Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើបង់ក្លាដេសគាំទ្រជំហរកម្ពុជាជុំវិញដំណោះស្រាយព្រំដែនជាមួយថៃ នៅតុលាការ ICJ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់តំណាងប្រទេសបង់ក្លាដេសពីហេតុការណ៍ពិតជុំវិញនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងប្រឈមមុខដាក់គ្នាពេលនេះ ដោយសម្ដេច បានស្នើការគាំទ្រពីបង់ក្លាដេសចំពោះជំហររបស់កម្ពុជា ដែលកំពុងរុញបញ្ហាព្រំដែននេះទៅដោះស្រាយនៅតុលាការ ICJ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងក្នុងជំនួបជាមួយលោក aiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដេស នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២៥។

បើតាមការឱ្យដឹងដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ក្នុងជំនួបនេះ សម្ដេចតេជោ បានស្នើឱ្យបង់ក្លាដដេសគាំទ្រកម្ពុជាទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេច បានពន្យល់លោកឯកអគ្គរដ្ឋទូតបង់ក្លាដេស អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់ប្រហាររបស់យោធាថៃមកលើទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលសម្ដេច អះអាងថា ជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។

សម្ដេចតេជោ ក៏បានប្រាប់ពីលោកទូតពីជំហរកម្ពុជាដែលលើកឡើង និងដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេសការរុញបញ្ហានេះទៅយន្តការច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយក្នុងន័យនេះ សម្ដេច បានស្នើឱ្យរដ្ឋាភិបាលបង់ក្លាដែសគាំទ្រចំពោះជំហរកម្ពុជា ដែលសម្រេចជ្រើសយន្តការច្បាប់អន្តរជាតិនេះ។

កន្លងទៅ តាមរយៈសំណេរលើបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមកស្នើដល់បណ្តារដ្ឋ ដែលគោរពច្បាប់ទាំងអស់ ជួយលើកទឹកចិត្តដល់ភាគីថៃ ដើម្បីដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា នៅតំបន់ចំនួន៤ គឺនៅតំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

សម្ដេចតេជោ បញ្ជាក់ថា កម្ពុជាមិនស្នើសុំសព្វាវុធ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជា-ថៃទេ តែកម្ពុជាស្នើសុំឱ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ បើតាមសម្ដេចតេជោ ព្រំដែនកម្ពុជា-ថៃ មានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ​ និងរសើប ងាយនឹងផ្ទុះអាវុធវាយប្រហារគ្នានោះ ប្តឹងទៅតុលាការដោះស្រាយជាមុនប៉ុណ្ណោះ ដោយហេតុថា តំបន់ទាំង៤ខាងលើ មិនអាចរកការស្រុះស្រួលគ្នា តាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀត ក៏មិនអាចដោះស្រាយបានដែរ។ ដូច្នេះ មានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។

គួរជម្រាបថា នាថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយមួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី១៦ ខែមិថុនា ក្រឡាបញ្ជីនៃតុលាការអន្តរជាតិនេះ ក៏បានទទួលបណ្ដឹងនេះរួចរាល់ហើយផងដែរ ដែលត្រូវបានប្រគល់ដោយផ្ទាល់ពីលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់៕

ដោយ៖ ធឿន វ៉ានសុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម