ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសជ្រើសរើសនាយកសាលាល្អ គ្រូបង្រៀនល្អនិងសាលាស្អាតដើម្បីទទួលពានរង្វាន់សម្ដេចតេជោ ហ៊ុនសែន ប្រចាំឆ្នាំ២០២០។
លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី២២កុម្ភៈនេះថា ជារៀងរាល់ឆ្នាំសិក្សាក្រសួងបានរៀបចំវាយតម្លៃនាយកសាលាល្អគ្រូបង្រៀនល្អ និង សាលាស្អាតដោយផ្អែកតាមគោលការណ៍លក្ខណៈវិនិច្ឆ័យនិងនីតិវិធីដែលបានកំណត់បន្ទាប់ពីមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តបានផ្ញើផលវាយតម្លៃកំរិតមន្ទីរមកក្រសួងព្រមទាំងផ្ដល់ពានរង្វាន់សម្ដេចតេជោហ៊ុនសែនជូនដល់ជ័យលាភីនាយកសាលាល្អគ្រូបង្រៀនល្អសាលាស្អាតផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់ឆ្នាំនេះក្រសួងនៅតែបន្តវាយតម្លៃជ្រើសរើសនាយកសាលាល្អគ្រូបង្រៀនល្អនិងសាលាស្អាតដើម្បីផ្ដល់ពានរង្វាន់ជូនដល់ជ័យលាភីក្នុងអង្គសន្និបាតបូកសរុបការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០១៩ ២០២០និងទិសដៅការងារឆ្នាំសិក្សា២០២០ ២០២១។
លោករដ្ឋមន្ត្រីបានបន្តទៀតថា «ក្នុងន័យនេះ ដើម្បីឲ្យដំណើរការវាយតម្លៃរបស់ក្រសួងអាចប្រព្រឹត្តទៅបានក្រសួងអប់រំយុវជននិងកីឡាស្នើដល់ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តរៀបចំយន្តការនិងនីតិវិធីជ្រើសរើសនាយកសាលាល្អគ្រូបង្រៀនល្អថ្នាក់ទី៤ និងសាលាស្អាតដោយរាជធានីខេត្តនីមួយៗត្រូវជ្រើសរើសនាយកសាលាល្អ១រូបគ្រូបង្រៀនល្អ១រូបនិងសាលាស្អាត១សាលាក្នុងរាជធានីខេត្តមួយផ្អែកតាមលក្ខណៈវិនិច្ឆ័យ ដែលក្រសួងបានកំណត់និងភ្ជាប់ជាមួយនូវកំណត់ហេតុចុះវាយតម្លៃបញ្ជីបេក្ខភាពរបាយការណ៍លក្ខណៈវិនិច្ឆ័យដែលបានវាយតម្លៃឯកសារដែលពាក់ព័ន្ធក្នុងដំណើរការវាយតម្លៃវីដេអូសកម្មភាពរយៈពេល៣០នាទីបទបង្ហាញផ្អែកលើសូចនាករវាយតម្លៃរយៈពេល៣០នាទីដោយភ្ជាប់ឯកសារគាំទ្ររួចបញ្ជូនមកក្រសួងអប់រំយុវជននិងកីឡាឲ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដើម្បីវាយតម្លៃជ្រើសរើសនិងជំហានចុងក្រោយចុះទៅវាយតម្លៃផ្ទាល់»៕
ដោយ ៖ សំអឿន