Connect with us

ព័ត៌មានជាតិ

ប្រវាស់គោពីម្ចាស់ដើម គឺជាការសន្សំទ្រព្យ​តែ​បច្ចុប្បន្នសត្វគោប្រឈមទីផ្សារតម្លៃ

បានផុស

នៅ

ប្តីប្រពន្ធពីរនាក់​រស់នៅក្នុងភូមិទួល ឃុំចែងមាជ័យ ស្រុកបាណន់ ក្រោយសម្រេចចិត្តឈប់ធ្វើជា​កម្មករចំណាក​ស្រុកអស់​រយះ​ពេលជិត ១០ ឆ្នាំ បាន​វិលមកស្រុកកំណើតវិញ ហើយប្រកបរបរកសិកម្មបន្តិចបន្តួច ហើយសល់ពេលក៏បាន​សុំ​ម្ចាស់​​គោយកមកប្រវាស់ ក្រែងបានចំណូលនិង​សល់ជាទ្រព្យសម្បត្តិដើម្បី​ទ្រទ្រង់ជីវភាពគ្រួសារ​ឬពេលធ្លាក់ខ្លួនឈឺថ្កាត់​ណា​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាពកំពុងដឹកគោចូលម្លប់ អ្នក​ស្រី សួន សុខឃឿន បានប្រាប់ថា ក្រោយពីអ្នក​ស្រីនិងប្តីវិលមកស្រុកកំណើត​​វិញ អ្នក​ស្រីនៅ​សល់គោ ២-៣ ក្បាល ក្រោយ​ចំណាយ​ស្រុកជិត ១០ ឆ្នាំ សន្សំបាន​លុយខ្លះ​ធ្វើផ្ទះ​និង​ទិញគោចិញ្ចឹមក្រែងបានសល់ជាទ្រព្យពេលចាស់ទៅ។

“ពេលនេះខ្ញុំ​មានគោខ្លួនឯងអីចឹងគឺសប្បាយចិត្ត ការប្រវាស់គោមួយឆ្នាំដំបូងគឺកូនបានមកយើង ហើយឆ្នាំក្រោយ​កូនបានទៅម្ចាស់ ខ្ញុំប្រវាស់តាំងពីគោមានតម្លៃ។ តែខ្ញុំមិនបានគិតរឿងថ្លៃថោកទេ ហើយគោក៏មិនថោករហូតនោះដែរ ព្រោះជាសត្វត្រូវការពេលចិញ្ចឹមយូរ។ តែឆ្នាំនេះប្រឈមស្មៅបន្តិច ព្រោះវាក្តៅខុសធម្មតា តែយើងនៅមានចំបើងសម្រាប់ទុកឲ្យសុីដែរ”។ នេះបើតាម​អ្នក​ស្រី សួន សុខឃឿន។

ដោយតាំងចិត្ត​មិនបោះបង់ការប្រវាស់តទៅទៀត បើទោះបីពេលនេះអ្នកស្រី​មានគោ ២-៣ ក្បាល ជាទ្រព្យខ្លួនឯងឬមានតម្លៃធ្លាក់ចុះក៏ដោយ ក៏​នៅតែតស៊ូជាងទុកពេលទំនេរដោយឥតប្រយោជន៍ ដល់ពេលគោមាន​តម្លៃវិញក៏មិនហួសពេលដែរ។

កសិករចិញ្ចឹមគោប្រវាស់ម្នាក់ទៀត គឺ លោក ណុប ឡឹប អាយុ ៦២ ឆ្នាំ រស់នៅឃុំគា ស្រុកមោងឫស្សី បានឲ្យដឹងថា មុខ​របរចិញ្ចឹមគោប្រវាស់ លោកបានអនុវត្ត​ជា​យូរឆ្នាំមក​ហើយ ដោយ​មិនបានចាំថាតាំងពីឆ្នាំណានោះទេដោយ​បានប្រវាស់ចន្លោះពី ៥ ក្បាល ដល់ ១០ ក្បាល។

គោជាប្រវាស់​បាន​កើន​ឡើង​ដល់ទៅជាង ១០ ក្បាល ហើយ​លោក​ក៏បានលក់ខ្លះៗដែរ ដើម្បីជាដើមទុនរកមុខរបរផ្សេង។

លោកបន្តថា “ប៉ុន្មានឆ្នាំមកនេះខ្ញុំអត់បានលក់ទេ ទុកឲ្យបានច្រើន។ ខ្ញុំអត់បានដឹងថាគោចុះថោកឬថ្លៃនោះដែរ តែខ្ញុំគិតថា ថ្ងៃខាងមុខសត្វគោនឹងមានតម្លៃវិញមិនខាន បើសិនបិទការចូល ហើយទុកលទ្ធភាពឲ្យអ្នកចិញ្ចឹមក្នុងស្រុក”។

លោក ឈឿង រឿង ជាកសិករប្រវាស់ចិញ្ចឹមគោម្នាក់ទៀត​ នៅស្រុកឯកភ្នំ បានលើកឡើងថា កន្លងមកគ្រួសារលោកមានជីវភាពប្រសើតាមរយះប្រវាស់ចិញ្ចឹមគោលក់នេះ ដែល​គ្រានោះកូនគោជំទង់លក់បានថ្លៃចន្លោះពី ១ លាន ៥០ មុឺនទៅ ២ លានរៀល។ បើគោធំន្លោះពី ៣ លាន ៥០ មុឺន ដល់ ៤ លានរៀល តែពេលនេះធ្លាក់ថ្លៃខ្លាំងបើធៀបនិងឆ្នាំកន្លងទៅ។

លោកបន្តថា “ពេលនេះខ្ញុំផ្អាកប្រវាស់មួយរយះសិន ព្រោះគោខ្ញុំបានពីការប្រវាស់មិនទាន់លក់ផង ព្រោះឈ្មួញឲ្យតែ ១ លាន ៥០ មុឺនរៀល ខ្លះទៀតឲ្យ ១ លាន ២០ មុឺនរៀល គឺធ្លាក់ចុះជាងពាក់កណ្តាល។

លោក​សំណូមពរដល់មន្ត្រីជំនាញ ផ្អាកការចូលនិងលើកកម្ពស់ទីផ្សារគោក្នុងស្រុក ទើប​សង្ឃឹមានតម្លៃវិញ។

មិនខុសគ្នានេះ លោក ឆាយណា ជាកសិករប្រវាស់ចិញ្ចឹមគោ នៅស្រុកសង្កែបាននិយាយថា លោកសល់គោជា​ច្រើនក្បាល​ដែរ តែពេលនេះហាក់អស់ទឹកចិត្តចិញ្ចឹមប្រវាស់បន្ត ព្រោះគោ ១ ក្បាល លក់​អត់បាន ២ លានរៀលផង។ កាលពីមុនលោកលក់ ១ ក្បាលបានយ៉ាងហោចណាស់ក៏ ៣ លាន ៥០ មុឺនរៀលដែរ។

លោក​បន្តថា មួយឆ្នាំៗលោកបានលក់គោបានពីប្រវាស់ដោះស្រាយជីវភាពគ្រួសារ អត់ពិបាកដើរធ្វើសំណង់ឬធ្វើ​ចំ​ណាកស្រុកនោះទេ។

លោកបន្តថា “ខ្ញុំសំណូមពរដល់មន្ត្រីជំនាញ បញ្ឈប់ការចូលសាច់គោពីក្រៅ មកជួយលើកកម្ពស់ជីវភាព អ្នកខំចិញ្ចឹមក្នុងស្រុក​វិញ។ បើតម្លៃគោនៅតែធ្លាក់ចុះបែបនេះ ខ្ញុំចូលឆ្នាំហើយបែបទៅធ្វើការនៅប្រទេសថៃទុកឲ្យកូនប្រពន្ធមើលថែគោខ្លួន​ឯងដែលមាននៅសល់ពីការប្រវាស់ ដល់ពេលមានទីផ្សារខ្ញុំមកបន្តរបរនេះវិញ”។

មន្ត្រីកសិកម្មថា ការចិញ្ចឹមគោប្រវាស់គឺជាទម្លាប់ពីដូនតា សម្រាប់ចែករំលែកដល់អ្នកភូមិជាមួយគ្នាមិនមានលទ្ធភាព​ទិញ​គោ​ដើម្បីភ្ជួររាស់ ខណះកាលពីសម័យមុន ការ​ធ្វើកសិកម្មជាមួយសត្វគោឬក្របីភាគច្រើន មិនដូចសម័យជឿនលឿនដូចសព្វថ្ងៃនោះទេ។

មន្ត្រីដដែលទទួលស្គាល់ថា កសិករចិញ្ចឹមគោពិតជាប្រឈម ក្រោយទីផ្សារសត្វគោបានធ្លាក់ចុះ ធ្វើឲ្យទម្លាប់ចិញ្ចឹមគោប្រវាស់​លក់ របស់អ្នកភូមិនៅខេត្តបាត់ដំបង ប្រឈមបាត់បង់ប្រាក់ចំណូល ខណះ​ជាច្រើនទសវត្សរ៍កន្លងទៅ ការចិញ្ចឹម​គោប្រវាស់របស់កសិករ​ បានជួយសម្រួលជីវភាពគ្រួសារយ៉ាងប្រសើរ ព្រោះទីផ្សារលក់គោបានថ្លៃ មិនដូចពេលនេះនោះទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម