ព័ត៌មានជាតិ
ដំរីព្រៃមួយក្បាលទម្ងន់ប្រមាណ ៣ តោន ប្រទះឃើញដេកស្លាប់នៅខេត្តមណ្ឌលគីរី
ដំរីព្រៃ ឬដំរីអាស៊ី ឈ្មោលមួយក្បាល ដែលមានអាយុប្រហែល ៣០ឆ្នាំ និងមានទម្ងន់ប្រមាណ ៣តោន ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។

លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្រ្តីជំនាញ បានសហការជាមួយមន្រ្តីអង្គការ WCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃ ពីរណ្តៅដី រួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសលវិច័្ចយដោយមន្រ្តីជំនាញនៃការិយាល័យសង្គ្រោះ និងព្យាបាលសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី។
ជំហានដំបូងក្រុមការងារជំនាញនៅទីតាំងបានសន្និដ្ឋានថា ដំរីព្រៃមួយក្បាលនេះប្រហែលជាប់ផុងមួយរយៈពេលមុននឹងស្លាប់ ក្នុងរយៈពេល ១ ថ្ងៃទៅ ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។ តាមការពិនិត្យដោយផ្ទាល់ សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោម ហ្វូងរបស់វាមានចំនួនពី ១០ទៅ ២០ក្បាល ធ្លាប់បានបង្ហាញខ្លួន នៅតំបន់នេះម្តងមកហើយ កាលពីខែមេសាកន្លងទៅ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកការស្លាប់ដំរី ១ក្បាលនេះ ថាជាការបាត់បង់ធនធានធម្មជាតិដ៏មានសារៈសំខាន់។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ហ្វូងដំរីព្រៃ ឬដំរីអាស៊ី នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគីរី បានបង្ហាញខ្លួនជាញឹកញាប់ និងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ ដែលបង្ហាញពីលទ្ធផលបញ្ជាក់ថា ពួកវាកំពុងរស់នៅយ៉ាងសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ហើយអាចបញ្ជាក់បានថា ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតិ។
លោក ខ្វៃ អាទិត្យា ក៏ជំរុញឱ្យមានការចូលរួមពង្រឹងកិច្ចសហការពីអ្នកពាក់ព័ន្ធ ក៏ដូចជាពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងការអភិរក្សសត្វដំរី ជាពិសេសការការពារទីជម្រករបស់របស់វា។ មិនតែប៉ុណ្ណោះ ត្រូវកាត់បន្ថយជម្លោះ រវាងមនុស្សនិងដំរី កុំឱ្យមានការប្រមាញ់សត្វព្រៃ ជាចាំបាច់ និងជួយបង្កើននូវជម្រកបៃតង គឺបង្កើនគម្របព្រៃ សម្រាប់ការរស់នៅសុខសាន្ត របស់ជីវៈចម្រុះដូចជាភេទសត្វដំរីជាដើម។

ដំរីព្រៃ ឬដំរីអាស៊ី គឺជាប្រភេទសត្វដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជនៅលើសកលលោក។ ដំរីនៅអាស៊ី មានប្រមាណពី ៤០ ០០០ ទៅ ៥០ ០០០ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥% រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយដៃគូនាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ ៣៥០ ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។
ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះ ដ៏សម្បូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


