ព័ត៌មានជាតិ
សមាគមឧកញ៉ា ព្រមានចាត់វិធានការច្បាប់លើឧកញ៉ាណាដែលប្រព្រឹត្តខុសច្បាប់ ធ្វើឱ្យប៉ះពាល់កិត្តិយសងារជាឧកញ៉ា
សមាគមឧកញ៉ាកម្ពុជា ព្រមានចាត់វិធានការច្បាប់ចំពោះបុគ្គលមួយចំនួនដែលយកងារជាឧកញ៉ា ទៅប្រព្រឹត្តល្មើសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ឧកញ៉ាដទៃ។ សមាគមឧកញ៉ាកម្ពុជា ក៏បានស្នើឱ្យបណ្ដាញផ្សព្វផ្សាយសង្គមមួយចំនួនលុបចោលជាបន្ទាន់ផងដែរ រាល់ការចុះផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់គោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធលើបញ្ហាណាមួយនោះ។

ការចេញមកប្រតិកម្មបែបនេះរបស់សមាគមឧកញ៉ាកម្ពុជា គឺក្រោយសង្កេតឃើញថា ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានមួយចំនួននៅតាមបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងរឿងរ៉ាវរបស់គោរមវន្តដែលមានងារជាឧកញ៉ា។ ក្រោយឃើញការផ្សព្វផ្សាយព័ត៌មានទាំងនេះ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤នេះ ដោយបានឆ្លើយតបថា ការផ្សព្វផ្សាយទាំងនោះហាក់មានភាពទូលំទូលាយ ដោយមិនផ្ដោតចំពោះគោរមវន្តរូបណាមួយ ដែលនាំឱ្យមានការវាយប្រហារ ឬយល់ច្រឡំខុស និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ ព្រមទាំងកិត្តិយសគោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវទាំងនោះទាល់តែសោះ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែលនេះ សមាគមឧកញ៉ាកម្ពុជា ស្នើដល់បុគ្គល ឬអង្គភាពព័ត៌មានធ្វើការផ្សព្វផ្សាយ ដោយចំពោះបុគ្គលដែលប្រព្រឹត្តខុស និងមិនគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះ ជាមួយនឹងគោរមងារឧកញ៉ាទូទៅឡើយ ពីព្រោះមានឧកញ៉ាច្រើនលើសលុប គឺជាអ្នកដែលបានខិតខំថែរក្សាការពារសេចក្តីថ្លៃថ្នូរបស់គោរមវន្ត ចូលរួមជួយដល់កិច្ចការមនុស្សធម៌ និងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសស្រាក់សស្រាំ តាំងតែពីដើមរៀងមក។

សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងការពារផលប្រយោជន៍ស្របច្បាប់ និងកិត្តិយសរបស់ឧកញ៉ា ជាសមាជិក និងមានគោលបំណង ទស្សនវិស័យ និងបេសកកម្មច្បាស់លាស់។
តែយ៉ាងណា សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ខ្លួនកំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួនដែលយកងារជាឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តឧកញ៉ាដទៃ។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមស្នើឱ្យម្ចាស់គណនីទាំងនោះលុបចោលជាបន្ទាន់ការចុះផ្សាយព័ត៌មាននោះ និងបញ្ឈប់ការចែករំលែកបន្តនូវព័ត៌មានទាំងនោះ។
សមាគមឧកញ៉ាកម្ពុជា ក៏បានបង្ហាញការស្វាគមន៍ និងលើកទឹកចិត្តរាល់ការចុះផ្សាយព័ត៌មានទាក់ទងនឹងគោរមវន្ត ប៉ុន្តែចុះផ្សាយតែព័ត៌មានណាដែលពិតប្រាកដ ត្រឹមត្រូវ ដោយចំពោះ និងប្រកបដោយសុចរិតភាព ជាពិសេសត្រូវគោរព និងប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសារព័ត៌មាន និងឯកជនភាពបុគ្គល ដោយមិនត្រូវយករឿងបុគ្គលម្នាក់ ទៅវាយតម្លៃធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នទាំងមូលឡើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


