ព័ត៌មានជាតិ
អភិបាលរងរាជធានី ស្នើឲ្យមន្ត្រីត្រូវប្រើថវិកាជាតិ ឲ្យដូចប្រើថវិកាក្នុងគ្រួសារ និងកុំបង្កការថ្នាំងថ្នាក់ដល់ពលរដ្ឋ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានស្នើអោយមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិកាជាតិ អោយដូចការប្រើប្រាស់ថវិកានៅក្នុងគ្រួសារ និងកុំបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តគម្រោង ដូចជាការជីកដាក់លូទុកចោល និងការដាក់ខ្នោះលូនៅមុខផ្ទះប្រជាពលរដ្ឋយូថ្ងៃជាដើម។

ការស្នើបែបនេះរបស់លោក កើត ឆែ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ខណៈលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៥-២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី កែវ រ័ត្នតារា សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សារឿន សុកូល អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិកាជាតិ អោយដូចការប្រើប្រាស់ថវិកានៅក្នុងគ្រួសារ។ កុំបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តគម្រោង ដូចជា ការជីកដាក់លូទុកចោល និងការដាក់ខ្នោះលូនៅមុខផ្ទះប្រជាពលរដ្ឋយូថ្ងៃជាដើម។ ជាធម្មតា បើប្រទេសជាតិមិនរីកចំរើន សង្គមគ្រួសារក៏មិនរីកចំរើនដូចគ្នា។ យើងជាកោសិកាសង្គម ដូច្នេះយើងត្រូវរួមគ្នាធ្វើអោយសង្គមយើងរីកចំរើន។

លោក កើត ឆែ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដាក់ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅពង្រឹងសមត្ថភាពដល់មន្ត្រីហិរញ្ញវត្ថុ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ឱ្យស្វែងយល់បន្ថែមអំពីនីតិវិធីបច្ចេកទេស ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧ និងការរៀបចំផែនការ ថវិកាប្រចាំឆ្នាំ២០២៥ ព្រមទាំងការអនុវត្តថវិកាប្រចាំឆ្នាំផងដែរ ជាពិសេសការពន្លឿនអនុវត្តកិច្ចលទ្ធកម្មសំណង់ របស់រដ្ឋបាលសង្កាត់ ដែលកន្លងមកមានភាពយឺតយ៉ាវ។

លោកបន្តថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ សំដៅធានានូវការគ្រប់គ្រង និងចាត់ចែងថវិកា ឱ្យចំទិសដៅ និងទាន់សភាពការណ៍ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងដំណើរវិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក ជាដំណាក់កាលៗ នៃសសរស្តម្ភកំណែទម្រង់ នោះគឺ «ភាពជឿទុកចិត្ត នៃថវិកា”, “គណនេយ្យភាពហិរញ្ញវត្ថុ”, “ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ»និងថវិកាសមិទ្ធកម្ម។

លោកបន្ថែមទៀតថា គិតត្រឹមឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានី ខេត្ត ទាំង២៥ កំពុងអនុវត្តថវិកាកម្មវិធី ហើយរដ្ឋបាលខណ្ឌទាំង១៤ ក៏បានអនុវត្តថវិកាកម្មវិធីផងដែរ។ សម្រាប់ការរៀបចំគម្រោងថវិកាឆ្នាំ២០២៥ លោកស្នើឱ្យទីចាត់ការហិរញ្ញវត្ថុពិនិត្យ និងសិក្សាអំពីលទ្ធភាពចំណូលរបស់រដ្ឋបាលរាជធានីភ្នំពេញ មុននឹងរៀបចំគម្រោងចំណាយ។ ត្រូវយកចិត្តទុកដាក់ក្នុងការធ្វើអាទិភាវូបនីយកម្មចំណាយ។ ត្រូវរៀបចំគម្រោង ថវិកាលម្អិត ឱ្យបានរួសរាន់រួចត្រូវដាក់ឆ្លងក្រុមប្រឹក្សាខណ្ឌ ដើម្បីអនុម័តមុននឹងបញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញ។

លោក កើត ឆែ បានបន្តទៀតថា ថវិកាគឺអាចប្រៀបដូចជា «កាំបិតមុខពីរ» បើយើងសំលៀងកាំបិតត្រូវ នឹងមុតល្អ ហើយប្រើប្រាស់ឱ្យចំមុខងារនៃកាំបិតនោះ គឺប្រៀបដូចយើងគ្រោងថវិកាបានត្រឹមត្រូវ និងប្រើប្រាស់ថវិកានោះដោយមានយន្តការច្បាស់លាស់ នោះយើងនឹងទទួលបានលទ្ធផលការងារល្អគួរជាទីគាប់ចិត្ត និងការសាទរពីប្រជាពលរដ្ឋថែមទៀត។ ប៉ុន្តែ ប្រសិនបើ ការរៀបចំគម្រោងថវិកាបានល្អរួច តែបែរជាគ្មានការរៀបចំយន្តការការងារ ការបញ្ចៀសនូវផលប៉ះពាល់ ការជូន ដំណឹងដល់ប្រជាពលរដ្ឋ និងកាលវិភាគការងារច្បាស់លាស់នោះទេ វានឹងបង្កឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ការធ្វើដំណើរ និងការប្រកបរបរអាជីវកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយជាលទ្ធផល យើងនឹងទទួលបានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និងអាចឈានដល់ការរិះគន់ថា ការប្រើប្រាស់ថវិការដ្ឋគឺមិនចំគោលដៅ និងខ្ជះខ្ជាយដូច « កញ្ជើធ្លុះ » ទៅវិញ ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


