Connect with us

ព័ត៌មានជាតិ

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

បានផុស

នៅ

​​ខេត្ត​ចំនួន ៧ របស់កម្ពុជា​ចាប់ពី​ខេត្ត​​កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ មាន​​ច្រក​ទ្វារ​ព្រំដែន​ផ្លូវការ​សរុបចំនួន ២៤ សម្រាប់​ការ​ទំនាក់ទំនង និង​ធ្វើ​ពាណិជ្ជម្ម​ជាមួយ​ប្រទេស​ថៃ។ នេះបើតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

ខេត្ត​កោះកុង​ដែល​ស្ថិត​នៅ​ទិស​និរតី​ មានភូមិសាស្រ្ត​ជាប់​​ខេត្ត​ត្រាត​របស់​ប្រទេស​ថៃ​ប្រវែង ៥០ គីឡូម៉ែត្រ។ ខេត្ត​តំបន់ឆ្នេរ​នេះ​ មាន​​ទាំងច្រក​​ព្រំដែន​គោក និង​ច្រក​ព្រំដែន​សមុទ្រ​សម្រាប់​ការធ្វើពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ។​ ច្រក​ព្រំដែកគោក​គឺ​ច្រក​​​​ចាំយាម ឈម​​ច្រក​ហាតលិកក្នុង​ខេត្តត្រាត​​របស់​​ថៃ។ ដោយ​ឡែក​ច្រក​សមុទ្រ​មាន​ចំនួន ៣ គឺ​ច្រក​ប៉ាក់ខ្លង​នៅ​ស្រុក​មណ្ឌលសីម៉ា ច្រក​ថ្ម​ស​នៅ​ស្រុក​បុទុមសាគរ និង​ច្រក​កោះស្តេច​នៅ​ស្រុក​គីរីសាគរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​ពោធិ៍សាត់​​មានភូមិសាស្រ្ត​ជាប់​ខេត្ត​ត្រាតរបស់ថៃ​​​ប្រវែង ៥៣ គីឡូម៉ែត្រ និង​មាន​ច្រក​ព្រំដែន​អន្តរជាតិ​ចំនួន​ ១ សម្រាប់​​​ធ្វើ​ទំនាក់ទំនង​គ្នា​គឺ​ច្រក​ថ្មដា​ ខណៈ​ខាង​ថៃ​គឺ​ច្រក​បានថាសាន និង​មាន​ច្រក​តំបន់​ចំនួន ៣ ទៀត​គឺ​ច្រក​ភ្នំ​ឫស្សី ច្រក​ស្ពាន​ជ័យជំនះ និង​ច្រក​ផ្លូវ ៥៦។

ខេត្ត​ប៉ៃលិន​ដែលស្ថិត​នៅទិស​ពាយ័ព្យ​​ជាប់​ខេត្ត​ចំនួន​ពីរ​របស់​ថៃ​គឺ​ខេត្ត​ច័ន្ទបុរី និង​ខេត្ត​ត្រាត ​លើ​ខ្សែ​ព្រំដែន​ប្រវែង ៤៨ គីឡូម៉ែត្រ។ ខេត្ត​ប៉ៃលិន​មាន​ច្រក​ទ្វារ​អន្តរជាតិ​មួយ​​គឺ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រំ ទល់មុខ​​​ច្រក​បានប៉ាកាត​របស់​ថៃ។

ចំណែក​ខេត្ត​បាត់ដំបង ជាប់​ខេត្ត​ចំនួន ៣ របស់​ថៃ​គឺ​ខេត្ត​ច័ន្ទបុរី ត្រាត និង​ស្រះកែវលើ​​ខ្សែបន្ទាត់​​ព្រំដែន​ប្រវែង ១៣៧ គីឡូម៉ែត្រ​។

ខេត្ត​បាត់ដំបង​មាន​ច្រក​ទ្វារ​ព្រំដែន​ផ្លូវការ​ចំនួន ៥ សម្រាប់​ទំនាក់ទំនង​ជាមួយ​ថៃ​ក្នុង​នោះ​មាន​ច្រក​អន្តរជាតិ​ចំនួន ២ គឺ​ច្រក​ដូង ដែល​ខាង​ថៃ​ច្រក​បានលែម ​និង​ច្រក​គីឡូ ១៣ (ភ្នំដី) ខាង​ថៃគឺ​​ច្រក​ខៅឌិន​ និង​មាន​ច្រក​តំបន់​ចំនួន ៣ ទៀត​គឺ​ច្រក​អូរអន្លក់ (សួនស៊ុំ) នៅ​ស្រុក​កំរៀង ច្រក​អូរ​រំដួល នៅ​ស្រុក​ភ្នំព្រឹក និង​ច្រក​ឆករកា (៤០០) នៅ​ស្រុក​សំឡូត។

ខេត្ត​បន្ទាយមានជ័យ ជាប់ជាមួយ​​ខេត្ត​ស្រះកែវ និង​ខេត្ត​បុរីរម្យ​​របស់​ថៃ​លើ​ខ្សែ​ព្រំដែន​ប្រវែង ១៨៧ គីឡូម៉ែត្រ។

ខេត្ត​បន្ទាយមានជ័យ​មាន​ច្រក​ព្រំដែន​ចំនួន ៥ ជាមួយ​ថៃ ដែល​ក្នុង​នោះ​ច្រក​ទ្វារ​អន្តរជាតិ​មាន​ចំនួន​ពីរ​ ដែល​​​ទី​មួយ​គឺ​ច្រក​ប៉ោយប៉ែត ​និង​ខាង​ថៃ​ច្រក​បានខ្លងលិក និង​ច្រក​ស្ទឹងបត់ និង​ខាង​ថៃ​ច្រក​បានណងអៀង​។

ដោយឡែក​ច្រក​តំបន់​មាន​ចំនួន ៣ គឺ​ច្រក​បឹង​ត្រកួន​នៅ​ស្រុក​ថ្មពួក ខាង​ថៃ​ច្រក​ចុងត្រាព្រះយ៉ា ច្រក​ម៉ាឡៃ​នៅ​ស្រុក​ម៉ាឡៃ ខាង​ថៃ​ច្រក​ណងភ្លឺ និង​ច្រក ៤៣ នៅ​ស្រុក​អូរជ្រៅ​ និង​ខាង​ថៃច្រក​ណងម៉ាក់ម៉ូន។

ខេត្ត​ឧត្តរមានជ័យ​ដែលស្ថិតនៅ​ភាគ​ឧត្តរ​​ជាប់​ខេត្ត​ចំនួន ៣ របស់​ថៃ​មាន​ខេត្ត​ បុរិរម្យ សុរិន្ទ និង​ស៊ីសាកេត លើ​ខ្សែ​ព្រំដែន​ប្រវែង ២៣០ គីឡូម៉ែត្រ។

ខេត្ត​​នេះ​មាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចំនួន ៣ សម្រាប់​ការ​ទំនាក់ទំនង​ជាមួយប្រទេស​​ថៃ គឺ​ច្រក​អូរស្មាច់​នៅ​ក្រុង​សំរោង ខាង​ថៃ​ច្រក​ឆងចម ច្រក​ជាំ​នៅ​ស្រុក​អន្លង់វែង ខាង​ថៃ​ច្រក​សាង៉ាម និង​ច្រក​ជប់គគីរ នៅ​ស្រុក​បន្ទាយអំពិល និង​ខាង​ថៃច្រក​​សៃតាកូ។

ខេត្ត​ព្រះវិហារ​ជាប់​ខេត្ត​ស៊ីសាកេត និង​អ៊ូប៊ុនរជ្ជធានី​របស់ថៃ​លើ​ខ្សែ​ព្រំដែន​សរុប​ប្រវែង ១៤០ គីឡូម៉ែត្រ។

ខេត្ត​មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន​ពីរ​ជាមួយ​ថៃ ក្នុង​នោះ​មាន​ច្រក​ព្រំដែន​អន្តរជាតិ​អានសេះ ក្នុង​ស្រុក​ជាំក្សាន្ត ខាង​ថៃ​ច្រក​អានម៉ា និង​ច្រក​ទ្វេ​ភាគី​ប្រាសាទ​ព្រះវិហារ ខាង​ថៃ​ច្រក​ចុងប៉ាម៉ូអីដេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម