ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទូតបារាំង អាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី ឡាវ និងតំណាងអង្គការយូណេស្កូ គោរពវិញ្ញាណក្ខន្ធអ្នកកាសែតដែលស្លាប់ និងបាត់ខ្លួន នាសម័យសង្គ្រាមនៅកម្ពុជា
នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី ៣២ (៣ ឧសភា ២០២៥) លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយលោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា តំណាងស្ថានទូតអាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី ឡាវ និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធអ្នកកាសែតដែលស្លាប់ និងបាត់ខ្លួន នាសម័យសង្គ្រាមនៅកម្ពុជា (១៩៧០-១៩៧៥) នៅសួនច្បារក្បែរស្ថានទូតបារាំង ប្រចាំកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ នេះ ពោលគឺចំថ្ងៃ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី ៣២ (៣ ឧសភា ២០២៥) ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់ នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដែលមានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា សមាគមអ្នកសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងថា «ថ្ងៃនេះជាទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី ៣២ យើងទាំងអស់គ្នា បានមកជួបជុំគ្នា ដើម្បីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធដល់សហសេវិករបស់យើងជាអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលចុះបំពេញការងារយកព័ត៌មាននៅក្នុងប្រទេសកម្ពុជាពេលកំពុងឆាបឆេះដោយភ្នក់ភ្លើងសង្គ្រាម ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០»។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា យើងមកជួបជុំគ្នានៅថ្ងៃនេះមិនមែនគ្រាន់តែដើម្បីចងចាំ និងរំឭកវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានដែលបានស្លាប់នោះទេ ប៉ុន្តែដើម្បីគោរពពីវីរភាពរបស់អ្នកសារព័ត៌មានទាំងអស់នេះទាំងអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានបរទេស ដែលបានលះបង់សព្វបែបយ៉ាង រួមនឹងអាយុជីវិតរបស់ពួកគេ ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សាយព័ត៌មានអំពីសង្គ្រាម និងសោកនាដកម្មរបស់កម្ពុជាក្នុងសង្គ្រាមនាទសវត្សរ៍ឆ្នាំ ១៩៧០។

ភ្ជាប់ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជា បានធ្វើរបាយការណ៍ស្ដីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ ២០២៥ ដែលធ្វើឡើងដោយមន្ត្រីរបស់ក្រសួងព័ត៌មានផ្ទាល់ ខណៈដែលអ្នករៀបចំធ្វើកិច្ចការងារទាំងនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ដោយមិនចាំបាច់មានជំនួយពីបរទេសនោះទេ។ របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ ២០២៥» គឺជាការផ្តោតទៅលើអ្វីដែលជាស្ថានភាពពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។

ក្នុងរបាយការណ៍បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ។ នេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោម អ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ ២០២៥។ អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧ នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួមបានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមានស្ថានភាពល្អបំផុត»។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា រាល់ការវាយតម្លៃពីខាងក្រៅ និងផ្អែកលើហេតុផលនយោបាយ គឺគ្រាន់តែជាសំឡេងតូចមួយ ដើម្បីបង្ខូចកិត្តិយស មុខមាត់កម្ពុជាតែប៉ុណ្ណោះ។ ចំណែកប្រទេសមួយចំនួនអះអាងថា ខ្លួនជាប្រទេសគោរពសិទ្ធិសេរីភាព និងការបញ្ចេញមតិ ក៏មិនប្រាកដថាល្អឥតខ្ចោះដូចកម្ពុជានោះដែរ។

បើតាមលោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីនេះនៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ។ «កាតព្វកិច្ច នៃការចងចាំតម្រូវឱ្យយើងរំលឹកដល់អ្នកសារព័ត៌មានទាំងអស់នេះ ដែលភាគច្រើននៅក្មេងនៅឡើយ ដែលបានលះបង់អាយុជីវិត ក្នុងការបម្រើឧត្តមគតិមួយ ៖ គឺដើម្បីរាយការណ៍ព័ត៌មានអំពីភាពភ័យរន្ធត់របស់សង្គ្រាម ដោយសត្យានុម័ត និងក្បែរទីតាំងសមរភូមិបំផុត។ ក្នុងចំណោមពួកគេ មានជនរួមជាតិរបស់ខ្ញុំជាច្រើន»។

ឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជា បានលើកឡើងថា ជាមួយភាពក្លាហាន ពួកគេរំលឹកយើងថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ អ្នកសារព័ត៌មាន ត្រូវតែអាចធ្វើការវិភាគ និងស៊ើបអង្កេតរឿងរ៉ាវពិភពលោកដោយសេរី និងឯករាជ្យ។ គេត្រូវតែការពារអ្នកកាសែតក្នុងស្ថានភាពជម្លោះ។

«តាមរយៈរបាយការណ៍ថ្មីៗ មួយ បានបញ្ជាក់ថា អ្នកកាសែតជាង ២០០ នាក់ ត្រូវបានសម្លាប់កាលពីឆ្នាំមុន នៅទូទាំងពិភពលោក។ ដូច្នេះ ការធ្វើសកម្មភាពរួមគ្នារបស់យើងមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងសោកនាដកម្មបែបនេះ»។ នេះជាការបន្ថែមរបស់លោក ហ្សាក់ បឺឡេ។
ដោយមិនគិតពីចំនួនដ៏ច្រើនក្នុងសម័យខ្មែរក្រហម អ្នកកាសែតជាតិ និងអន្តរជាតិចំនួន ៣៧ នាក់ បានបាត់ខ្លួន ឬត្រូវបានសម្លាប់នៅកម្ពុជា ចន្លោះពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ពោលគឺក្នុងសម័យលន់ នល់ ក្នុងនោះមានអ្នកកាសែតកម្ពុជា (៥ នាក់), ជប៉ុន (១០ នាក់), បារាំង (៧ នាក់), អាម៉េរិក (៧ នាក់), អូស្ត្រាលី (១ នាក់), អាល្លឺម៉ង់ (១ នាក់), ស្វីស (២ នាក់), អូទ្រីស (១ នាក់), ហូឡង់ (១ នាក់), ឡាវ (១ នាក់) និងឥណ្ឌា (១ នាក់)។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៥ សរុបទាំងអស់មានចំនួន ៣៧ រូប ក្នុងនោះ មានទាំងអ្នកថតរូប និងអ្នកយកព័ត៌មានជនជាតិជប៉ុន ជនជាតិបារាំង និងជនជាតិកម្ពុជា ដែលបានរកឃើញស្លាប់ក្នុងប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


