សន្តិសុខសង្គម
ផ្ទៃដីជាង ២ ពាន់គីឡូម៉ែត្រ ត្រូវចំណាយថវិកា ជាង ៣០០ លានដុល្លារ សម្រាប់បោសសំអាតមីន
ថវិកាប្រមាណជាង ៣០០ លានដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាល និងការឧបត្ថម្ភពីបរទេស បានប្រើប្រាស់សម្អាតមីនលើផ្ទៃដីប្រមាណ ២.២០០ គីឡូម៉ែត្រក្រឡា។

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ១៨០លានដុល្លារ និងមានការឧបត្ថម្ភពីបរទេសជាង ២០០ លានដុល្លារ ដើម្បីបោសសម្អាតគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ពីសង្គ្រាម នារយៈកាលកន្លងមក នឹងមកទល់បច្ចុប្បន្ននេះ កម្ពុជាបានបោសសម្អាតរំដោះផ្ទៃដីបានប្រមាណ ២.២០០ គីឡូម៉ែត្រក្រឡា។

ក្នុងឱកាសជួបសំណេះសំណាល និងត្រួតពិនិត្យកម្លាំងប្រតិបត្តិការជួរមុខ នៃកងឯកភាព បោសសម្អាតមីន ទី២ នៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ខេត្ដបាត់ដំបងនាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្ដបាត់ដំបង ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានមានប្រសាសន៍ថា បំណងប្រាថ្នារបស់រាជរដ្ឋាភិបាលគឺបានបោសសម្អាតកាកសំណល់ជាតិផ្ទុះយកដីប្រគល់ជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់បង្កបង្កើនផល ទៅតាមតម្រូវការ។ ឯកឧត្ដមបន្តថា «រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ១៨០លានដុល្លារ ដើម្បីផ្ដល់ជូនសម្រាប់បោសសម្អាតគ្រឿងយុទ្ធភណ្ឌ កាកសំណល់មិនទាន់ផ្ទុះសល់ពីសង្គ្រាម ហើយក៏មានការឧបត្ថម្ភពីបរទេសនូវថវិកាជាង ២០០ លានដុល្លារផងដែរ»។


ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនោះថវិកាជាង ៣០០ លានដុល្លារ ដែលទទួលបាន ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្ដិការបោសសម្អាតគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ កាកសំណល់ពីសង្គ្រាមបានចំនួនដីទូទាំងប្រទេសកម្ពុជាប្រមាណ ២ ២០០គីឡូម៉ែត្រក្រឡា ខណៈកម្ពុជានៅសល់ដីប្រមាណជាង ២ ០០០គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានសំអាតមីនដែលក្នុងនោះមានគ្រាប់មីន ៨០០គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៧០០គីឡូម៉ែត្រក្រឡា និងប្រភេទផ្សេងៗទៀតជាកាកសំណល់សល់ពីសង្គ្រាម ហើយសម្រាប់ថវិកាសម្រាប់បោសសម្អាតមីនកម្ពុជាត្រូវការប្រមាណ ៣០០ លានដុល្លារ បន្ថែមទៀតផងដែរ។
ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ប្រទេស ដែលជាម្ចាស់ជំនួយក្នុងនោះមានប្រទេសអូស្ដ្រាលី UNDPដែលបានចុះមកទស្សនាផ្ទាល់ រួមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសអង្គការ CMAC ដែលជាប្រតិបត្ដិករដ៏ឆ្នើមមានបទពិសោធន៍ខ្ពស់ មិនមែនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺទូទាំងពិភពលោកតែម្ដង ។
ក្នុងឱកាសនេះផងដែរលោក សុខ លូ អភិបាលខេត្ដបាត់ដំបងក៏បានថ្លែងថា «ក្នុងនាមជាអាជ្ញាធរមូលដ្ឋានខេត្ដ នឹងប្ដេជ្ញាចូលរួមសហការជាមួយអង្គការ CMAC ដែលជាប្រតិបត្ដិករសម្អាតមីនដ៏សំខាន់ នៅគ្រប់ពេលវេលា គ្រប់អ្វីដែលអាចសហការបាន» ។ លោកអភិបាលខេត្ដក៏បានថ្លែងអំណរគុណទៅកាន់ប្រទេស ដែលជាម្ចាស់ជំនួយឧបត្ថមមកកាន់ប្រទេសកម្ពុជានូវថវិកាដើម្បីបោសសម្អាតមីន ដូចជាប្រទេសអូស្ដ្រាលី UNDP និងប្រទេសជាច្រើនទៀតផងដែរ។


លោកអភិបាលខេត្ដ ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋថា បើសិនជាបានទៅកាន់តំបន់ណាដែលមិនច្បាស់លាស់ តំបន់ដែល CMAC ដាក់ជាតំបន់ហានិភ័យ សូមមេត្តាកុំចូលទៅកាន់តំបន់នោះព្រោះនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ បើសិនជាបានឃើញ ឬជួបតំបន់ណាដែលមានការសង្ស័យសូមឱ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់អាជ្ញាធរឃុំ ស្រុក ខេត្ដ ដើម្បីសហការរាយការណ៍បន្តទៅកាន់ CMAC ឱ្យចុះមកសម្អាតយកដីប្រើប្រាស់តាមតម្រូវការផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


