ព័ត៌មានជាតិ
កម្ពុជា អំពាវនាវភាគីពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបបញ្ហាសុខភាពជាសកល
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល។

ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអញ្ជើញថ្លែងសុន្ទរកថាក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី ៧៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ២៨ ឧសភា។
លោករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណដល់អង្គការសុខភាពពិភពលោក និងគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបាននិងកំពុងចូលរួមគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា រហូតសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សនាពេលកន្លងមក។

លោករដ្ឋមន្ត្រី បានបន្តថា ចំពោះមុខទំហំ នៃកិច្ចការរួម ជាពិសេសរបៀបវារៈ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការដែលយើងធ្វើសកលភាវូបនីយកម្មពាណិជ្ជកម្មជាការចាំបាច់ បន្ថែមពីនោះសកលភាវូបនីយកម្មសុខាភិបាលរឹតតែមានសារៈសំខាន់ ព្រោះថាការចែករំលែកព័ត៌មានទិន្នន័យ ចំណេះដឹងផ្នែកសុខភាព ព្រមទាំងធនធាន យុទ្ធវិធីក្នុងដំណោះស្រាយបញ្ហាសុខភាព និងការព្យាបាល ជាពិសេសនវានុវត្តន៍ផ្នែកសុខភាពប្រកបដោយសមធម៌ គឺជាកត្តាកំណត់ប្រសិទ្ធភាពខ្ពស់ក្នុងការសម្រេចបានជោគជ័យរួមជាសកល»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសាមគ្គីភាព លើភាពរឹងមាំ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំជួយពង្រឹងសន្តិសុខ និងស្វ័យភាពសុខភាព នៃរដ្ឋជាសមាជិក។ ដូច្នេះការចូលរួម នៃរដ្ឋសមាជិក ក្នុងកិច្ចការខិតខំប្រឹងប្រែងរួមគ្នាកសាងពិភពលោកមួយប្រកបដោយសមធម៌ មានសមត្ថភាពប្រឈមមុខនឹងហានិភ័យសុខភាព រួមគ្នាផ្លាស់ប្ដូរទំនាក់ទំនងសេដ្ឋកិច្ចសកល ឈានទៅគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសុខភាពពិភពលោក ការពង្រឹង និងពង្រីកការយល់ដឹងពីទ្រព្យសាធារណៈសកលផ្នែកសុខភាព ជាពិសេសថ្នាំបង្ការក្នុងស្ថានភាពអាសន្ន នៃជំងឺរាតត្បាត ដើម្បីស្ដារឡើងវិញនូវសមភាពចំពោះមុខការប្រឈមនឹងជំងឺ និងការពង្រឹងក្របខ័ណ្ឌនិយ័តកម្មសកលរឹងមាំជាងមុន ប្រកបដោយភាពធន គឺជាកត្តាគន្លឹះដែលនាំឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
គួរបញ្ជាក់ថា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល ចូលរួមក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី ៧៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


