នយោបាយ
គ.ជ.ប កំណត់យកថ្ងៃទី២០ ខែមិថុនា ដើម្បីបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ដើម្បីបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយពេលវេលានេះ នឹងមិនលើកទៀតទេ ដោយសាតែកាលវិភាគបានពេញអស់ទៅហើយ។

ការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ បានធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់តាមអនឡាញ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ។

បើតាមលោក ឌឹម សុវណ្ណារុំ រហូតមកដល់ពេលនេះ មិនទាន់មានប្រទេសណាមួយធ្វើការបោះឆ្នោតតាមប្រព័ន្ធអនឡាញនៅឡើយទេ ដូច្នេះយើងប្រើប្រាស់ IT ដើម្បីជំនួយដល់ការបោះឆ្នោតតែប៉ុណ្ណោះ ហើយរាល់នីតិវិធីនៃការបោះឆ្នោត គឺនៅដដែលទាំងអស់ គ្រាន់តែយកជំនួយពី IT តែប៉ុណ្ណោះ ដូចជាការចុះបញ្ជីគណបក្សនយោបាយ ការបញ្ជូនលទ្ធផលជាដើម។ លោកបន្តថា ការយក IT ជាជំនួយនេះ ក៏គិតពីសុវត្ថិភាពដែរ ដែលគោលបំណងរបស់ គ.ជ.ប គឺធ្វើយ៉ាងណាឲ្យមានការជឿជាក់ពីម្ចាស់ឆ្នោត។

លោក ឌឹម សុវណ្ណារុំ អះអាងថា គ.ជ.ប នៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើ ដូចជាការបណ្ដុះបណ្ដាលគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតដើម ហើយការងារនេះ នឹងចាប់ផ្ដើមនៅដើមខែមិថុនាខាងមុខ។ ក្រៅពីនោះ នៅមានការបណ្ដុះបណ្ដាលក្រុមប្រឹក្សាឃុំ សង្កាត់ ។ បន្ទាប់មកនៅថ្ងៃទី០៩ ខែមិថុនា ខាងមុខនឹងធ្វើការចុះឈ្មោះ ធ្វើការបោះឆ្នោតសាកល្បងនៅក្រុមប្រឹក្សា ឃុំ សង្កាត់ ។ ដូច្នេះតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធទាំងអស់អាចចូលរួមបាន ហើយដំណើរការនេះ នឹងប្រព្រឹត្តទៅទាំងពីរ គឺធ្វើទាំង IT ទាំងការចុះឈ្មោះធម្មតា។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ដែរថា ការបោះឆ្នោតសាកល្បងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ហើយពេលវេលានេះ នឹងមិនមែនការលើកទៅទៀតទេ។ ដោយសារតែកម្មវិធីពេញទៅហើយ មិនមានពេលសម្រាប់លើកទៀតទេ។

លោកបន្តថា បន្ទាប់ពីការបោះឆ្នោតសាកល្បងនេះ គឺដល់ពេលបោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោតែម្ដង ដែលប្រព្រឹត្តទៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ហើយបន្ទាប់មក គឺការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតប្រចាំឆ្នាំ ដោយចាប់ផ្ដើមពីខែកញ្ញា។ បន្ទាប់មកទៀត គឺត្រូវបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ គឺនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ចប់ការបោះឆ្នោតឃុំ សង្កាត់ នេះ នឹងបន្តមកដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រទៀត។

ចំណែកលោក សោម សូរីដា បានបញ្ជាក់ថា ការបោះឆ្នោតសាកល្បងនេះ មិនមែនជាការស្វែងរកសម្លេងឆ្នោតរបស់គណបក្សនយោបាយនោះទេ គឺជាការចូលរួមមួយ ក្នុងនាមជាអ្នកសង្កេតការណ៍ មិនមែនជាអ្នកចុះបញ្ជីគណបក្សនយោបាយចូលរួមប្រកួតប្រជែងនោះទេ។

បើតាមលោក សោម សូរីដា គោលបំណង នៃការបោះឆ្នោតសាកល្បងនេះ គឺមាន៤សំខាន់ចំណុច គឺទី១, ការសាកល្បងកម្មវិធី គឺការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធឌីជីថល ទី២, ការការពារការចម្លងការរីករាលដាលនៃជំងឺ covid-19 នៅការិយាល័យបោះឆ្នោត ទី៣, ដើម្បីពិនិត្យប្រសិទ្ធភាពនៃការប្រើត្រាសញ្ញាគំនូសគាំទ្រលើគណបក្សនយោបាយជំនួសឲ្យការប្រើប៊ិច និងទី៤, ការសាកល្បងត្រួត ពិនិត្យ បូកសរុបលទ្ធផលនៃការបោះឆ្នោត៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


