Connect with us

ព័ត៌មានជាតិ

ជ្រូកកណ្តុរខេត្តមណ្ឌលគិរី កំពុងមានតម្រូវការខ្ពស់និងតម្លៃល្អ ខណៈកសិករពង្រីកការចិញ្ចឹម

បានផុស

នៅ

បច្ចុប្បន្ននេះ គេសង្កេតឃើញថា ប្រជាជនកម្ពុជានិយមទទួលទានសាច់ជ្រូកអាំង ជាពិសេសជ្រូកកណ្តុរអាំងមានស្បែកស្រួយ និងសាច់ឆ្ងាញ់ដែលគេនិយមប្រើប្រាស់ជាអាហារប្រចាំថ្ងៃ ក្នុងពិធីសែន និងពិធីបុណ្យនានា។ ដោយសារមានតម្រូវការស្ទើរគ្រប់ទីកន្លែងនេះ ទើបធ្វើឱ្យតម្លៃជ្រូកកណ្តុរមានទីផ្សារល្អជាមួយនឹងការលក់ចេញតម្លៃសមរម្យ។ ដោយទទួលបានឱកាសទីផ្សារនេះ កសិករមួយចំនួននៅខេត្តមណ្ឌលគិរី ក្រៅពីប្រកបរបរធ្វើស្រែចម្ការ ក៏ងាកមកចិញ្ចឹមជ្រូកកណ្តុរសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងលើកកម្ពស់ជីវភាពគ្រួសារ។

កសិករចិញ្ចឹមជ្រូកលោក រី សាវឿន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករឈ្មោះ រី សាវឿន (ហៅពូម៉ាប់)មានទីលំបច្ចុប្បន្ន ភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី ឱ្យដឹងនៅថ្ងៃទី៣០ខែកញាឆ្នាំ២០២៥ថា ខ្លួនបានចាប់យកមុខរបរចញ្ចឹមជ្រូកកណ្ដុរនេះអស់រយៈពេល៤ឆ្នាំកន្លងមកហើយ ពោលគឺតាំងពីឆ្នាំ២០២១មកម៉្លេះ។

សព្វថ្ងៃលោកកំពុងចញ្ចឹមជ្រូកកណ្តុរនៅក្នុងទ្រង់សរុបជាង៣០ក្បាល មេកាត់ជ្រូកព្រៃ៧ក្បាល បាកាត់ព្រៃ១ក្បាលនិងកូនតូចៗជាង២០ក្បាលទៀត និងបានលក់ចេញទៅឈ្មួញមួយចំនួន។ លោកនិយាយថា៖« ដោយកាបញ្ជាកម្មង់ទិញពីសំណាក់អតិថិជនច្រើនជាបន្តបន្ទាប់ធ្វើឱ្យជ្រូកនៅក្នុងទ្រុងមិនគ្រប់គ្រាន់នោះទេ តម្រូវឱ្យលោកដើរប្រមូលទិញជ្រូកពីបងប្អូនក្នុងសហគមន៍បន្ថែមទៀតដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សាដែលបានកម្មង់»។

ដោយមើលឃើញទីផ្សារជ្រូកកណ្ដុរមានតម្រូវការកាន់តែខ្ពស់ឡើង លោកកំពុងតែពង្រីកកសិដ្ឋានចិញ្ចឹមជ្រូកដោយបន្ថែមទ្រង់ធំជាងមុនធ្វើយ៉ាងឆ្លើយតបតាមការកម្មង់ឱ្យទាន់តម្រូវការទីផ្សារនៅពេលបច្ចប្បន្ន។ កូនជ្រូក​កណ្តុរចាប់​ពី​ថ្ងៃ​កើត​អាច​លក់​បាន​នៅ​អាយុ​៣​ខែ​ទម្ងន់​ពី​៥​ទៅ​៧​គីឡូក្រាម ហើយ​គាត់​អាច​លក់​បាន​ ១​ក្បាល​ តម្លៃ​២៥​ម៉ឺន​រៀលឡើងទៅ។

ក្រោយពីការចាប់មុខរបរចិញ្ចឹមជ្រូកកណ្ដុរលក់ជាលក្ខណៈគ្រួសារប៉ុន្មានឆ្នាំកន្លងមកនេះ ធ្វើឱ្យជីវភាពលោកកាន់តែធូរធាល្អប្រសើររីកចម្រើនជាបន្តបន្ទាប់។ ដូច្នេះក្នុងនាមកសិករមួយរូបដែលមានបទពីសោធច្រើនឆ្នាំ និងទទួលបានផលពីមុខរបរនេះ លើកទឹកចិត្តដល់ពលរដ្ឋងាកមកចិញ្ចឹមជ្រូកកណ្តុរឱ្យបានច្រើន ខណៈបច្ចុប្បន្នកំពុងតែមានទីផ្សាល្អចំណាយដើមទុនតិច ហើយការចញ្ចឹមមិនលំបាកថែទាំនោះទេ។

កសិកររូបនេះបានចែករំលែកបទពិសោធថា៖«ការចិញ្ចឹមជ្រូកកណ្តុរ ងាយស្រួលឱ្យចំណីហើយជ្រូកមួយប្រភេទនេះធន់នឹងជំងឺអាកាសធាតុផ្សេងៗ ព្រោះមានសម្បុរកាត់ជ្រូកព្រៃពិសេសគឺលក់បានតម្លៃខ្ពស់ ចំណាយពេលត្រឹមជាង៣ខែ​ប៉ុណ្ណោះ កសិករនឹងទទួលបានផលសម្រាប់ដោះស្រាយជីវភាពគ្រួសារបានមួយកម្រឹតបន្ថែមទៀតផងដែរ»៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម