Connect with us

សន្តិសុខសង្គម

ក្រសួងព័ត៌មានលុបសុពលភាពបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មាន ពីបុគ្គលយកដៃអង្អែលថ្ពាល់ ប្រើសម្ដីបៀតបៀនលើជនសង្ស័យ

បានផុស

នៅ

ក្រសួងព័ត៌មានបានលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ភ្លាមៗ និងដាក់បុគ្គលនេះក្នុងបញ្ជីហាមធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា តទៅ ក្រោយពីបានរកឃើញថាមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ កំហុសវិជ្ជាជីវៈធ្ងន់ធ្ងរដែលបុគ្គល ខាន់ សារ័ត្ន ប្រព្រឹត្តហើយក្រសួងព័ត៌មានរកឃើញ គឺអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី ក្នុងហេតុការណ៍រំដោះឧក្រិដ្ឋជន ជាជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងព័ត៌មាន ចាត់ទុកទង្វើនេះ គឺជាទង្វើអសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នាយប់ថ្ងៃទី១៨វិច្ឆិកា ក្រសួងព័ត៌មានក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើណែនាំ និងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។

ក្រសួងព័ត៌មានក៏បានអំពាវនាវដល់អ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ទាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម