ព័ត៌មានជាតិ
សម្ដេចធិបតី៖ ការពង្រឹងសុខភាពប្រជាពលរដ្ឋ ត្រូវពង្រឹងពេទ្យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការលើស្ទួយសុខភាពប្រជាពលរដ្ឋគឺតាមរយៈ ការពង្រឹងវិស័យសុខាភិបាល និងមន្ទីរពេទ្យ ពោលគឺ ការពង្រឹងសុខភាពប្រជាពលរដ្ឋ ត្រូវពង្រឹងពេទ្យ។ ការថ្លែងនេះ ធ្វើឡើងខណៈសម្ដេចធិបតី អញ្ជើញចូលរួម ពិធីសម្ពោធ “អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” ក្រោមអធិបតីភាព សម្តេចធិបតី និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកចិត្តទុកដាក់ទៅលើការពង្រឹង និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាគោលដៅចម្បងដែលអាចឱ្យយើងធានាការអភិវឌ្ឍដោយចេរភាព ខណៈការអភិវឌ្ឍវិស័យសុខាភិបាល គឺសំខាន់ និងត្រូវការការបណ្ដុះបណ្ដាល ទាំងធនធានមនុស្ស គ្រឿងបំពាក់ ពិសេសសមត្ថភាពរបស់មន្ទីរពេទ្យ។

សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា សម្រាប់ការពង្រឹងសេវាសុខាភិបាល គឺការធ្វើទំនើបកម្ម និងលើកកម្ពស់សមត្ថភាពក្នុងការផ្ដល់សេវាជំងឺគ្រប់ប្រភេទ ពិសេសជំងឺកម្រិតធ្ងន់។ ការលើស្ទួយសុខភាពប្រជាពលរដ្ឋតាមរយៈ ការពង្រឹងវិស័យសុខាភិបាល និងមន្ទីរពេទ្យ ហើយយើងក៏បើកឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ប៉ុន្តែខ្ញុំនិយាយក្នុងក្របខណ្ឌពេទ្យរដ្ឋ អ៊ីចឹងការពង្រឹងសុខភាពប្រជាពលរដ្ឋ ត្រូវពង្រឹងពេទ្យ។ អ្វីដែលសំខាន់ត្រូវការពង្រឹងសមត្ថភាព គឺការពង្រីកវិសាលភាព យើងមិនពង្រឹងតែមួយកន្លែងទេ យើងពង្រីកវិសាលភាពដោយរុញឱ្យកៀកប្រជាពលរដ្ឋ។ ពង្រីកទាំងសមត្ថភាពនៅកន្លែង គឺពីមុនយើងអាចព្យាបាល១០០គ្រែ ឥឡូវយើងពង្រីកអាចព្យាបាលដល់៣០០គ្រែ”។

សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា៖ “ប៉ុន្តែពង្រីកសមត្ថភាពដល់មូលដ្ឋាន យើងមិនអាចប្រមូលផ្ដុំនៅតែរាជធានីបានទេ ជំហានមួយ យើងធ្វើនៅថ្នាក់ជាតិ ប៉ុន្តែឥឡូវយើងចាប់ផ្ដើមរុញបន្ត ធ្វើយ៉ាងណាឱ្យសេវាដល់មូលដ្ឋាន ទៅតាមកម្រិត និងសមត្ថភាពដែលយើងអាចធ្វើបាន”។

គួរបញ្ជាក់ថា “អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់” បម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃជិត ២០ លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់ និងមានតួនាទីផ្តល់សេវាផ្សេងៗគ្នា។

ជាន់ផ្ទាល់ដី៖ ប្រើសម្រាប់ផ្តល់សេវាពិគ្រោះជំងឺក្រៅ, សេវាសង្គ្រោះបន្ទាន់, សេវារូបភាពវេជ្ជសាស្ត្រ, ផ្នែកគាំទ្រសេវា, ផ្នែកបោកគក់ និងបន្ទប់ដាក់ម៉ាស៊ីនភ្លើង។ ជាន់ទី១៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកប្រពោធកម្មវះកាត់, ផ្នែកសល្យាគារ និងសណ្តំ និងផ្នែកស្តេរីល និងគ្រប់គ្រងឧបករណ៍។ ជាន់ទី២៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រឆ្អឹងសន្លាក់ និងរបួសគ្រាំគ្រា និងផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់ក និងសល្យាសាស្ត្រមុខ និងថ្គាម។ ជាន់ទី៣៖ ប្រើសម្រាប់ផ្តល់សេវាផ្នែកសល្យាសាស្ត្រសរីរាង្គពោះ និងទ្រូង, ផ្នែកសល្យាសាស្ត្រប្រព័ន្ធម៉ូត្រសាស្ត្រ និងផ្នែកសល្យាសាស្ត្រប្រព័ន្ធប្រសាទ៕



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?