Connect with us

ព័ត៌មានជាតិ

ក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការងារ បន្ត​ពង្រឹង​យន្តការ​គាំទ្រ​ដល់​ពលករខ្មែរ​ដែលត្រឡប់មកកម្ពុជាវិញ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោក​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតី ក្នុង​កម្មវិធី​ផ្សព្វផ្សាយស្តីពី យន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ប្រជុំនេះ លោក​រដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានីខេត្ត និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​សហការ​ជា​មួយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុង​ការ​សម្រួលដល់ការ​វិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃវិញ និង​ការ​ជួយ​ដោះស្រាយ​ការងារ​ជូន​ពួក​គាត់។

នា​ឱកាស​នោះ លោករដ្ឋមន្រ្តីបានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយរំលេចអំពី ការទទួលស្វាគមន៍ពលករខ្មែរតាមច្រកព្រំដែនកម្ពុជា ថៃ ស្ថានភាព​នៃការវិលត្រឡប់មកវិញ​របស់ប្រជាពលរដ្ឋ និងពលករខ្មែរ ការគាំពាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការប្រៀបធៀបអត្ថប្រយោជន៍នៃការធ្វើការងារនៅប្រទេសថៃ និងប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោក​រដ្ឋមន្ត្រីក៏បានផ្សព្វផ្សាយពីប្រព័ន្ធ Hotline 1297 និងជំរុញ​ឱ្យ​មាន​ការ​ណែនាំដល់បងប្អូនពលករចុះឈ្មោះស្វែងរកការងារធ្វើ ដើម្បីភាពងាយស្រួល និងចំណេញពេលជាងធ្វើដំណើរស្វែងរកការងារពីមួយកន្លែងទៅមួយកន្លែង។ ទន្ទឹមនោះ លោក​រដ្ឋមន្ត្រីជំរុញ​ឱ្យ​មានការរំលេចពីតម្លៃសង្គម និង​មនោសញ្ចេតនា​ល្អ​ក្នុងការធ្វើការងារក្នុងស្រុក និងប្រឈម​ការរើសអើងពេលទៅធ្វើការ​នៅ​ប្រទេស​ថៃ ព្រម​ទាំង​បង្ហាញតម្រូវការកម្លាំងពលកម្មដែលជាកត្តាសំខាន់ក្នុងការជួយលើកកម្ពស់ការវិនិយោគ និងការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក​សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក្នុងនាមក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសសើរ​និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការនិងវិធានការដ៏មានប្រសិទ្ធភាពរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានចូលរួមដោះស្រាយបានទាន់ពេលវេលានូវ ការផ្សព្វផ្សាយឱកាសការងារជូនដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃយ៉ាងគំហុក ហើយបានផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រសួងមហាផ្ទៃ នឹង​បន្តពង្រឹងយន្តការ និងនីតិវិធីក្នុងការស្វែងរកឱកាសការងារជូនដល់ពលករកម្ពុជារាប់ម៉ឺននាក់ និងជាមូលដ្ឋានមួយដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអាចយកទៅពិគ្រោះយោបល់ជាមួយថ្នាក់ក្រោមជាតិក្នុងការចាត់ចែងណែនាំដល់ ពលករខ្មែរឱ្យមានលទ្ធភាពក្នុងការស្វែងរកមុខរបរនៅក្នុងប្រទេសល្អជាងការវិលត្រឡប់ទៅប្រទេសថៃវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម