Connect with us

នយោបាយ

ស្អែក​នេះ​ដល់​ថ្ងៃ​ផុតកំណត់ ដាក់ពាក្យ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន គ​.​ជ​.​ប ហើយ

បានផុស

នៅ

ការទទួល​ពាក្យ ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន គ​.​ជ​.​ប បានចាប់ផ្តើម​ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ដោយ​បញ្ចប់​នៅវេលា​ម៉ោង​៥ និង​៣០ នាទី​ល្ងាច ហើយ​មកដល់​ថ្ងៃទី​១០ ខែមិថុនា នេះ មាន​៥​នាក់​ហើយ​បាន​ទៅយក​ពាក្យ​ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ប៉ុន្តែ​មាន​បេក្ខជន​២​រូប​ប៉ុណ្ណោះ បាន​បំពេញបែបបទ​រួចរាល់ និង​បានដាក់​ទៅ​រដ្ឋសភា​វិញ​។

លោក ស៊ិ​ក ប៊ុន​ហុក បានសម្រេច​លាលែង​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដោយសា​តែ​បញ្ហា​សុខភាព ហើយ​លោក​បានដាក់​ពាក្យ​ទៅកាន់​រដ្ឋសភា កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ត្រូវបាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា បាន​លើក​យកមក​ប្រជុំពិភាក្សា និង​អនុម័ត យល់ព្រម​តាម​សំណើរ​ផងដែរ​។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ថា ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែមិថុនា នេះ មាន​បេក្ខជន​ចំនួន​៥ រូប​ហើយ បាន​ទៅយក​ពាក្យ​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ហើយ​ក្នុងនោះ​មាន​បេក្ខជន​២​រូប​បាន​បំពេញ​រួចរាល់ និង​បានដាក់​ទៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​វិញ​។

លោក ឡេង ប៉េងឡុង ធ្លាប់បាន​បញ្ជាក់ថា ការ​ជ្រើសរើស​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​ពីរ​ដំណាក់កាល គឺ​អ្នក​ដែល​ត្រូវ​តាម​លក្ខខណ្ឌ​ច្បាប់ ទើប​អនុញ្ញាត​ឲ្យ​ដាក់ពាក្យ​ឈរឈ្មោះ​បាន ហើយ​នៅក្នុង​មាត្រា​៥​បាន​បញ្ជាក់​ថា អ្នកដាក់ពាក្យ​ជា​បេក្ខជន គឺជា​ជនជាតិខ្មែរ មាន​អាយុប្រមាណ​៤៥ ឆ្នាំ​ឡើង និង​មិន​មាន​គ្រួសារ​ពាក់ព័ន្ធ​ទៅនឹង​ប្រធាន ឬ​អនុប្រធាន​គណបក្សនយោបាយ​ណាមួយ និង​មិន​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋកម្ម​ណាមួយ​ជាដើម​។

លោក ឡេង ប៉េងឡុង ពន្យល់​ថា ការ​ជ្រើសរើស​បេក្ខជន​នេះ មាន​ចំនួន​៥​ថ្ងៃ ហើយ​នៅពេល​បាន​ឈ្មោះ​បេក្ខជន​រួចហើយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (​គណបក្ស​ដែល​ស្នើ​បេក្ខជន ស៊ិ​ក ប៊ុន​ហុក​) ដើម្បី​ពិនិត្យមើល​លក្ខណៈ​បេក្ខជន ដែល​បានដាក់​ពាក្យ​ទាំងនោះ ថា​តើ​ត្រូវ​ជ្រើស​រើសយក​មួយណា ហើយ​ការសម្រុះសម្រួល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ត្រូវ​ប្រើ​រយៈពេល​៣​ថ្ងៃ​ទៀត​។

លោក ឡេង ប៉េងឡុង បញ្ជាក់ទៀតថា ក្រោយពី​សម្របសម្រួល​បាន​ហើយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​អនុម័ត​បេក្ខជន ។ បន្ទាប់ពី​គណៈអចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​បេក្ខជន​រួចហើយ ទើប​បញ្ជូន​ទៅសុំ​ការអនុម័ត និង​ទុកចិត្ត​ពី​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​។ នៅពេល​ទទួល​បានការ​ទុកចិត្ត​ហើយ រដ្ឋសភា នឹង​ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ ធ្វើការ​តែងតាំង​បេក្ខជន​រូបនោះ ហើយ​ស្បថ​ចូលកាន់​តំណែង​តែម្ដង​។

លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ដែរថា បេក្ខជន​ដែល​ចូលទៅ​ធ្វើជា​ប្រធាន គ​.​ជ​.​ប នោះ គាត់​លែង​ជា​សមាជិក​គណបក្ស​ណា​ទៀតហើយ គឺ​គាត់​លាលែង​ចេញពី​សមាជិក​គ​ណ​បក្ស​របស់គាត់​ដែល​ធ្លាប់មាន​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម