Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌកំបូល ជួសជុលផ្លូវបេតុងសំបុកមាន់ តាមបណ្ដោយផ្លូវលេខ៤២

បានផុស

នៅ

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក ទ្រី ណារ៉េត អភិបាលរងនៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងារពាក់ព័ន្ធ រួមមានមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងក្រុមការងារសង្កាត់ ចុះធ្វើការជួសជុលផ្លូវបេតុងសំបុកមាន់តាមបណ្ដោយផ្លូវបេតុងលេខ៤២ ស្ថិតនៅភូមិអំពិល និងភូមិអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ ទទួលការងារសាធារណៈការ អានាម័យនិងបរិស្ថាន បានឲ្យដឹងថា ការងារជួសជុលនេះ អនុវត្តតាមការណែនាំពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដែលបានផ្តោតយកចិត្តទុកដាក់លើការថែទាំមូលដ្ឋានសាធារណៈ ដើម្បីឆ្លើយតបតាមតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។ លោក ទ្រី ណារ៉េត បានបន្ថែមថា អាជ្ញាធរខណ្ឌកំបូលនឹងបន្តលើការជួសជុល និងថែទាំផ្លូវផ្សេងៗទៀត ដើម្បីធានាថា ប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល មានសុវត្ថិភាព និងកាត់បន្ថយហានិភ័យចរាចរណ៍ ជាពិសេស សម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។

លោក ទ្រី ណារ៉េត បន្ថែមថា ការចាក់បេតុងបំពេញជង្ហុកខូចចំនួន ៧កន្លែង តាមបណ្ដោយផ្លូវលេខ៤២ សរុប ៥៧ម៉ែត្រការ៉េ ប្រើប្រាស់បេតុងអស់១២គីប។ ផ្លូវមួយខ្សែនេះផងដែរ ជាផ្លូវសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ប្រើប្រាស់ជារៀងរាល់ថ្ងៃ។

លោក ជុំ វិរៈ ប្រជាពលរដ្ឋម្នាក់ដែលរស់នៅតាមបណ្ដោយផ្លូវលេខ៤២ បានលើកឡើងថា យើងពិតជាមានក្តីរីករាយចិត្តចំពោះអាជ្ញាធរ ដែលបានចាក់បេតុងជួសជុលផ្លូវទាន់ពេលវេលា ព្រោះផ្លូវមានជង្ហុកតូចៗធ្វើឲ្យការធ្វើដំណើរលំបាក ហើយបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។ ការជួសជុលនេះជួយឲ្យប្រជាពលរដ្ឋក្នុងតំបន់ធ្វើដំណើរបានងាយស្រួល និងមានសុវត្ថិភាព៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម