Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ៖ អ្នកណាក៏ខ្វល់ខ្វាយរឿងជាតិដែរ តែកុំខ្វល់ខ្វាយជ្រុលដោយគ្មានហេតុផល

បានផុស

នៅ

គ្មានជនជាតិណាឈឺឆ្អាល ខ្វល់ខ្វាយ និងស្រលាញ់ជាតិជាងប្រជាពលរដ្ឋខ្មែរខ្លួនឯងឡើយ តែសូមកុំព្រួយបារម្ភ ខ្វល់ខ្វាយជ្រុលហួស ដែលមិនសមទំនង។ នេះជាការលើកឡើងរបស់ប្រមុខក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី​ ស សុខា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញភាពស្ញប់ស្ញែងចំពោះកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សំដៅរួមចំណែកគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍន៍ផ្លូវក្រវាត់នៅតាមតំបន់ព្រំដែន។

លោកឧបនាយករដ្ឋមន្រ្តី ចាត់ទុកការរួមចំណែកនេះ ថា ជាការបង្ហាញច្បាស់ទឹកចិត្តខ្វល់ខ្វាយ និងឈឺឆ្អាលប្រកបដោយវិជ្ជមានរបស់ប្រជាពលរដ្ឋចំពោះជាតិមាតុភូមិ ដោយមិនអាចប្រកែកបានឡើយ។ លោក លើកឡើងថា គ្មានជនជាតិណាឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់ជាតិ និងចង់ឃើញភាពរីកចម្រើនរបស់ជាតិក្រោមម្លប់សុខសន្តិភាព ជាងប្រជាពលរដ្ឋខ្មែរនោះឡើយ។

ក្នុងន័យនេះ លោក ស សុខា បានគូសបញ្ជាក់ថា កន្លងមក និងថ្មីៗនេះ អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានបន្តប្រើមនោគមវិជ្ជានយោបាយបំផ្លាញផលប្រយោជន៍ជាតិ តាមរយៈការប៉ុនប៉ងធ្វើសកម្មភាពចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខក្នុងប្រទេស ដោយជ្រកក្រោមលេសខ្វល់ខ្វាយមិនសមហេតុផលទាំងលើគម្រោងព្រែកជីក ហ្វូណនតេជោ និងការអភិវឌ្ឍតំបន់ព្រំដែនជាប់ប្រទេសឡាវ និងវៀតណាម។

ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកសកម្មភាពក្រុមនិន្នាការប្រឆាំងជ្រុលនិយមនេះ ថា​ ជាការធ្វើនយោបាយតាមរបៀបស្មោកគ្រោគ ឃោសនាញុះញង់ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ជាតិ។ លោក បានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្ដេចធិបតី ដោយបសង្កត់ធ្ងន់ថា គ្មានរដ្ឋាភិបាលណា ចំណាយធនធានទៅអភិវឌ្ឍន៍ជាតិ ដើម្បីបម្រើផលប្រយោជន៍បរទេសឡើយ ហើយក៏គ្មានអ្នកដឹកនាំណាដែលដឹកនាំប្រទេសនាំឱ្យបាត់បង់ទឹកដីនោះដែរ។

ការលើកឡើងរបស់ប្រមុខក្រសួងមហាផ្ទៃខាងលើ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអតីតមន្រ្តីរាជការក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនាមអតីតថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិមុន និងក្នុងនាមសម្ដេចធិបតី នាយករដ្ឋមន្រ្តីបច្ចុប្បន្ន លោក ស សុខា បានអរគុណអតីតមន្រ្តីរាជការទាំងអស់ដែលបានរួមចំណែកបំពេញការងារបម្រើជាតិ និងប្រជាជន ជាពិសេសការពារសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិគ្រប់ដំណាក់កាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម