ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ ការឧបត្ថម្ភរបស់ ក្រុមហ៊ុន ជីប ម៉ុង នឹងជួយ អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយក្នុងការកសាងមូលធនមនុស្ស
នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ក្នុងឱកាសនៃកិច្ចសហប្រតិបត្តិការនេះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប គូសបញ្ជាក់ថា ដើម្បីជាការគោរពដឹងគុណចំពោះម្លប់សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ និងដើម្បីសម្រេចបាននូវបេសកកម្មរួមគ្នាក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា គណៈគ្រប់គ្រងក្រុមហ៊ុន ជីប ម៉ុង នឹងបន្តផ្តល់កិច្ចឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដូចដែលក្រុមហ៊ុន បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបណ្តាស្ថាប័ននានា លើគ្រប់វិស័យ នាពេលកន្លងមក។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានថ្លែងអរគុណចំពោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបាន និងកំពុងផ្តល់កិច្ចឧបត្ថម្ភគាំទ្រដល់សមាគម អ.ម.ត ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ហើយខណៈនេះបន្តឧបត្ថម្ភជាទឹកប្រាក់ចំនួន ១ លានដុល្លារអាម៉េរិក បន្ថែមសម្រាប់ឆ្នាំ ២០២៤-២០២៨ ។ លោកជំទាវបណ្ឌិត បានសង្កត់ផងដែរថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក “មនុស្ស” ជាអាទិភាពគន្លឹះទី១ សំដៅដល់ការកសាងមូលធនមនុស្សរឹងមាំ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា កិច្ចសហការ និងឧបត្ថម្ភ ពីសំណាក់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអនុញ្ញាតឱ្យសមាគម អ.ម.ត ពង្រីកវិសាលភាពទូលំទូលាយបន្ថែមទៀត ក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
សូមបញ្ជាក់បន្ថែមផងដែរថា សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានបេសកកម្មក្នុងការផ្ដល់ឱកាសអាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រនៅកម្ពុជាដែលពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តការសិក្សានៅគ្រប់កម្រិត និងឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា៕





-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


