Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩សព្វថ្ងៃមានប្រសិទ្ធភាពចំពោះវីរុសបំប្លែងថ្មីឬទេ?

បានផុស

នៅ

ថ្មីៗនេះអង្គការសុខភាពពិភពលោក បានបង្ហាញរបកគំហើញប្រភពមេរោគកូវីដ-១៩ដែលបានបំប្លែងថ្មី ចេញពី៣ប្រទេស គឺអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ដែលកំពុងចម្លងប្រជាជនជាង១០០ប្រទេសលើសកលលោក។ ក្នុងនោះកម្ពុជាក៏បានរកឃើញនូវប្រភេទមេរោគកូវីដ-១៩ប្រភេទថ្មីនេះផងដែរ។

ស្របពេលព្រះរាជាណាចក្រកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំង Sinopharm ជូនក្រុមអាទិភាពចាប់ពីថ្ងៃទី១០ កុម្ភៈនេះមក តើវ៉ាក់សាំងបច្ចុប្បន្ននេះ មានប្រសិទ្ធភាពអាចបង្ការមេរោគកូវីដ-១៩បំប្លែងថ្មីនោះដែរឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី លោកស្រី ឱ វណ្ណឌីន   រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា លោកស្រីធ្លាប់បានអាននូវអត្ថបទជាច្រើន ដែលគេបានសិក្សាស្រាវជ្រាវរួចមកហើយ រួមទាំងអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងនៅតែមានផលប្រយោជន៍សម្រាប់បុគ្គលក្នុងការបង្កើតបាននូវកងការពារសម្រាប់ទប់ស្កាត់នូវការវាយលុកធ្ងន់ធ្ងរពីវីរុសកូវីដ-១៩ មិនថាវីរុសបច្ចុប្បន្ន ឬវីរុសបំប្លែងទេ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ប៉ុន្តែដែលអ្នកវិទ្យាសាស្ត្រកំពុងសិក្សាបន្តនោះ គឺមិនទាន់មានភស្តុតាងណាឱ្យបានច្បាស់លាស់ដែលបានមកពីការសិក្សាវិទ្យាសាស្ត្រនេះ ដើម្បីបញ្ជាក់ថាតើ ប្រសិទ្ធភាពហ្នឹង វាមានប៉ុន្មានភាគរយ។ រឿងហ្នឹងដែលយើងកំពុងរង់ចាំ”។

រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បញ្ជាក់បន្តថា៖ “ឥឡូវយើងកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការវាយលុកទាំងពីវីរុសកូវីដ-១៩បច្ចុប្បន្នផង និងវីរុសបំប្លែងថ្មីផង។ សំណួរសួរថា តើយើងសុខចិត្តទុកខ្លួនយើងឱ្យមានទ្វារធំសម្រាប់ឱ្យវីរុសហ្នឹងចូលមកក្នុងខ្លួនយើងកាន់តែស្រួលដោយយើងអត់មានអីការពារ ឬក៏យើងត្រូវរកអីដើម្បីការពារវា។

លោកស្រី មានប្រសាសន៍បន្តថា អ្វីដែលជាការណ៍សំខាន់ គឺជាការសម្រេចចិត្តរបស់បុគ្គលដោយស្ម័គ្រចិត្ត ក្រោយពីមានការយល់ដឹងច្បាស់អំពីគុណប្រយោជន៍ អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង អំពីវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នៃការរាលដាល ជាពិសេសការចាក់វ៉ាក់សាំងនោះ គឺសម្រាប់បង្ការតែខ្លួនឯង។

លោកស្រី ឱ វណ្ណឌីន បានពន្យល់បន្ថែមថា៖ “បើខ្ញុំចាក់ហើយ គឺសម្រាប់ខ្លួនខ្ញុំ មិនអាចសមាជិកគ្រួសារខ្ញុំមានកងការពារមេរោគ អត់ឱ្យឈឺធ្ងន់ ឬស្លាប់នោះទេ។ ការចាក់វ៉ាក់សាំង ជាការរួមចំណែកក្នុងការទប់ស្កាត់បាននូវការចម្លងរាតត្បាតទ្រង់ទ្រាយធំ ក៏ដូចជាកាត់បន្ថយបាននូវការពិនិត្យ និងព្យាបាលអ្នកជំងឺ”។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា អ្នកវិទ្យាសាស្ត្របានពិនិត្យឃើញហើយ នៅបណ្ដាប្រទេសមួយចំនួនដែលបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋខ្លះបាន៦០ភាគរយ ឬដល់៧៥ភាគរយ គឺបានថយចុះអ្នកជំងឺជាច្រើន ពិសេសអ្នកជំងឺធ្ងន់ធ្ងរ ដោយសារការវាយលុកពីវីរុសកូវីដ-១៩ ក៏មានការថយចុះច្រើនដែរ។  

គួររំលឹកថា ក្នុងខែកុម្ភៈ​ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដ-១៩ ចំនួន៣ គឺ Sinopharm COVID-19 និង Sinovac’s COVID-19 ដែលផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និងវ៉ាក់សាំង AstraZeneca’s COVID-19 ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្ដាប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization)។

មកដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ អង្គការសុខភាពពិភពលោក WHO បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងក្នុងគ្រា​អាសន្នចំនួន៣ មានវ៉ាក់សាំង Pfizer និងវ៉ាក់សាំង២ទៀត ឈ្មោះតែមួយគឺ Astrazeneca មួយមកពីកូរ៉េខាងត្បូង និងមួយទៀតផលិតនៅប្រទេសឥណ្ឌា។

WHO បានបញ្ជាក់ថា មានបេក្ខភាពវ៉ាក់សាំងផ្សេងៗទៀតដែលស្ថិតក្នុងដំណាក់កាលចុងក្រោយ ក្រោមការវាយតម្លៃរបស់WHO រួមទាំងវ៉ាក់សាំងពីប្រទេសចិនគឺ Sinopharm​ និង Sinovac ផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានអត្ថបទពាក់ព័ន្ធ៖

កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ប្រភេទថ្មី ចំនួន៦ករណី

ហេតុអ្វីតំណាង WHO ប្រចាំកម្ពុជា និងនាយិកាវិទ្យាស្ថានប៉ាស្ទ័រមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៤ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម