ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំអភិបាលខេត្ត និងស្នងការខេត្ត៣ទៅឡាវ ដើម្បីបង្កើនល្បឿនទប់ស្កាត់គ្រឿងញៀនឆ្លងដែន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា នៅល្ងាចថ្ងៃទី២៤ ខែមីនា នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ លោក ស ថេត, អភិបាលខេត្ត និងស្នងការខេត្តចំនួន៣ នៅជាប់ព្រំដែនឡាវ ដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង និងរតនគិរី ទៅចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការឆ្នាំចាស់ និងដាក់ចេញនូវផែនការការងារឆ្នាំថ្មីនៅរដ្ឋធានីវៀងចន្ទន៍។

ក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកសារព័ត៌មាន ចោទជាសំណួរទៅកាន់អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ហេតុអ្វីបានជាទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំអភិបាលខេត្ត និងស្នងការខេត្តជាប់ព្រំដែនឡាវទាំង៣ទៅចូលរួមកិច្ចប្រជុំ?

អ្នកនាំពាក្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក រ៉េន រតនៈ ឆ្លើយតបថា មូលហេតុដែលតម្រូវឱ្យមានវត្តមានអភិបាល និងស្នងការខេត្តជាប់ព្រំដែនឡាវទាំងបីចូលរួម គឺព្រោះតែ កម្ពុជា ចង់បញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារសហការគ្នាឱ្យកាន់តែសកម្ម ការពារសន្តិសុខតាមបន្ទាត់ព្រំដែន និងទប់ស្កាត់បញ្ហាគ្រឿងញៀនឆ្លងដែន និងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំងប្រជាជនចេញចូលជា ធម្មតាប្រចាំថ្ងៃ និងប្រជាជនជាភ្ញៀវទេសចរ ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងទប់ស្កាត់រាល់បាតុភាពទាំងឡាយដែលនាំឱ្យ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងសងខាង ក៏ដូចជាមនុស្សជាតិទាំងមូល។

លោក រ៉េន រតនៈ សង្កត់ធ្ងន់ដូច្នេះ៖«ខ្ញុំចង់ទាញភ្ជាប់ទៅនឹងវត្តមាន លោកស្នងការនគរបាលខេត្តទាំងបី ដែលជាប្រតិបត្តិករ ធានាថែរក្សាសន្តិសុខ តាមរយៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆ្លងដែន ដូចជា ការដឹកជញ្ជូនគ្រឿង ញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន អំពើជួញដូរមនុស្សគ្រប់ទម្រង់ អំពើឆបោកតាមប្រព័ន្ធអ៉ិនធឺណិត និងសកម្មភាព ឆ្លងដែនខុសច្បាប់ជាដើម។ខ្ញុំសូមបញ្ជាក់បន្តិចថា ផ្អែកតាមបទពិសោធន៍ និងការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ គ្រឿង ញៀននៅកម្ពុជាភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ហើយត្រូវបានលួចលាក់នាំចូលមកកម្ពុជា៤៥ភាគរយតាម ព្រំដែន ពិសេសព្រំដែនខេត្តព្រះវិហារ និងស្ទឹងត្រែង ខណៈ៣៩ភាគរយទៀតមកតាមព្រំដែនគោក កម្ពុជា-ថៃ។ ជារួម ៩៣ ភាគរយ នៃគ្រឿងញៀនដែលនាំចូលនោះ គឺមានគោលដៅនាំចេញទៅប្រទេសនានា តាមច្រកសមុទ្រ ផ្លូវគោក ផ្លូវអាកាស និងបញ្ញើប្រៃសណីយ៍ជាដើម។ ដូច្នេះ សំខាន់ណាស់ដែលមានវត្តមានអភិបាលខេត្ត និងស្នងការនគរបាលខេត្តទាំង៣ចូល រួមទស្សនកិច្ចនេះ»។

គួរជ្រាបថា លោក ស សុខា នឹងបំពេញទស្សនកិច្ចការងារនៅឡាវ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចការងារនេះ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ។ នៅលើទឹកដីឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា នឹងចូលជួបជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ព្រមទាំងអញ្ជើញដាក់កម្រងផ្កានៅវិមានរម្លឹកវីរជនពលី និងបន្តទៅទស្សនកិច្ចទីតាំងសំខាន់មួយចំនួនទៀត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម