Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា អរគុណក្រុមហ៊ុនយូណាយធីតហ្វាម៉ា(ខេមបូឌា) ដែលផ្ដល់ថ្នាំពេទ្យ សម្ភារៈថែទាំសុខភាព ដល់ក្រសួងព័ត៌មាន ទុកចែកជូនកងទ័ពជួរមុខ និងពលរដ្ឋ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ក្រុមហ៊ុន យូ​ណាយ​ធីត ហ្វា​ម៉ា (ខេ​ម​បូ​ឌា) United Pharma (Cambodia) ដែល​បាន​ផ្តល់​ថ្នាំពេទ្យ និង​សម្ភារៈ​ថែទាំ​សុខភាព​យ៉ាង​ច្រើន​មក​ដល់​ក្រសួង​ព័ត៌មាន ដើម្បី​ទុក​យក​ទៅ​ចែក​ជូន​ដល់​កងទ័ព​ជួរមុខ និង​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​ខ្លួន​ពី​តំបន់​ប្រឈម​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ព្រះវិហារ ដែល​ការ​ចែក​ជូន​នេះ​គ្រោង​ធ្វើឡើង​នា​ថ្ងៃ​ទី ២៤ ខែ​មិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែងអំណរគុណ​នេះ​ធ្វើឡើង​ក្នុង​ឱកាស លោក នេត្រ ភក្ត្រា ទទួល​ជួប និង​ទទួល​អំណោយ​ថ្នាំ​ពេទ្យ​ពី លោក Michael Reyes អគ្គនាយក​ក្រុមហ៊ុន United Pharma (Cambodia ) លោក ជីវ ដេវីត ប្រធាន​ផ្នែក​ទីផ្សារ និង​លោក ទី សុភាព ប្រធាន​ផ្នែក​បញ្ជិកា​ឱសថ និង​គុណភាព​ឱសថ កាលពី​រសៀល​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ២០២៥ នា​ទីស្ដីការ​ក្រសួង។

អំណោយ​ថ្នាំពេទ្យ​របស់​ក្រុមហ៊ុន United Pharma (Cambodia) ផ្តល់​ដល់​ក្រសួង​ព័ត៌មាន នា​ឱកាស​នេះ​រួមមាន ៖ Decolgen Forte ៣ ០០០ ប្រអប់ ឬ ៣០០ ០០០ គ្រាប់ សម្រាប់​ព្យាបាល​អាការ​ផ្ដាសាយ ហៀរសំបោរ តឹង​ច្រមុះ និង​ក្តៅ​ខ្លួន ដោយ​ប្រើ​ម្តង ១ គ្រាប់ ១ ថ្ងៃ ៣ ដង , Alaxan FR ១ ០០០ ប្រអប់ ឬ ១០០ ០០០ គ្រាប់ សម្រាប់​បំបាត់​ការ​ឈឺចាប់​គ្រប់​ប្រភេទ ដូចជា ឈឺ​ខ្លួន​ប្រាណ ឈឺក្បាល ឈឺ​ធ្មេញ ឈឺ​ចង្កេះ និង ចុក​រោយ​ដៃ ជើង ដោយ​ប្រើ​ម្តង ១ គ្រាប់ ១ ថ្ងៃ ៣ ដង , សំឡី​អនាម័យ pH Care ២ ០០០ ដុំ , ក្រដាស​សើម​អនាម័យ​ស្ត្រី pH Care ១ ០០០ កញ្ចប់ , បើ​គិត​សរុប​ជា​ថវិកា​ចំនួន ២៣ ០០០ ដុល្លារ។

ជាថ្មី​ម្ដង​ទៀត លោក នេត្រ ភក្ត្រា បាន​ចាត់ទុកថា ការ​ផ្តល់​នូវ​ថ្នាំពេទ្យ​ពី​ក្រុមហ៊ុន យូ​ណាយ​ធី​ត ហ្វា​ម៉ា (ខេ​ម​បូ​ឌា) ដល់​ក្រសួង​ព័ត៌មាន គឺ​បាន​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា បង្ហាញ​ពី​មនោសញ្ចេតនា សេចក្ដី​រាប់អាន និង​ការ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់​កងទ័ព​ជួរមុខ​ដែល​កំពុង​បំពេញការងារ​ការពារ​ទឹកដី ជាពិសេស​ក្នុង​សកម្មភាព​រួមចំណែក​ដ៏​សំខាន់​លើ​កិច្ច​គាំពារ និង​ការងារ​មនុស្សធម៌​របស់​ក្រសួង​ព័ត៌មាន។

ដោយឡែក លោក Michael Reyes បាន​គូស​បញ្ជាក់​ថា ការ​ចូលរួម​របស់​ក្រុមហ៊ុន United Pharma (Cambodia) ជាមួយ​ក្រសួង​ព័ត៌មាន ក្នុង​ការ​ផ្តល់​ថ្នាំ​ព្យាបាល​ជំងឺ​ទៅ​ឲ្យ​កងទ័ព​នៅ​តំបន់​ជួរមុខ​ជា​ការ​គិតគូរ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ និង​កងទ័ព។ សកម្មភាព​មនុស្សធម៌​របស់​ក្រសួង​ព័ត៌មាន ​គឺ​ស្រប​តាម​បេសកកម្ម​របស់​ក្រុមហ៊ុន​ក្នុង​ការ​ធ្វើ​យ៉ាងម៉េច​ធ្វើ​ឲ្យ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង ផ្តើម​ចេញពី​មនុស្ស​ម្នាក់ៗ និង​ជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព​រវាង​ខ្មែរ ជួយ​ខ្មែរ ពិសេស​ផ្សារភ្ជាប់​ជាមួយ​កងទ័ព​នៅ​ជួរមុខ។

«ការ​ចូលរួម​ចំណែក​របស់​យើង​ទាំងអស់​គ្នា​នេះ គឺជា​ថាមពល​ជំរុញ​ទឹកចិត្ត​បងប្អូន​កងកម្លាំង​ប្រដាប់ អាវុធ​ទាំងអស់​ឲ្យ​មាន​ស្មារតី​អង់អាច ត្រៀមលក្ខណៈ​បាន​ជា​ស្រេច​ក្នុង​បុព្វហេតុ​ខឿន​ការពារ​ជាតិ​របស់​កម្ពុជា​ពិតជា​រឹងមាំ ហើយ​កាន់តែ​ខ្លាំងក្លា​បំផុត​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម