កម្ពុជាសម្រេចទទួលយកវ៉ាក់សាំង Sinopharm ១ លានដូស​មក​ចាក់ជូនប្រជាជន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជាសម្រេចទទួលយកវ៉ាក់សាំង Sinopharm ១ លានដូស​មក​ចាក់ជូនប្រជាជន

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី ១៥ ខែមករានេះ បានថ្លែងសារ​ថា​ពេលនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច បានសម្រេចទទួលយកវ៉ាក់​សាំងកូវីដ​១៩ ចំនួន១ លានដូស ពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ មានប្រសាសន៍ថា រដ្ឋាភិបាលចិន បានផ្តល់វិភាគទានវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ១ លានដូស សម្រាប់មនុស្ស ៥០ ម៉ឺនាក់ ដើម្បីចាក់ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រកាសទទួលយកវ៉ាក់សាំង Sinopharm នៅពេលនេះ មានការខុសគ្នាកាលពីលើកមុននៅត្រង់ថា ពេលមុនសម្តេច បានមានប្រសាសន៍ថា “យើងទទួលយកតែវ៉ាក់សាំងណា ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ប៉ុន្តែបើក្រឡេកមើលទៅប្រទេសដែលមានប្រជាជនដល់ទៅជាង ១,៤០០លាននាក់ គឺ សាធារណរដ្ឋប្រជាមានិតចិន ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនដ៍ច្រើន ប្រទេសអេហ្ស៊ីប នឹងមើលទៅដល់ប្រទេសប្រេស៊ីល និងប្រទេសដ៍ទៃទៀតឃើញថាប្រទេសទាំងនោះ ហ៊ានប្រើប្រាស់នូវវ៉ាក់សាំងពីប្រទេសចិន គ្មានការភ័យខ្លាច រាប់ទាំងភាពក្លាហានរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានទទួលវ៉ាក់សាំងរបស់ចិនមុនគេ”។

សម្តេចតេជោ ជឿជាក់ថា វ៉ាក់សាំងនេះ នឹងអាចសម្រួលឲ្យកម្ពុជាអាចដោះស្រាយបានបញ្ហាមួយផ្នែក បើទោះបីជាយើង មិនទាន់ដឹងប្រសិទ្ធភាព ពិតប្រាកដ។

តាមសារព័ត៌មាន CNA រាយការណ៍នៅថ្ងៃទី ១៥ ខែមករានេះថា វ៉ាក់សាំង Sinopharm អភិវឌ្ឍឡើងដោយក្រុមហ៊ុនជីវៈសាស្ត្រជាតិចិន (CNBG) ដែលត្រូវបានអនុវម័តដាក់ឲ្យប្រើប្រាស់ជាសាធារណៈ នៃប្រសិទ្ធភាព ៧៩.៣ ភាគរយ ក្នុងការប្រឆាំងជំងឺកូវីដ១៩។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីដំណាច់ខែធ្នូឆ្នាំមុន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចក៏កំពុងគិតថា ក្រៅពីមួយលានដូស ដែលនឹងចាក់បាន ៥០ ម៉ឺននាក់ សម្រាប់រយៈកាលដំបូងនៅខ្សែត្រៀមជួរមុខដែលមានមន្ត្រីបុគ្គលិកសុខាភិបាលហើយនោះ ក៏ត្រូវគិតទៅដល់ការទិញបន្ថែមទៀត ឬស្នើសុំបន្ថែមទៀតពី សាធារណរដ្ឋប្រជាមានិតចិន ឬក៏ប្រទេសដ៍ទៃ នៅក្នុងលក្ខណ្ឌនៃតម្លៃសមស្រប ក៏ដូចជាសមត្ថភាពនៃការគ្រប់គ្រង វ៉ាក់សាំងរបស់កម្ពុជានៅក្នុងកម្រិតនៃសីតុណ្ហភាព ដែលអាចទ្រង់បាន ៧០ ឬ ៨០ អង្សាក្រោមសូន្យ គឺវាជាការលំបាកនូវក្នុងការគ្រប់គ្រងរបស់កម្ពុជា។

បើតាមសម្តេចតេជោ បេក្ខភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ចិនដែលត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសចិន និងនៅក្រៅប្រទេសចិន គឺមាន វ៉ាក់សាំង Sinopharm និង Sinovac។

ពេលនេះកម្ពុជានឹងទទួលយកវ៉ាក់សាំង Sinopharm ដែលបានប្រើប្រាស់នៅប្រទេស​អេហ្ស៊ីប ហើយនឹងឈានទៅរកការប្រើប្រាស់វ៉ាក់សាំង Sinovac ប៉ុន្តែយើងក៏មិនទាត់ចោលនូវការទទួល​យកនូវជំនួយផ្សេងពីប្រទេស​ដ៍ទៃដែលមានបំណងចង់ជួយយើង ពីប្រទេសនានាដែលមានការផលិតវ៉ាក់សាំងផងដែរក្រោមលក្ខណ្ឌដែលកម្ពុជាអាចប្រើប្រាស់មានប្រសិទ្ធភាព ការដឹកជញ្ជូន ក៏ដូចជាការស្តុកទុកហើយស្ថិតនៅក្នុងសមត្ថភាពគ្រប់គ្រង់របស់កម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

សម្តេចតេជោ ហ៊ុន សែនបញ្ជាក់ថា កម្ពុជានឹងប្រើប្រាស់ ទៅលើអង្គភាពជួរមុខទាំងអស់ដែលមុននេះ យើងគ្រោងទិញ១លានដូស ឥឡូវយើងមាន ១ លានដូស នៅក្នុងដៃសម្រាប់ការប្រើប្រាស់ហើយ ហើយយើងនឹងបន្តការខិតខំ ដើម្បីចាក់ជូនប្រជាជនប្រហែលជាង ១០ លាននាក់ ប្រសិនបើមានតម្រូវការឲ្យមានការចាក់វ៉ាក់សាំងរហូតទៅដល់ ៨០ ភាគរយ ប៉ុន្តែគេអាចនឹងទម្លាក់អត្រាចុះ ត្រឹម ៦០ ឬ៧០ ភាគរយ នៃចំនួនមនុស្ស ហើយយើង នឹងបញ្ចេញថវិការរបស់យើង ជាមួយនិងជំនួយដទៃទៀត ដែលយើងទទួលបាន។

សម្តេចតេជោបញ្ជាក់ថា ដំបូងនេះ មិត្តចិនបានជួយយើងក្នុង១លានដូស ក្នុងទឹកចិត្តដ៍សប្បុរស និងចំណងមិត្តភាពដ៍ល្អជាមួយនិងព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ អំពាវនាវ ឲ្យជនរួនជាតិស្ងប់អារម្មណ៍ កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រើប្រាស់ក្នុងពេលឆាប់ៗ។

សម្តេចតេជោបញ្ជាក់ថា កម្លាំងបញ្ជាការអង្គរក្សនៅជុំវិញសម្តេច នឹងត្រូវទទួលបានវ៉ាក់សាំងមុនគេ ហើយជាពិសេសគឺខ្សែត្រៀមជួរមុខ ដែលមានក្រុមគ្រួពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹងការផ្តល់សេវា រាប់ទាំងអ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ី ក៏ត្រូវបានទទួល ដោយឥគិតថ្លៃ និងដោយស្ម័គ្រចិត្ត នេះជាគោលការណ៍របស់រដ្ឋាភិបាល ត្រូវតែបន្តនៅក្នុងផែនការវ៉ាក់សាំងរបស់យើង។

សម្តេចថ្លែងថា មិនមែនគ្រាន់តែវ៉ាក់សាំងរបស់ចិននោះទេ ប៉ុន្តែវ៉ាក់សាំងនៅគ្រប់ប្រទេសទាំងអស់ មិនទាន់ដឹងថា តើមានសុពលភាពរយៈពេល ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោ បានដឹងថា មេដឹកនាំចិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩តាំងពីខែតុលា នៅពេលដែលរដ្ឋមន្ត្រីការបរទេសរបស់ចិន បានមកទស្សនកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងខែតុលា ឆ្នាំ ២០២០ រដ្ឋមន្ត្រីការបរទេស​ចិន បានបញ្ជាក់ថា លោកបានទទួលចាក់វ៉ាក់សាំងការពារកូវីដ១៩រួចទៅហើយ។

សម្តេចតេជោ អះអាងថា រហូតមកដល់ពេលនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ា យី មានសុខភាពល្អណាស់ ហើយដើរស្ទើតែគ្រប់ទីកន្លែង ឥឡូវកំពុងទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងផងដែរ។

បន្ទាប់ពីទស្សនិកិច្ចរបស់លោក នៅក្នុងប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ដូច្នេះបទពិសោធន៍ នៃរដ្ឋមន្ត្រីការបរទេសវ៉ាង យី ដែលជាមេដឹកនាំដ៍សំខាន់ របស់សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឲ្យយើងមានជំនឿជឿជាក់ថា វាពុំមានហានិភ័យណាមួយ ទៅដល់អាយុជីវិត របស់មនុស្សនោះទេ សម្រាប់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services