ព័ត៌មានជាតិ
ក្រសួងការងារនឹងចុះស្រាវជ្រាវរករោងចក្រសហគ្រាសដែលមិនចុះបញ្ជី និងមិនបញ្ជូនឈ្មោះបុគ្គលិកទៅ ប.ស.ស
ឆ្នាំ២០២៤នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបញ្ជួនមន្ត្រីចុះស្រាវជ្រាវរករោងចក្រសហគ្រាស ឬក្រុមហ៊ុនណាដែលមិនបានចុះបញ្ជី និងមិនបញ្ជូនឈ្មោះបុគ្គលិកទៅ ប.ស.ស ដែលជាហេតុធ្វើឱ្យពួកគាត់ទាំងនោះមិនអាចទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀតដែលផ្ទុយពីច្បាប់ស្តីពីរបបសន្តិសុខសង្គម។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២១មករា ថា «នៅពេលដែលក្រុមអធិការកិច្ចការងាររកឃើញរោងចក្រសហគ្រាសណាដែលលាក់បាំងបុគ្គលិក វាជារឿងមួយផ្ទុយទៅនឹងច្បាប់ការងារធ្វើឱ្យខាតប្រយោជន៍ដល់កម្មករនិយោជិតពិសេសការទទួលបានរបបសន្តិសុខសង្គម។ អីចឹងហើយបានជាយើងតែងតែដាក់កំហិត ឬពិន័យចំពោះរោងចក្រនោះក្នុងករណីយើងដាក់វិន័យហើយរោងចក្រសហគ្រាសនោះមិនព្រមអនុវត្តតាមការណែនាំទៀត នោះយើងក៏អាចពិចារណានឹងបញ្ជួនសំណុំរឿងទៅតុលាការដោះស្រាយតាមច្បាប់»។

លោកបានបន្តថា ការអនុវត្តតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានមិនអនុវត្តតាមច្បាប់ គឺដើម្បីឱ្យបុគ្គលិក
ឬកម្មករនិយោជិតកំពុងបំពេញការងារក្នុងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់នោះឱ្យទទួលបានការគាំពារពេញលេញក្នុងន័យចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។
លោក កត្តា អ៊ន បានលើកឡើងទៀតថា «ខ្ញុំសូមអំពាវនាវដល់រោងចក្រសហគ្រាសទាំងអស់ត្រូវគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវដោយត្រូវបំពេញបែបបទ និងចុះបញ្ជិការោងចក្រសហគ្រាស និងចុះបញ្ជិកម្មករនិយោជិតរបស់ខ្លួនដើម្បីចូលរួមគោរពច្បាប់ការងារក៏ដូចជាគិតគូរដល់ផលប្រយោជន៍កម្មករនិយោជិតទាំងអស់គ្នា»។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្របម្រើលើវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ចំនួន
១៦៨០ រោងចក្រ និងមានកម្មករនិយោជិតជាង ៩១ម៉ឺននាក់ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ២,៩ពាន់លានដុល្លារ។

លោក ហេង សួរ បានបន្តថា ដោយឡែកគិតចាប់ពីឆ្នាំ១៩៩៧ រហូតត្រឹមបំណាច់ឆ្នាំ២០២៣កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងការបង្កើតរោងចក្រសហគ្រាសសរុបចំនួន ៤០៨៤០រោងចក្រសហគ្រាសនិងមានកម្មករនិយោជិតសរុបប្រមាណ ១,៧លាននាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


