Connect with us

ព័ត៌មានជាតិ

មន្រ្តី​មន្ទីរកសិកម្ម​អះអាង​ថា ខេត្ត​បាត់ដំបង​ឆ្នាំនេះផលិត​​ស្រូវ​បាន​ខ្ទង់ ២ លាន​តោន

បានផុស

នៅ

មន្រ្តី​មន្ទីរកសិកម្ម​​ខេត្ត​បាត់ដំបង​អះអាង​ថា ខេត្ត​បាត់ដំបង​ឆ្នាំនេះអាច​ផលិត​​ស្រូវ​បាន​ខ្ទង់ ២ លាន​តោន លើ​សផែនការ​និង​ច្រើន​ជាង​ឆ្នាំ​កន្លងទៅ។

យ៉ាងណាមិញ​ពាក់ព័ន្ធ​តម្លៃ​វិញ​ មន្រ្តីកសិកម្ម​រូបនេះ​បាន​បញ្ជាក់​ថាមិន​ទាន់​អាច​ដឹង​​បាន​យ៉ាង​ណា ខណៈ​ឆ្នាំនេះឈ្មួញ​វៀតណាមបានបន្ថយកម្រិតនៃការបញ្ជាទិញ ដែល​អាច​ប៉ះពាល់ដល់​តម្លៃ​​ទីផ្សារ​​ស្រូវ​ផង​ដែរ។

លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបាន​ឲ្យ​ដឹង​ថា កសិករបានចាប់ផ្តើមប្រមូលផលស្រូវ​ចាប់ពីពាក់កណ្តាល​ខែកក្តដាជាបណ្តើរៗ​រហូតដល់ខែសីហា ទើប​កសិករសម្រុកប្រមូលច្រើននៅតាមបណ្តាស្រុកគោលដៅ។

ក្នុងខេត្តបាត់ដំបង បើតាម​លោក​ ហេង សិទ្ធ ឆ្នាំនេះកសិករផលិតស្រូវបានលើសពីការរំពឹងទុក ខណះក្រៅពីការផ្គត់ផ្គង់ក្នុងខេត្តប្រមាណ ៤០% ហើយ ៦០% ទៀតសម្រាប់ការនាំចេញ។ បើគិតត្រឹមការប្រមូលផលវគ្គទី ១ មានប្រមាណ​ជាង ២០ មុឺនហិកតា ស្មើនិងប្រមាណជិត ១ លានតោន (៨៨ មុឺនតោន)។

សម្រាប់លោក ហេង សិទ្ធ ​ខេត្តបាត់ដំបង​​ឆ្នាំនេះ​សរុប​ទិន្នផល​ស្រូវ​បូកទាំងស្រូវប្រាំងផង​​អាច​បាន​ចូលខ្ទង់ ២ លាន​តោន​។

កសិករនៅក្នុងខេត្តបាត់ដំបង កំពុង​សម្រុក​ប្រមូលទិន្នផលស្រូវចូលទីផ្សារជាបន្តបន្ទាប់ ខណះការប្រមូលផលក្នុងដំណាក់​កាលទីមួយបានធ្វើឡើងតាំងពីពាក់កណ្តាលខែកក្តដា។

ក្នុងសកម្មភាពដឹកស្រូវចូលក្នុងលំនៅដ្ឋាន លោក ប៊ុនធៀប កសិករ​នៅស្រុកបាណន់បានឲ្យដឹងថា លោកនិងកូនៗរបស់លោក បាន​ចាប់ផ្តើមប្រមូលទិន្នផលស្រូវយកទៅរក្សាទុកនៅតាមលំនៅដ្ឋានសិន (ជង្រុក) រួចទើបដាក់ឲ្យឈ្មួញខាងរោងម៉ាសុីន​ខ្លះ និងដាក់ទៅខាងឈ្មួញវៀតណាមខ្លះ។

លោកថានៅមិនទាន់ដឹងតម្លៃពិតប្រាកដក្នុងកម្រិតណានោះនៅ​ឡើយ គ្រាន់តែបើសិនជាខាងណាបានតម្លៃសមរម្យបន្តិច លោកនឹងប្រមូលលក់ភ្លាម ដើម្បីដោះស្រាយជីវភាពគ្រួសារ ក្រៅពីទុកបរិភោគក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករម្នាក់ទៀត នៅក្នុងស្រុកមោងឫស្សីបានឲ្យដឹងដែរថា ស្រូវលោកឆ្នាំនេះអាចប្រមូលបានប្រហែលជាង ២០ តោន ហើយទីផ្សារលោកដាក់តាមរោងម៉ាសុីនក្នុងស្រុកមួយចំនួន ក្រៅពីនេះរង់​ចាំឈ្មួញខាងវៀតណាមដូចឆ្នាំសព្វមួយដង ហើយតម្លៃក៏លោកមិនទាន់ដឹងច្បាស់ដែរ។

សម្រាប់លោកហាក់ ស្រេង បើសិនជាឆ្នាំនេះបានតម្លៃត្រឹមតែ ១ ០០០ រៀល ឬ ៩០០ រៀលក្នុងមួយគីឡូក្រាម ក៏បានចំណេញ​ខ្លះដែរ តែខ្ញុំព្រួយបារម្ភរឿងហាងឆេង ព្រោះតាមមើលឆ្នាំនេះកសិករធ្វើស្រូវក្នុងមួយគ្រួសារៗបានច្រើនណាស់ បើធៀបឆ្នាំកន្លងទៅ។

បើទោះយ៉ាងណា កាលពីថ្ងៃទី ២១ ខែកក្តដា មន្ត្រីកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ឆ្នាំនេះសម្រាប់តម្លៃស្រូវស្រង៉ែអាចស្ថិត​ក្នុងរង្វង់ ៩៨០ រៀលដល់ ១០២០ រៀលក្នុង ១ គីឡូក្រាម ទៅតាមបរិមាណគុណភាពគ្រាប់ស្រូវ។ តែស្រូវក្រអូប​អាចមានតម្លៃខ្ពស់គឺចន្លោះពី ១ ២០០ ដល់ ១ ៣០០ រៀល ក្នុងមួយគីឡូក្រាម ហើយប្រភេទ OM54-51 មានតម្លៃក្នុងរង្វង់ ៨០០ ដល់ ៩០០ រៀល ក្នុងមួយគីឡូក្រាម។

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម