ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន «បើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»
«បើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សមាជិកព្រឹទ្ធសភាជប៉ុន។ សម្ដេចតេជោ សែន ថា បើគ្មានសន្តិភាពទេ គឺជំនួយរបស់ភាគីជប៉ុនក្នុងការដោះមីននៅកម្ពុជា ក៏មិនអាចទៅរួចដែរ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់សម្ដេច ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ សម្តេចតេជោ បានប្រៀបធៀបថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូល។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះមានសន្តិភាព ទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ»។ ពាក់ព័ន្ធទៅនឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបានសម្តេចតេជោ បញ្ជាក់ថា ត្រូវតែដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាបានសន្តិភាព ។ ដូច្នេះ ការរក្សាឱ្យបាននូវតុល្យភាពនៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាពពិតប្រាកដ។

ការលើកឡើងទាំងនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចទទួលជួបជាមួយលោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា ភ្នំពេញ។ លោក យ៉ាម៉ាគូជិ ណាត់ស៊ូអូ បានជម្រាបសម្តេចតេជោ ថា លោក ធ្លាប់មកបានបំពេញទស្សនកិច្ចនៅកម្ពុជា លើកទីមួយ ក្នុងឆ្នាំ១៩៩១ ដែលពេលនោះកម្ពុជានៅមានក្រុមប្រដាប់អាវុធរហូត៤ក្រុម ហើយនៅមានសង្គ្រាមនៅឡើយ ខណៈនៅឆ្នាំ១៩៩២ ជប៉ុនបានសម្រេចចិត្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកម្ពុជា លោក ក៏បានមកកម្ពុជាចំនួន២ដងទៀត។

សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គឺមានរយៈពេលជាង៣២ឆ្នាំ គិតពីពេលដែលលោក មកប្រទេសកម្ពុជាដំបូង លោកពិតជាភ្ញាក់ផ្អើលខ្លាំងនូវភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។ សមាជិកព្រឹទ្ធសភាជប៉ុនរូបនេះ បានកោតសរសើរពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់នេះ។
សម្តេចតេជោ បានអរគុណលោក យ៉ាម៉ាគូជិ ចំពោះការរំលឹកពីដំណើរទស្សនកិច្ចមកកម្ពុជាក្នុងអំឡុងជាង៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជាកំពុងមានសង្រ្គាមនៅឡើយ និងសូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយ ក៏សង្រ្គាមមិនទាន់បានបញ្ចប់ទាំងស្រុងដែរ។ សម្តេចតេជោ ចាត់ទុកលោក យ៉ាម៉ាគូជិ ជាសាក្សី រស់ ដែលបានមើលឃើញពីការពិតនៃការអភិវឌ្ឍរបស់កម្ពុជា ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


