Connect with us

សន្តិសុខសង្គម

អភិបាលរាជធានី ណែនាំឲ្យស្នងការរៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធONLINE SCAMS ឲ្យបានម៉ឺងម៉ាត់បំផុត

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យលោក ជួន​ ណារិន្ទ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឺងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤ ចុះសង្កេត ហើយបង្ក្រាបឱ្យទទួលបានជោគជ័យទៅតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍ នៃការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅរាជធានីភ្នំពេញជាបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមន្ត្រី និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតដើម្បីឱ្យការងារនេះទទួលបានជោគជ័យ បើទោះបីយើងអនុវត្តបានល្អប្រសើរមួយកម្រិតហើយក្តី។

លោក ឃួង ស្រេង បានបន្តថា ការងារនេះជាការងារដែលដាច់ខាតត្រូវរួមគ្នាធ្វើ ដូចពាក្យមួយគេនិយាយថា កង្កែបក៏ប្រឹង ពស់ក៏ប្រឹង យើងត្រូវប្រឹងប្រែងទាំងអស់គ្នា សង្កេតឃើញកន្លែងណាសង្ស័យ ត្រូវបង្ក្រាបកន្លែងណុង ពិសេសគឺយកភស្តុតាងឱ្យបាន។ ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ខ្លួនយើងស្អាតស្អំ គឺមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែយើងបង្ក្រាបលុបបំបាត់ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនទើបគ្រប់គ្រាន់។ សូមពិនិត្យទីតាំងស្នាក់នៅរួមរបស់ជនបរទេសឱ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ បើពួកគាត់ស្របច្បាប់ សុំកុំរំខានពួកគាត់ សូមធ្វើអ្វីដោយភាពត្រឹមត្រូវ។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យលោកស្នងការរាជធានីភ្នំពេញ រៀបចំផែនការបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានម៉ឺងម៉ាត់បំផុត និងបានណែនាំឱ្យអភិបាលខណ្ឌទាំង១៤លើកយកពីបញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយ សំខាន់ឱ្យការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះទទួលបានជោគជ័យទៅតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ អភិបាលខណ្ឌទាំង១៤ ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ដល់មេភូមិ ចៅសង្កាត់ តាមដានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះ។ ការងារនេះនៅតែបន្តធ្វើដោយភាពម៉ឺងម៉ាត់ និងគ្មានទីបញ្ចប់ រហូត ONLINE SCAMS អស់ពីរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងផងដែរថា ចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៥នេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះបានចំនួន១៦ទីតាំង និងឃាត់មនុស្សបាន ៧៣៤នាក់ ក្នុងចំនួននេះមានជនសង្ស័យមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាក់ផងដែរថា ក្នុងចំនួនទីតាំងដែលបង្ក្រាបបាននេះមានចំនួន២ទីតាំងដែលយើងបង្ក្រាបចំគោលដៅនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះតែម្តង ដោយយើងដកហូតបានវត្ដុតាងមួយចំនួនធំ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម