ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានធ្វើការនាំចូលសមាជិកថ្មីជាច្រើនគួរឲ្យចាប់អារម្មណ៍សម្រាប់ការត្រៀមខ្លួនរដូវកាលថ្មី២០២៣-២៤ ដើម្បីឈានឆ្ពោះទៅការគ្រងជើងឯក បន្ទាប់ពីរដូវកាល២០២២ កន្លងទៅមិនបានឈ្នះពានអ្វីមួយសោះ។
Gabriel Silva Costa និង Iago Fernandes
រហូតដល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បាននាំចូលសមាជិកថ្មី៧រូបហើយ ក្នុងនោះកីឡាករក្នុងស្រុក៥រូប និងកីឡាករបរទេស២រូប។ កីឡាករបរទេស២រូបដែលទើបបង្ហាញមុខជាផ្លូវការក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះគឺកីឡាករប្រេស៊ីល Gabriel Silva Costa និង Iago Fernandes ជាអតីតកីឡាកររបស់ក្លឹបអង្គរថាយហ្គឺរកាលពីរដូវកាលមុន។
កីឡាករប្រេស៊ីលទាំងពីររូបនេះបានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ពីអ្នកគាំទ្រ និងគ្រូបង្វឹក។ កីឡាករ Gabriel Silva Costa ដែលលេងតំណែងជាខ្សែប្រយុទ្ធរកបាន១៣គ្រាប់ឲ្យអង្គរថាយហ្គឺរកាលពីរដូវកាល២០២២ ខណៈកីឡាករ Iago Fernandes ដែលលេងតំណែងបម្រើប្រយុទ្ធរកបាន៦គ្រាប់ ហើយ Gabriel បញ្ជូនបាល់ឲ្យ Fernandes ស៊ុតបាន៣ដង ហើយ Fernandes បញ្ជូនបាល់ឲ្យ Gabriel បាន៣ដងដែរ។
Marcus Haber
អ្នកទាំងពីរអាចនិយាយបានថា ជាដៃគូសហការគ្នាបានល្អកាលនៅអង្គរថាយហ្គឺរ ប៉ុន្តែក្លឹបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមិនបានបន្តកុងត្រាឲ្យអ្នកទាំងពីរ។ ឃើញឱកាសទំនេរបែបនេះ ព្រះខ័នរាជស្វាយរៀងចរចាយកចូលក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ហើយរឹតតែធ្វើឲ្យកីឡាករទាំងពីរនឹងធ្វើបានល្អដោយបានលេងក្នុងក្លឹបកាន់តែធំ។
ជាពិសេសទៀតនោះ តំបន់ប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀងនឹងកាន់តែមុតស្រួចដោយមានកីឡាករប្រេស៊ីលទាំងពីរជួយដល់ខ្សែប្រយុទ្ធកម្ពស់ខ្ពស់ Marcus Haber ដែលជាម្ចាស់ស្បែកជើងមាស និងជាកីឡាករល្អប្រចាំរដូវកាល២០២២។
ក្រៅពីសមាជិកថ្មីទាំងពីរខាងលើ ព្រះខ័នរាជស្វាយរៀង កីឡាករក្នុងស្រុក៥រូបទៀតគឺ សេត រ៉ូស៊ីប ខ្សែបម្រើការពារមកពីបឹងកេត, គួច ដានី ខ្សែបម្រើមកពីក្លឹបណាហ្គាវើលដ៍, ណារ៉ុង កក្កដា ខ្សែប្រយុទ្ធមកពីក្រសួងការពារជាតិ, វីរៈ ដារ៉ា (ខ្ចីជើង) អ្នកចាំទីមកក្លឹបវិសាខា, និង ធារី ចន្ថាប៊ីន ខ្សែការពារមកពីក្លឹប វិសាខា។
វីរៈ ដារ៉ា, ណារ៉ុង កក្កដា, ធារី ចន្ថាប៊ីន, សេត រ៉ូស៊ីប និង គួច ដានី
ប្រហែលជាមិនឈប់ត្រឹមនេះ ព្រះខ័នរាជស្វាយរៀងអាចនឹងនាំចូលសមាជិកថ្មីបន្ថែមដើម្បីត្រៀមខ្លួនឲ្យបានល្អឥតខ្ចោះសម្រាប់រដូវកាលថ្មី។ កាលពីឆ្នាំ២០២២កន្លងទៅក្លឹបនេះធ្វើបានល្អមែនទែននៅដើមរដូវកាល ប៉ុន្តែនៅចុងរដូវកាលបានធ្លាក់ខ្លាំងបណ្តាលឲ្យបាត់ឱកាសគ្រងជើងឯក៕
អត្ថបទ៖ វីរបុត្រ