ៧១៩ ៣៩៥) និងស្រូវជាង ៩ រយលានដុល្លារ(៩៣៩ ៩៦៥ ៦៨២) និងកសិផលផ្សេងជាង ២ ពាន់លានដុល្លារ (២ ៧៩៩ ១២៥ ១៩១)៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


