សន្តិសុខសង្គម
រីសតមួយកន្លែង កំពុងពង្រីកមាឌលើដីចំណីស្ទឹង យ៉ាងស្ងៀមស្ងាត់
សំណង់រីសតមួយកន្លែង ដែលគេដឹងថា ជារបស់អ្នកមានឥទ្ធិពលមួយរូប កំពុងត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានជាច្រើន ដោយសារតែទីតាំងខាងលើនេះ បានបំពានទៅលើដីចំណីស្ទឹងយ៉ាងស្ងៀមស្ងាត់ ផ្ទុយពីច្បាប់របស់រាជរដ្ឋាភិបាល ដែលហាមឃាត់ដាច់ខាត ការសាងសង់បំពានលើដីចំណីព្រែក បឹង ទន្លេ ស្ទឹង ។ល។

ទីតាំងសំណង់រីសតនេះ ស្តិតនៅប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ស្ថិតក្នុងភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលគេបានសាងសង់ឡើងយ៉ាងប្រណិត ហើយបាន និងកំពុងប្រើប្រាស់គ្រឿងចក្រដើម្បីកាយ និងចាក់អាចម៍ដីបន្ថែមបំពានទៅលើមាត់ស្ទឹងសង្កែ ក្រោមលេសថា ចាកធ្វើជើងតេ ដើម្បីកុំឱ្យបាក់ច្រាំងស្ទឹង។

ប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងនោះបាននិយាយថា ធាតុពិត ដីច្រាំងគឺនៅខាងលើ ក្បែររីសត ប៉ុន្តែម្ចាស់ទីតាំងនេះបានចាក់ថ្ម នៅជាន់ខាងក្រោម (ដីក្នុងស្ទឹង) ហើយបានចាក់ដីបំពេញបន្ថែមមួយជាន់ក្រោមទៀត ដើម្បីទប់ដីខាងលើកុំឱ្យបាក់ មិនត្រឹមតែប៉ុណ្ណឹងទេ គេបានប្រើប្រាស់គ្រឿងចក្រកាយដីទប់ប៉ែកខាងលើចូលជិតដល់កណ្តាលស្ទឹង ដើម្បីបញ្ចៀសមុខទឹកកុំឱ្យហូរច្រោះចូលទីតាំងរបស់ខ្លួន ដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅខាងលិចស្ទឹង សំដែងនូវការមិនពេញចិត្តទាល់តែសោះ ព្រោះដោយសារតែការបង្វែរទិសដៅទឹកឱ្យហូរបុកទៅខាងលិចវិញ វាជាបញ្ហាមួយបង្កឱ្យបាក់ច្រាំងស្ទឹងនាពេលអនាគត។

ជុំវិញបញ្ហាទីតាំងរបស់រីសតខាងលើនេះ លោក សេក ផានិត ហៅ បាវ មេឃុំអូរដំបង១ បាននិយាយថា រឿងនេះលោកមិនបានដឹងឱ្យសុីជម្រៅនោះទេ សុំឱ្យសួរទៅខាងលើទៅ។

ជួបតាមរយៈទូរស័ព្ទ ជាមួយ “កម្ពុជាថ្មី” ឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរង ទទួលផែនសន្តិសុខ ដែលជាអ្នកមើលការខុសត្រូវនៅក្នុងទីតាំងនេះ បានបញ្ជាក់ថា ការចាក់ដីលើមាត់ច្រាំងនេះ គឺសម្រាប់ធ្វើជើងតេកុំឱ្យបាក់តែប៉ុណ្ណោះ ហើយការស្ថាបនាជើងតេនេះ មិនមែនធ្វើតែកន្លែងរីសតប៉ុណ្ណោះទេ គឺត្រូវធ្វើតាមចណ្តោយដងស្ទឹងសង្កែទៅប៉ែកខាងក្រោមរហូតដល់ក្បាលស្ពានវត្តគរ មានប្រវែងជិត ២គីឡូម៉ែត្រ ហើយទីតាំងខាងលើនេះជារបស់ លោក កែវ បេងវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ថវិកាថ្នាក់ក្រោមជាតិ។

ជុំវិញការបកស្រាយបែបនេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអះអាងប្រាប់ “កម្ពុជាថ្មី” ថា ការស្ថាបនាច្រាំងស្ទឹងសង្កែ ប៉ែកខាងលើស្ពានវត្តគរ គឺក្នុងគម្រោងមានតែប្រវែង ១៥០ ម៉ែត្រ នៃក្បាលស្ពានវត្តគរ តែប៉ុណ្ណោះ គឺមិនមានស្ថាបនាកន្លែងណាផ្សេងទៀតឡើយ។

នៅក្នុងការលើកឡើងរបស់ លោក មៀន ឡាយ ដែលឆ្លើយខាងលើ បានធ្វើឱ្យប្រភពជាច្រើន មិនពេញចិត្តទាល់តែសោះ ព្រោះបើធ្វើបែបនេះមែន គេត្រូវធ្វើត្រង់ចំណុចណាដែលបាក់ខ្លាំងជាមុន ដូចជានៅក្បែសាលាឃុំអូរដំបង១ និងនៅក្បែរជាងធ្វើទូរទស្សន៍។ល។ គេមិនមែនទៅសម្រុកធ្វើតែកន្លែងរីសតបែបនេះនោះទេ។

“កម្ពុជាថ្មី” បានព្យាយាមជួបតាមរយ:ទូរស័ព្ទ ជាមួយ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមដើម្បីសុំការបំភ្លឺជុំវិញការចាក់ដីចូលច្រាំងស្ទឹងសង្កែនេះដែរ ប៉ុន្តែទូរសព្ទមិនមានអ្នកទទួល៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


