Connect with us

ព័ត៌មានជាតិ

រកឃើញម្ចាស់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ​ឆ្នាំ២០២៥

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា​ទើប​តែ​បាន​ប្រកាស​នូវ​បញ្ជីជ័យ​លាភី ពានរង្វាន់​អក្សសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ​លើក​ទី​៨ ឆ្នាំ២០២៥ ដែល​មាន​បេក្ខជន៦​នាក់លើផ្នែក​រឿងខ្លី និង​ផ្នែក​កំណាព្យ​រឿង​ខ្លី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​បញ្ជីជ័យលាភីឆ្នាំ២០២៥ ដែល​ទើប​ត្រូវ​បាន​រដ្ឋមន្ត្រី​ធម្មការ​លោក ចាយ បូរិន ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ម្ចាស់​ជ័យលាភី​លេខ១ផ្នែក​រឿង​ខ្លី បាន​ទៅ​លើ​កញ្ញា កប វណ្ណហួច រឿង​សំឡេងតូចមួយ លេខ២បានលើ​ ជ្រុយ​ នាវា និពន្ធរឿងទូរស័ព្ទឬ​ដង្ហើមម៉ែ? លេខ៣បាន​លើ ជា សុលីនី និពន្ធ​រឿង បាតដៃទី៣។

ដោយ​ឡែក​សម្រាប់​ម្ចាស់​ជ័យ​លាភី​លេខ១ ផ្នែក​កំណាព្យ​រឿង​ខ្លីវិញ​បាន​លើលោក ចំរើន សុភ័ក្រ្ត និពន្ធ​កំណាព្យរឿង​ទីផ្សារ​អនឡាញ​បណ្ដាញ​ស្នេហ៍ចាស់ លេខ២បាន​លើលោក សាន ពិសិទ្ធិ និពន្ធ​កំណាព្យ​រឿង​ស្រោមមុខ និង​លេខ៣​បាន​លើលោក ឯក ខន និពន្ធ​រឿង​គ្រូបង្រៀន​សម័យ​ឌីជីថល។

ម្ចាស់​ពាន​រង្វាន់​ផ្នែកនិពន្ធ​រឿង​ខ្លីកញ្ញា កប វណ្ណហួច បាន​ឱ្យ​ដឹងថាកញ្ញា​មាន​អារម្មណ៍​រំភើប​រីករាយ​ជាមួយ​លទ្ធផលនេះ ដោយ​ថា​នេះ​ជា​សមិទ្ធិផល​ដ៏​ធំ​មួយ​សម្រាប់​កញ្ញាក្នុងនាមជាអ្នកនិពន្ធ ដែលតែងតែចាប់អារម្មណ៍ចូលចិត្តប្រកួតប្រជែងជាច្រើន។

កញ្ញា​បន្ថែម​ថា៖ «ការដាក់ប្រកួតរឿងខ្លីនេះ ក្នុងពានរង្វាន់នេះគឺជាលើកទីមួយសម្រាប់រឿងខ្លី។ ប៉ុន្តែកាលពីឆ្នាំ២០១៩ ខ្ញុំក៏ធ្លាប់ដាក់កំណាព្យក្នុងពានរង្វាន់នេះដែរ តែមិនបានជោគជ័យទេ។ ឥតមានភាពជោគជ័យណាដែលមិនធ្លាប់ឆ្លងកាត់បរាជ័យនោះទេ»។

កញ្ញា វណ្ណហួច បាន​បង្ហើប​ឱ្យ​ដឹង​ថារឿងខ្លីរបស់​កញ្ញានិយាយអំពីការតស៊ូរបស់ក្មេងស្រីម្នាក់ចង់ក្លាយជាអ្នកផ្សព្វផ្សាយអំពីការអាន និងបណ្តុះគំនិតអានដល់យុវជនជំនាន់ក្រោយរហូតទទួលបានលទ្ធផល និង​ការ​គាំទ្រច្រើន​ ហើយក៏មានក្រុមហ៊ុនស្រា និងល្បែងអនឡាញជួលនាងឱ្យផ្សព្វផ្សាយ ដែលអាចធ្វើឱ្យនាងក្លាយជាអ្នកមានបាន។ តែនាងនៅតែប្រកាន់គោលជំហរថាមិនផ្សាយពីរឿងដែលធ្វើឱ្យប៉ះពាល់ដល់សង្គម។ ក្នុងរឿងនោះដែរ ក៏មានបង្កប់នូវផលវិបាកនៃការលេងល្បែងអនឡាញ ឧក្រិដ្ឋកម្មអនឡាញ និងការបំពុលសង្គមក្នុងបណ្ដាញសង្គមជាច្រើនដែលជាបញ្ហារបស់សុខុមាលភាពសង្គមក្នុងបរិបទបច្ចេកវិទ្យាទំនើប។

​ម្ចាស់​ជ័យលាភី​លេខ១ ផ្នែក​កំណាព្យ លោក ចំរើន សុភ័ក្រ្ត ជាគ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​កំពត​ បាន​ឱ្យ​ដឹង​ថា​នេះ​ជា​លើក​ទី​១ដែល​លោក​បាន​ចូល​រួម​ប្រកួតពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត។ លោក​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ជ័យ​លាភី​ដែល​ទទួល​បាន។

លោក​ថា៖ «ពូមាន​អារម្មណ៍សប្បាយ​រី​ករាយ​រំភើប​ព្រោះ​ក្នុង​វិស័យ​តែ​ងនិពន្ធ​នេះ​យើង​មិន​សូវ​មាន​បទ​ពិសោធន៍​ទេ! យើង​ធ្លាប់ដាក់​ដែរ​តែ​តិចតួច​ណាស់​ទៅស្ថាប័ន​ផ្សេង​ៗ ព្រោះ​ក្នុង​ការ​ប្រកួត​ប្រជែង​ពានរង្វាន់​ឥន្ទ្រទេវី​ក៏​ពូ​ធ្លាប់​បាន​ពាន​រង្វាន់មាស​១ដង​ដែរ​តែ​គិត​បទ​ពិសោធន៍​ពូ​នៅ​ខ្ចី​នៅ​ឡើយ​ទេ​សម្រាប់​វិស័យ​តែង​និពន្ធ​នេះ»​។

លោក ចំរើន សុភ័ក្រ្ត បាន​ឱ្យ​ដឹង​ថាស្នាដៃកំណាព្យ​រឿង​ទីផ្សារ​បណ្ដាញ​ស្នេហ៍​ចាស់​របស់​លោក​បាន​ផ្ដោត​លើ ការ​បង្កើត​ទីផ្សារ​កសិផល​តាមរយៈប្រព័ន្ធ​អនឡាញដែលនិយាយពី​តួអង្គឯកដែល​គាត់​រៀនចប់​សាកលវិទ្យាល័យ​ហើយ​ត្រលប់​មក​អភិវឌ្ឍន៍​ដីស្រែចម្ការ​របស់​គាត់និង​បាន​ផ្សព្វផ្សាយ​ផលិត​ផល​ធម្មជាតិ​របស់​គាត់​ដោយ​ប្រើប្រាស់​បណ្ដាញសង្គមធ្វើ​ឱ្យ​រី​កចម្រើន និង​បាន​ជួប​គូរ​ស្នេហ៍​ចាស់​របស់​គាត់​ដែល​ជា​អ្នក​គាំទ្រ​ដល់​គាត់​។ ក្នុង​រឿង​ក៏​មានបង្ហាញពីការ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញបង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ផងដែរ​ដូច​ជា​ការ​លេងល្បែង​អនឡាញជាដើម។

គួរឱ្យ​ដឹង​ផងដែរថាពានរង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ​ប្រចាំ​ឆ្នាំ២០២៥ ត្រូវ​បាន​រៀបចំ​ឡើង​ផ្ដោត​លើ​ប្រធាន​បទ​ សុខុមាលភាព​សង្គម​ក្នុង​បរិបទ​បច្ចេកវិទ្យាទំនើប ដោយ​ម្ចាស់​ជ័យ​លាភីនឹង​ទទួល​បាន​រង្វាន់​ជា​ថវិកា វិញ្ញាបនបត្រ និងការបោះពុម្ភស្នាដៃចំពោះម្ចាស់​ជ័យ​លាភី​ទាំង​៦នាក់។

ប្រធាន​ពុទ្ធសាសនបណ្ឌិត្យកម្ពុជាលោក ស សុខនី បាន​ឱ្យ​ដឹង​ថា​បេក្ខជន​ប្រកួតពាន​រង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យឆ្នាំ​២០២៥​នេះ​មាន​ចំនួន​៣៩នាក់ (និពន្ធ​រឿង​ខ្លី​ចំនួន​២២នាក់)។ លោក​ថា​ការ​រៀបចំ​ជា​បន្តបន្ទាប់របស់​ពុទ្ធសាសនបណ្ឌិតលើ​ការ​ប្រកួត​ប្រជែង​អក្សរសិល្ប៍​នេះ​គឺ​មាន​គោលបំណង​ រួម​ចំណែក​លើកស្ទួយវិស័យតែងនិពន្ធស្នាដៃអក្សរសិល្ប៍ បណ្ដុះទម្លាប់អានសៀវភៅ ផ្ដល់ឱកាសដល់អ្នកនិពន្ធ ជាពិសេសអ្នកនិពន្ធវ័យក្មេងបញ្ចេញសមត្ថភាពក្នុងការតែងនិពន្ធរបស់ខ្លួន និង​បន្តប្រពៃណីក្នុងការជួយលើវិស័យអក្សរសាស្ត្រតាំងពីដើមរៀងមករបស់ពុទ្ធសាសនបណ្ឌិត្យ។

លោកបន្ថែមថា៖ «ពុទ្ធសាសនបណ្ឌិត្យបានចាប់ផ្ដើមកម្មវិធីពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យនេះ លើកទី១ នៅក្នុងឆ្នាំ២០១៨ ដែលកាលនោះបានធ្វើក្នុងទម្រង់ជារឿងប្រលោមលោក តែពីឆ្នាំ២០១៩មក បានរៀបចំប្រឡងក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី។ មកដល់ឆ្នាំឆ្នាំ២០២៥នេះ គឺ បានរៀបចំលើកទី៨ ហើយនឹងបន្តរៀបចំទៅឆ្នាំខាងមុខៗទៀត ក្រោមប្រធានបទផ្សេងៗគ្នា»។

កញ្ញា កប វណ្ណហួច បានជំរុញ​លើក​ទឹក​ចិត្តដល់សាធារណជន និង​យុវជនត្រូវ​ហ៊ាន​សាក​ល្បងក្នុង​ការ​បង្ហាញ​ស្នាដៃ​តែង​និពន្ធ និង​គំនិត​របស់​ខ្លួន កុំ​ខ្លាច​ធ្លាក់ និង​មិន​ត្រូវ​បោះបង់​ទេ។ កញ្ញាថា ប្រឡង​ធ្លាក់​មិន​មែន​ជា​បរាជ័យ​ទេ ការ​ឈប់​ប្រឡង​ទើប​ជា​បរាជ័យ ការ​ប្រឡង​យកពាន​គឺ​មិន​មែន​សរសេរ​ដើម្បី​តែ​ពាន​ទេ គឺ​បង្ហាញ​ដល់​អ្នក​អានពី​ប្រធាន​បទ​ដែល​យើង​ចង់​ឱ្យ​គេ​ចាប់​អារម្មណ៍។

កញ្ញា វណ្ណហួច៖ «សរុបមក ឱ្យតែយើងសរសេរបង្ហាញពីប្រធានបទនោះបានល្អ ច្បាស់លាស់ បូករួមជាមួយសាច់រឿងធ្ងន់ និងប្លែក នោះជ័យលាភី ឬពាននឹងធ្លាក់មកលើយើង។ សម្រាប់ខ្ញុំគឺ កុំសរសេរព្រោះចង់បានរង្វាន់ តែត្រូវសរសេររឿងរបស់យើងឱ្យល្អបំផុតតាមដែលអាចធ្វើបាន។ ប្រសិនជាយើងសរសេរព្រោះចង់បានរង្វាន់ ពេលធ្លាក់យើងនឹងលែងចង់ដាក់ប្រឡងទៀតហើយ»។

ក្នុង​នាម​ជា​អ្នកចូលចិត្ត​តែង​និពន្ធ​ម្នាក់​លោក ចំរើន សុភ័ក្រ្ត បាន​លើក​ទឹក​ចិត្ត​ដល់​យុវជន​ងាក​មក​ចាប់​អារម្មណ៍​លើវិស័យ​តែងនិពន្ធដើម្បីលើក​តម្កើនអក្សរសិល្ប៍ខ្មែរ ដោយ​​ថា​ទោះ​បីមិន​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ តែ​វា​បាន​បន្សល់​ជា​ស្នាដៃសម្រាប់​ខ្លួន​ឯង​ ក៏​ដូច​ជា​ឯកសារ​ដល់​មនុស្ស​ជំនាន់​ក្រោយសិក្សា​ស្រាវជ្រាវផងដែរ។

លោក​ថា៖ «ជាយោបល់​ខ្ញុំ​ចង់​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ងាក​មក​ចាប់​អារម្មណ៍​លើ​វិស័យ​តែងនិពន្ធ​នេះ​ព្រោះជា​ការ​លើក​ស្ទួយ​វិស័យ​អក្សរ​សាស្ត្រ​ អក្សរសិល្ប៍​របស់​ខ្មែ​រយើង​ផងដែរ​។ ហើយ​ទោះ​បីជា​ការ​តែង​និពន្ធ​​នេះ​វា​មិន​មែន​ជា​ទីផ្សារ​មួយដែល​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ប៉ុន្ដែ​​ជា​ការរួម​ចំណែក​មួយ​ក្នុង​ការ​លើក​កម្ពស់ក៏​ដូច​ជា​បង្កើត​ស្នាដៃ​ទុក​ឱ្យ​មនុស្សជំនាន់​ក្រោយ​បាន​ទទួល​ការ​សិក្សា​រៀនសូត្រនិងស្រាវជ្រាវ​បន្ត​​»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម