Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុនវិនិយោគអគ្គិសនីចំនួន២៤ 

បានផុស

នៅ

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យបណ្ដាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន២៤ ដើម្បីបំពេញតម្រូវការថាមពលអគ្គិសនីនាពេលអនាគត។ ការឯកភាពនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៣ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា គឺក្រោយពីសមាជិកព្រឹទ្ធសភាចំនួន៤រូប បានឡើងមានយោបល់ និងការឆ្លើយបំភ្លឺពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រួចមក អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នីមួយៗ ដោយឥតកែប្រែចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ការឯកភាពដោយឥតកែប្រែរបស់ព្រឹទ្ធសភានេះ គឺធ្វើឡើងស្របនឹងរដ្ឋសភាកម្ពុជា ដែលបានអនុម័តយល់ព្រមជាលើកដំបូងចំនួន១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបណ្ដាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន២៤ច្បាប់ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ការធានាទូទាត់របស់រាជរដ្ឋាភិបាលដល់គម្រោងថាមពលអគ្គិសនីចំនួន២៤ ដែលជាឧបករណ៍ដ៏សំខាន់ដើម្បីធានាការឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ថាមពលក្នុងរយៈពេលចំពោះមុខដល់ឆ្នាំ២០២៨ ស្របនឹងគោលនយោបាយយុទ្ធសាស្ត្រមេអភិវឌ្ឍន៍អគ្គិសនី ឆ្នាំ២០២២-២០៤០។

សេចក្តីព្រាងច្បាប់ទាំង២៤នេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអនុវត្តបន្តដ៏ខ្ជាប់ខ្ជួនដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចបវរធិបតីហ៊ុន ម៉ាណែត ក្នុងការកៀរគរស្វែងរកអ្នកវិនិយោគនិងការផ្តល់ហិរញ្ញប្បទានដល់គម្រោងនីមួយៗចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលមានការប្រែប្រួលនៃលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម