Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះពិនិត្យការកាប់​ទន្ទ្រានព្រៃ​លិច​ទឹកជា​ជម្រក​មច្ឆាជាតិ​ក្នុងស្រុក​សង្កែ​

បានផុស

នៅ

​ព្រៃ​លិច​ទឹក​(​ព្រៃរនាម​)​ដែលជា​ជម្រក​មច្ឆា​ជាតិ​គ្រប់​រដូវ​កាល​សម្រាប់​ទម្លាក់​ពង​កូន​កន្លងមក ទៅ​ត្រូវបាន​ឈ្មួញ​មួយ​ចំនួន​លួច​ឈូស​ឆាយ​ដោយ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការបង្ក្រាប​។​

ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជា​នេសាទ​ជា​លក្ខណៈគ្រួសារ​ដែល​បានរស់នៅ​ជិត​តំបន់​នោះ​​នៅ​ព្រឹក​ថ្ងៃទី​១៥​ ខែកុម្ភៈនេះ ​លោក​សុខ​ ហឿន​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​សង្កែបាន​បញ្ជា​ឲ្យ​លោក​ហែម​ សុភក្រ័​ អភិបាលរង​ទទួលបន្ទុក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាបន្ទាន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​ពិនិត្យ​នេះ ​ក៏មាន​ការចូលរួម​ពី​មន្ត្រីជលផល​ស្រុក​កម្លាំង​អធិការ​ កម្លាំង​អាវុធហត្ថ​ស្រុក​ ក្រុម​ប្រឹក្សាឃុំ ​និង​សហគមន៍​នេសាទ​អណ្តូងត្រាច​ជាច្រើនរូប​ផងដែរ​។​ ទីតាំង​បទល្មើស​លួច​ឈូសឆាយ​រានទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នេះ ​គឺស្ថិតនៅក្នុង​តំបន់​៣​ ​ចំណុច​បឹង​កុល ​ក្នុងភូមិសាស្ត្រ​ ឃុំ​កំពង់ព្រះ​ស្រុក​សង្កែ​ ដែលជា​តំបន់ហាមឃាត់​សម្រាប់​ទុក​អភិរក្ស​ពូជ​មច្ឆា​គ្រប់​ប្រភេទ​។​

ប្រភពពី​ពលរដ្ឋ​បាន​លើកឡើងថា ការចុះពិនិត្យ​របស់​អាជ្ញាធរ​ស្រុក​និង​សមត្ថកិច្ច​ចម្រុះ​នាពេលនេះ​គ្រាន់តែ​ទៅពិនិត្យ​មើល​ដីព្រៃ​ដែលអស់ព្រៃ​ប៉ុណ្ណោះ​ ព្រោះ​ជនខិលខូច​ហាក់​មិន​ហ៊ាន​នៅ​ឲ្យ​ឃើញ​នោះទេ​ដែល​ទំនង​ពួកគេ​បានដឹង​ដំណឹង​ជាមុន​នៃ​ការចុះ​បង្ក្រាបនេះ​។​

ប្រភព​ដដែល​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ចាប់ពី​ថ្នាក់​​ឃុំ​ ស្រុក ខេត្ត​មេត្តាជួយ​ចុះ​ពិនិត្យ​ជាប្រចាំ​ដើម្បី​កុំ​ឲ្យ​ជនខិលខូច​លួចបន្ត​សកម្មភាព​បន្តទៀត​ បើ​មិន​ដូច្នោះ​ទេ​ព្រៃ​ជម្រកមច្ឆា​ជាតិ​និង​ក្លាយជា​វាលស្រែ​ចម្ការ​របស់​ឈ្មួញ​អស់នេះ​មិន​ខាន​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម