អាជីព
ជាងកាត់សក់នៅតាមរបងវត្តមួយចំនួន ប្រាប់ថា ក្នុងមួយថ្ងៃអាចប្រាក់ចំណូលបានពី ៨ម៉ឺន ទៅ ១០ម៉ឺនរៀល
នាពេលបច្ចុប្បន្ននេះ មុខរបរជាជាងកាត់សក់ភាគច្រើន ត្រូវបានរៀបចំតុបតែងឡើងជាលក្ខណៈហាងទំនើបៗ ដែលមានស្ទើរតែគ្រប់ទីកន្លែង មិនថានៅរាជធានី ឬតាមបណ្ដាខេត្តនោះឡើយ។
ទោះបីជាហាងកាត់សក់ភាគច្រើន មានការរៀបចំជាលក្ខណៈទំនើបយ៉ាងណាក៏ដោយ តែក៏នៅមាន ជាងកាត់សក់មួយចំនួននៅរក្សាទម្រង់ ឬរបៀបកាត់សក់បែបបុរាណ ដោយបើកជាតូបតូចៗ នៅតាមចិញ្ចើមផ្លូវក្បែររបងសាលារៀន និងវត្តអារាមជាដើម។

លោក គង់ សំអឿន អាយុ ៥៥ឆ្នាំ ជាជាងកាត់សក់មកពីខេត្តស្វាយរៀង មានបទពិសោធន៍កាត់សក់ជាង ១៧ឆ្នាំមកហើយ។ លោកបានប្រាប់មកកម្ពុជាថ្មីដឹងថា ដើមឡើយ លោកបើកតូបកាត់សក់នៅក្បែរនឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ក្នុងសង្កាត់បុរីកីឡា។ បន្ទាប់មកត្រូវផ្លាស់ទីតាំងមកកាន់របងវត្តស្វាយពពែ មកទាល់បច្ចុប្បន្ននេះ។ ជាមេគ្រួសារ ត្រូវចិញ្ចឹមកូនប្រុសស្រីក្នុងបន្ទុកផងនោះ លោក គង់ សំអឿន ហៅ វង សំអឿន បន្តមុខរបរកាត់សក់នេះ ដោយមិនហ៊ានសម្រាកមួយថ្ងៃសោះឡើយ។

លោកបន្ថែមថា ទោះបីមុខរបរជាជាងកាត់សក់ មិនសូវឡូយហ៊ឺហាក៏ដោយ តែលោកអាចរកប្រាក់ចំណូលបានប្រមាណចន្លោះពី ៨ ម៉ឺនរៀល ទៅ ១០ ម៉ឺនរៀល ជាប្រចាំថ្ងៃ។ លោកបន្តថា ទាំងនេះដោយសារតែមានភ្ញៀវ ជួយគាំទ្រស្នាដៃកាត់សក់ដ៏ប៉ិនប្រសប់របស់លោក ទើបធ្វើឲ្យលោកអាចឈរជើងធ្វើជាជាងកាត់សក់ គិតមកដល់សព្វថ្ងៃគឺបាន ១៧ ឆ្នាំមកហើយ។

លោក គង់ សំអឿន បញ្ជាក់ទៀតថា គ្រប់ភ្ញៀវដែលអញ្ចើញមកកាត់សក់ នៅកន្លែងរបស់លោក ភាគច្រើន គឺជនជាតិខ្មែរដែលស្គាល់ និងបានជួយគាំទ្រស្នាដៃកាត់សក់របស់លោក តាំងពីជំនាន់ឆ្នាំ ២០០០ មកម្លេះ។ លោក គង់ សំអឿន បានបន្ថែមថា ទោះបីជាបច្ចុប្បន្នទំនិញ និងរបស់របរប្រើប្រាស់ឡើងថ្លៃយ៉ាងណាក៏ដោយ តែលោកនៅតែបន្តកាត់សក់ក្នុងតម្លៃ ៥,០០០រៀល ទៅ ៦,០០០រៀល ក្នុងភ្ញៀវម្នាក់ដូចពីមុនដដែល។

ចំណែកលោក ឆោម ឈឿន មានស្រុកកំណើតពីស្រុកកោះសូទិន ខេត្តកំពង់ចាម ជាជាងកាត់សក់បុរាណសម័យ នៅក្បែររបងវត្តស្វាយពពែ ក៏បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដែរថា លោកបើកតូបកាត់សក់នៅទីនេះប្រហែល ១០ឆ្នាំមកហើយ។ លោកបន្តថា ក្នុងមួយថ្ងៃ ភ្ញៀវដែលមកកាត់សក់នៅកន្លែងលោកមានគ្រប់វ័យ មិនថាយុវវ័យ និងមនុស្សចាស់នោះទេ។ ជាប្រចាំភ្ញៀវមកកាត់សក់មានប្រមាណពី ១០ ទៅ ១៥នាក់ ជារៀងរាល់ថ្ងៃ។
លោក ឆោម ឈឿន បន្ថែមថា មុខរបរកាត់សក់របស់លោក ក្នុងមួយថ្ងៃ លោកអាចរកប្រាក់ចំណូលបានចន្លោះពី ៨ ម៉ឺន រៀល ទៅ ១០ម៉ឺនរៀល ជាប្រចាំថ្ងៃ។ លោក ឆោម ឈឿន បានបញ្ជាក់ថា ដោយសារតែមុខរបរកាត់សក់នេះហើយ ទើបធ្វើឲ្យលោកអាចផ្គត់ផ្គង់គ្រួសារបានប្រចាំថ្ងៃ ពិសេសនោះគឺការបន្តសិក្សារបស់កូនៗរបស់លោក ក្នុងមួយឆ្នាំៗ បានដោយងាយស្រួល មិនពិបាកទៅធ្វើការងារឲ្យគេ ទម្រាំតែបានបើកប្រាក់ខែ គឺមិនទាន់ការចំណាយប្រចាំថ្ងៃនោះឡើយ៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ