ព័ត៌មានជាតិ
សម្ដេចតេជោ ទទួលស្គាល់ថា សារសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃដែលបែកធ្លាយ គឺជាសារដែលពិតប្រាកដ
សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ថាសារសន្ទនារវាងសម្ដេចជាមួយនាយករដ្ឋមន្ត្រី ផែ ថងថាន ស៊ីណាវ៉ាត្រ រយៈពេលប្រមាណ៩នាទី ដែលបែកធ្លាយលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៨ ខែមិថុនា គឺជាសារដែលសម្ដេចបានជជែកជាមួយនាយករដ្ឋមន្ត្រីថៃពិតប្រាកដមែន មិនមែនជាសំឡេងក្លែងក្លាយ ដែលរៀបចំឡើងដោយក្រុមដែលមាននិន្នកាប្រឆាំងឡើយ។

បើតាមសម្ដេច ហ៊ុន សែន សារសំឡេងសន្ទនាតាមទូរសព្ទរវាងសម្ដេច ជាមួយនាយករដ្ឋមន្ត្រីថៃ ដែលទើបនឹងបែកធ្លាយ គឺជាជំនួបតាមទូរសព្ទដែលធ្វើឡើងតាំងតែពីថ្ងៃទី១៥ ខែមិថុនា មកម៉្លេះ ដែលជំនួបនោះមានរយៈពេលជាង១៧នាទី។ សម្ដេច ថែមទាំងអះអាងទៀតថា រាល់ការជជែកគ្នាដោយសម្ងាត់អំពីបញ្ហាសំខាន់ៗ គឺសម្ដេចតែងតែថតសំឡេងសន្ទនាទុក ដើម្បីកុំឱ្យភាគីម្ខាងទៀត និយាយបាតដៃខ្នងដៃ ធ្វើសកម្មភាពផ្ទុយពីសម្ដីរបស់ខ្លួន និងដើម្បីធានាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកផ្លូវការ នាវេលារសៀលថ្ងៃពុធទី ១៨ ខែមិថុនា ដូច្នេះ៖« កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ »។

សម្ដេចតេជោ ហ៊ុន សែន ទម្លាយឱ្យដឹងថា ក្រោយពីបញ្ចប់ជំនួបតាមទូរសព្ទនោះទៅ សម្ដេចបានផ្ញើសំឡេងសន្ទនាសម្ងាត់នេះ ទៅកាន់សមាសភាពសំខាន់នៃគណបក្សប្រជាជនកម្ពុជា ក្រុមការងារនៃអង្គនីតិបញ្ញត្តិ អ្នកជំនាញទំនាក់ទំនងអន្តរជាតិ ជំនាញការព្រំដែន និងកងកម្លាំងធានាសន្តិសុខ ប្រមាណ៨០នាក់។ សម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា មូលហេតុដែលនាំឱ្យសារសម្ងាត់នៃការសន្ទនារវាងសម្ដេច ជាមួយនាយករដ្ឋមន្ត្រីថៃ បែកធ្លាយ គឺអាចមកពីអ្នកដែលទទួលបានពីសម្ដេច ខឹងនឹងថ្នាក់ដឹកនាំថៃ ដែលនិយាយស្ដីមិនកោតក្រែង វាយប្រហារមកលើសម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ធ្វើនយោបាយគ្មានវិជ្ជាជីវៈ ធ្វើនយោបាយតាមហ្វេសប៊ុក។ សម្ដេច ហ៊ុន សែន បន្ថែមថា សម្ដេចនឹងទម្លាយសារសំឡេងសម្ងាត់នៃការសន្ទនាទាំងស្រុងព បើភាគីថៃចង់ដឹង។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការបញ្ជូនសារសន្ទនាទៅកាន់សមាសភាពសំខាន់ និងដាក់ការសង្ស័យអំពីមូលហេតុដែលនាំឱ្យបែកធ្លាយជាសាធារណៈដូច្នេះ៖«សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប៨០នាក់។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។ ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧ៈ០៦នាទី។ »។

គួរឱ្យដឹងថា នៅក្នុងសារសន្ទនាដែលបែកធ្លាយនោះ គឺសម្ដេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ បានជជែកអំពីជំហររវាងប្រទេសទាំងពីរ ក្នុងនោះនាយករដ្ឋមន្ត្រីថៃ ស្នើសម្ដេចតេជោ ហ៊ុន សែន កុំជឿលើសម្ដីរបស់មេទ័ពថៃប្រចាំភូមិភាគពីរ ប៊ុនស៊ីន ផាតក្លាង ព្រោះបុគ្គលនេះ បានប្រឆាំង និងយករដ្ឋាភិបាលថៃធ្វើជាសត្រូវ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីថៃ ហ៊ាននិយាយខ្លាំងថា មេទ័ពថៃប្រចាំភូមិភាគពីររូបនេះ កំពុងតែប្រើសម្ដីដោយមិនចេះគិត និយាយផ្គាប់ចិត្តក្រុមជ្រុលនិយមថៃ ដើម្បីតែប្រជាប្រិយភាពផ្ទាល់ខ្លួន ដោយធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ និងស្នើសុំឱ្យសម្ដេចតេជោ ជួយដល់ខ្លួនព្រោះពលរដ្ឋថៃដាក់សម្ពាធខ្លួនខ្លាំង និងជជែកអំពីការបើកព្រំដែនឡើង តែសម្ដេចតេជោ បន្តជំហរថា កងទ័ពថៃជាអ្នកបិទច្រកព្រំដែនមុន ដូច្នេះត្រូវបើកមុន មិនត្រូវនាំកម្ពុជាទៅចរចា ធ្វើឱ្យបាក់មុខឡើយ៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


