Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ការរៀបចំពិធីបុណ្យចូលខ្មែរធ្វើបានល្អ សូម្បីគ្រោះថ្នាក់ចរាចរណ៍ថយចុះជិត៤០%

បានផុស

នៅ

ប្រមុរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានកត់សម្គាល់ថា ការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ មានស្ថេរភាពល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ហើយពលរដ្ឋបានចូលរួមលេងសប្បាយរីករាយពេញប្រទេស ទោះជាកន្លែងខ្លះមានការវាយតប់គ្នាតិចតួចក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នាថ្ងៃទី ២១ ខែមេសា សម្តេចធិបតី​ ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែងអរគុណដល់រដ្ឋបាលរាជ ធានីខេត្តទាំងអស់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំដឹកនាំរៀបចំ ធ្វើឱ្យបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះកាន់តែមានភាពអធិកអធម ហើយសប្បាយរីករាយទូទាំងប្រទេស។ សម្តេចមានប្រសាសន៍ថា៖«កន្លែងខ្លះមានក្មេងវាយគ្នា ប៉ុន្តែជាទូទៅស្ថេរភាព និងសន្តិសុខបានល្អណាស់ រាល់ការងារដែលរៀបចំនេះ គណៈបញ្ជាការឯកភាពទាំងអស់ព្រួយជាងគេ ពេលដែលមនុស្សជុំគ្នា រាប់ម៉ឺន រាប់ពាន់នាក់ នៅមួយកន្លែងរាំលេង បើមិនការជាន់គ្នាក៏មានការវៃគ្នាដែរ ប៉ុន្តែយើងធ្វើបានល្អ»។ ឆ្នាំនេះ សូម្បីតែគ្រោះថ្នាក់ចរាចរណ៍ ថយជាងឆ្នាំទៅជិត ៤០ ភាគរយ»។

យ៉ាងណាមិញ សម្តេចក៏ទទួលស្គាល់ផងដែរ ដូចជាករណីវាយគ្នាតិចតួច ឈ្លោះប្រកែកគ្នា ចោរឆក់ តែបញ្ហាទាំងនេះត្រូវបានដោះស្រាយ ស្របពេលដែលមនុស្សរាប់លាននាក់ដើរលេងកម្សាន្តសប្បាយរីករាយ។ សម្តេចថ្លែងថា៖« មានបញ្ហាតិចតួច ចោរឆក់ វាមិនល្អឥតខ្ចោះ តែជាទូទៅស្ថានភាពបែបនេះគឺល្អ»។

ដោយឡែកពាក់ព័ន្ធការលេងល្បែងប្រជាប្រិយខ្មែរ សម្តេចថ្លែងថា ពិតណាស់ នាពិធីបុណ្យចូលឆ្នាំខ្មែរ ឃើញមានការលេងបាញ់ទឹក ផាត់ម៉្សៅ តែការលេងនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែយើងមិនបានភ្លេចចោលនូវអត្ថសញ្ញាណរបស់ខ្មែរយើងទេ ដូចជាការលេងបោះអង្គុញ រាំត្រុដិ នោះទេ។

ការថ្លែងយ៉ាងដូច្នេះ ជាការឆ្លើយតបទៅនឹងពលរដ្ឋមួយចំនួន ដែលបានរិះគន់រដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់លើវប្បធម៌ខ្មែរ ។ សម្តេចមានប្រសាសន៍ថា៖«ឃើញបងប្អូនខ្លះគ្រាន់តែចូលឆ្នាំក៏ជេររដ្ឋាភិបាលដែរ ថាជំនាន់រដ្ឋាភិបាលនេះរលាយអស់ហើយ វប្បធម៌ ឃើញតែលេងបាញ់ទឹក ផាត់ម៉្សៅ តើយើងហាមគាត់ទេ»។

«តែអ្វីដែលសំខាន់យើង​ថែរក្សាវប្បធម៌ទំនៀមទំលាប់របស់យើងមិនទៅច្រងេងច្រងាង ហើយផាត់ម៉្សៅ ជះទឹកនេះ តាំងពីជំនាន់មុនសង្គ្រាម មិនមែនវប្បធម៌របស់អ្នកណាទេ ជាការសម្តែងនូវការគោពគ្នា ផ្តល់នូវសេចក្តីសុខ សិរីសួស្តីឱ្យគ្នា ។ ប៉ុន្តែយើងក៏មិនភ្លេចរបាំបុរាណ មិនភ្លេចនូវការបង្ហាញល្ខោនខោល នៅតាមខេត្តនីមួយៗគេរៀបចំ សូម្បីតែនៅវត្តភ្នំក៏មានដែរ រាំត្រុដិ»​។ សម្តេចបញ្ជាក់បន្ថែម។

ក្នុងន័យនេះដែរ សម្តចធិបតី ស្នើឱ្យពលរដ្ឋចូលមើលអ្វីដែលជាវិជ្ជមាន កុំមើលតែរឿងអវិជ្ជមាន ដើម្បីរួមគ្នាថែរក្សាប្រពៃណីខ្មែរ និងអភិវឌ្ឍសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម