Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​បរិស្ថានកម្ពុជា៖ អនាគត​មហាអនុតំបន់ទន្លេមេគង្គ ចាំបាច់ត្រូវ​រួមគ្នា​ទទួល​ខុសត្រូវ​ការពារបរិស្ថាន​

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើកទី ៦ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហាអនុតំបន់​មេគង្គ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) នៅ​ព្រឹកមិញ​​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា បាន​មើល​ឃើញ​​ពី​ភាព​ចាំបាច់​សម្រាប់​ការ​រួមគ្នាទទួលខុសត្រូវ​ ​ក្នុងកិច្ច​ការពារកំណប់​​ទ្រព្យ​ធនធាន​បរិស្ថាន ដើម្បី​អនាគត​មហាអនុតំបន់ទន្លេមេគង្គ GMS ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា មហា​អនុ​តំបន់​ទន្លេមេគង្គ គឺជា​តំបន់​ដែល​ប្រមូល​ផ្តុំ​ជីវចម្រុះ និង​ធនធាន​​​ធម្មជាតិ​ដ៏អស្ចារ្យ​ជាច្រើន​ ដែល​គាំទ្រ​ដល់​ការ​ចិញ្ចឹមជីវិត​របស់​មនុស្ស​រាប់​លាននាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រៃឈើ ទន្លេ និងដីសើមមិនត្រឹមតែជាប្រភពធនធាន​សម្រាប់​ជីវិតប៉ុណ្ណោះទេ ថែមទាំងបង្កើត​ជាស្នូល​នៃសេដ្ឋកិច្ច និង​មាន​ទំនាក់ទំនងយ៉ាងជ្រាលជ្រៅ​ទៅនឹងអត្តសញ្ញាណវប្បធម៌ និង​ស្មារតីរបស់​ប្រជាជន​ក្នុង​តំបន់។

ទោះជាយ៉ាងណាក៏ដោយ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច រួម​ទាំង​កំណើន​ឧស្សាហូបនីយកម្ម បាន​បង្ក​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ ការបាត់បង់​ជីវចម្រុះ ភាព​កខ្វក់ និង​ការអភិវឌ្ឍន៍​ដែលមិនស្ថិតស្ថេរ។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា ការសហការក្នុងតំបន់​មាន​សារៈសំខាន់​ណាស់។

«បញ្ហាប្រឈមទាំងនេះ​ទាមទារដំណោះស្រាយរួមគ្នា ហើយតាមរយៈកិច្ចសហប្រតិបត្តិការ អាច​សម្រេច​បាន​ច្រើន​ជាងអ្វី​ដែលពួកយើងអាចធ្វើតែម្នាក់ឯង។ ​ក្រោមក្របខណ្ឌ​នៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន GMS យើងអាចសម្រេច​បាននូវគោលដៅរួម​របស់យើងដើម្បី​​ជាប្រយោជន៍​និរន្តរភាពបរិស្ថាន»។

លោក អ៊ាង សុផល្លែត បញ្ជាក់ថា តាមរយៈ​កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន GMS បាន​ផ្តល់​នូវវេទិកាពិសេសមួយសម្រាប់​ការ​ពង្រឹង​ភាព​ជាដៃគូ ចែករំលែកចំណេះដឹង និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង​​ដើម្បីដោះស្រាយ​បញ្ហា​ ដើម្បី​រួម​គ្នា​កសាងអនាគតនិងនិរន្តរភាពសម្រាប់​មហាអនុតំបន់មេគង្គ ដោយ​ធានាថារតនសម្បត្តិធម្មជាតិ​ត្រូវបានរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ។

ចាប់តាំងពីការបង្កើតនៅឆ្នាំ ២០០៦ ក្រុមការងារ GMS ស្តីពីបរិស្ថាន (WGE) ដោយ​មាន​ការ​គាំទ្រពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការជំរុញកិច្ច​សហប្រតិបត្តិការ​អនុតំបន់។

បើតាមរដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​កម្ពុជា ប្រទេសកម្ពុជាកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព តាមរយៈ​ការ​ដាក​ឲ្យ​អនុវត្តគោលនយោបាយ​ពង្រឹងការ​ការពារបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតង រួមទាំង​ក្រមបរិស្ថាន និងធនធានធម្មជាតិ និងសារាចរណែនាំយុទ្ធសាស្ត្រស្តីពីបរិស្ថាន ២០២៣-២០២៨។

ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួល​អាកាសធាតុ និងកាត់បន្ថយការបំពុលប្លាស្ទីក កម្ពុជាបាន​ដាក់ចេញនូវគំនិតផ្តួចផ្តើម​ដូចជាយុទ្ធនាការដាំដើមឈើទូទាំងប្រទេស និងយុទ្ធនាការប្រឆាំង​ផ្លាស្ទិក។ ក្នុងនាមជាប្រទេសហត្ថលេខីនៃ UNFCCC និងកិច្ចព្រមព្រៀងបៃតងអាស៊ាន កម្ពុជា​បាន​ប្តេជ្ញា​ចិត្តចំពោះ​កិច្ចខិតខំប្រឹងប្រែង​ជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកសាងអនាគតប្រកបដោយចីរភាព។

កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) បើក​ជាផ្លូវការ​នៅ​ព្រឹកមិញនេះ​ដែលប្រទេសកម្ពុជា​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ ដោយ​មាន​ការ​ចូលរួម​ពីប្រតិភូរដ្ឋមន្រ្តីបរិស្ថាន​នៃបណ្តាប្រទេសជាសមាជិកនៃ​មហា​អនុតំបន់មេគង្គចំនួន ៦ ប្រទេស រួមមាន ប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និង​វៀតណាម។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គ (GMS) គឺជាវេទិកាកម្រិតខ្ពស់​ដែលរដ្ឋមន្ត្រីបរិស្ថាន​មក​ពីបណ្តា​ប្រទេស GMS មករួមគ្នាដើម្បីពិភាក្សា និងសម្របសម្រួល​យុទ្ធសាស្ត្រ និងគោលនយោបាយបរិស្ថានក្នុងតំបន់។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ ត្រូវបានគេរំពឹងថា នឹងអនុម័តនូវឯកសារសំខាន់ចំនួន ២ គឺ១៖ ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត GMS 2030 សម្រាប់ការ​ពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង២៖ សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញ​ស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិកនៅក្នុង GMS៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម