Connect with us

កីឡា

ទឹកភ្នែកលាយកំហឹង ខណៈឥណ្ឌូណេស៊ី ដែលបាត់ បង់សិទ្ធិធ្វើម្ចាស់ផ្ទះ U20 World Cup ប្រឈមមុខនឹងទណ្ឌកម្ម FIFA

បានផុស

នៅ

ប្រជាជនឥណ្ឌូណេស៊ី មានកំហឹងយ៉ាងខ្លាំងបន្ទាប់ពីការបដិសេធមិនឱ្យក្រុមជម្រើសជាតិអ៊ីស្រាអែល អាយុក្រោម២០​ឆ្នាំ ចូលប្រកួតធ្វើឱ្យប្រទេសរបស់ពួកគេអស់ឱកាសធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកកម្រិតយុវជនអាយុក្រោម២០ឆ្នាំ (FIFA U20 World Cup) មួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ និងអ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី បានបញ្ចេញប្រតិកម្មទាំងទឹកភ្នែក និងកំហឹងបន្ទាប់ពីប្រទេសនេះត្រូវបានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម20ឆ្នាំ ខណៈនៅសល់ត្រឹមតែ ៨សប្តាហ៍មុនពេលចាប់ផ្តើមការប្រកួត ចំពេលមានភាពចលាចលនយោបាយពាក់ព័ន្ធទៅនឹងការចូលរួមរបស់អ៊ីស្រាអែល ដែលទុកឱ្យកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ប្រឈមនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត។

ព្រឹត្តិការណ៍បាល់ទាត់យុវជននេះត្រូវបានគេរំពឹងថា នឹងក្លាយជាការផ្លាស់ប្តូរដ៏កម្រមួយនៅលើឆាកបាល់ទាត់ពិភពលោកសម្រាប់ប្រទេសដែលមិនបានទៅ World Cup ចាប់តាំងពីទទួលបានឯករាជ្យ។ ប៉ុន្តែវាត្រូវបានលុបចោលជាផ្លូវការកាលពីថ្ងៃពុធ បន្ទាប់ពីអភិបាលតំបន់ពីរបាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យក្រុមអ៊ីស្រាអែល លេងនៅក្នុងទឹកដីរបស់ពួកគេ។

FIFA បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី ត្រូវបានដកចេញពីការប្រកួតដែលមាន ២៤ក្រុមចូលរួម គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា “ដោយសារតែកាលៈទេសៈបច្ចុប្បន្ន” ដោយមិនបានបញ្ជាក់លម្អិត។

ជាមួយនឹងការកើតមានរឿងបែបនេះ នៅក្នុងជំនួបដ៏រំជួលចិត្តមួយជាមួយកីឡាករយុវជនឥណ្ឌូនេស៊ី និងគ្រូបង្វឹករបស់ពួកគេនៅទីក្រុងហ្សាកាតា កាលពីថ្ងៃព្រហស្បតិ៍ លោក Zainudin Amali អនុប្រធានសមាគមកីឡាបាល់ទាត់ជាតិបានសុំទោស។ កីឡាករខ្លះត្រូវបានគេមើលឃើញស្រក់ទឹកភ្នែក ខណៈខ្លះទៀតសម្លឹងចុះទៅក្រោមយ៉ាងក្រៀមក្រំ។

Hokky Caraka ខ្សែប្រយុទ្ធជម្រើសជាតិ U-20 ឥណ្ឌូនេស៊ី បាននិយាយថា “វាគឺជាការសម្រេចចិត្តដ៏គួរឱ្យសោកស្ដាយ ដែលបានបំផ្លាញក្តីសុបិនរបស់យើង ហើយឥឡូវនេះយើងមានការភ័ន្តច្រឡំអំពីអនាគតរបស់យើងក្នុងនាមជាកីឡាករ ប្រសិនបើ FIFA ដាក់ទណ្ឌកម្ម”។

លោក Shin Tae-yong អតីតកីឡាករបាល់ទាត់អាជីពកូរ៉េខាងត្បូង និងជាគ្រូបង្វឹកដែលកំពុងបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បាននិយាយថា ការបរាជ័យរបស់ឥណ្ឌូនេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះ U-20 World Cup គឺជាការបាត់បង់ដ៏ធំមួយ។ «ខ្ញុំឈឺចាប់! ខ្ញុំអាចមានអារម្មណ៍សោកសៅ និងការបែកបាក់ផ្លូវចិត្តរបស់កីឡាករ។ ពួកគេបានរៀបចំខ្លួនដោយមិននឿយហត់ជាមួយខ្ញុំ ក្នុងរយៈពេលបីឆ្នាំកន្លះចុងក្រោយនេះ»។ សម្ដីរបស់ លោក Shin Tae-yong។

ប្រទេសម្ចាស់ផ្ទះមានសិទ្ធិចូលលេងក្នុងការប្រកួតបាល់ទាត់ពិភពលោកដោយស្វ័យប្រវត្តិ។ ជាមួយនឹងការដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្រុម U-20 របស់ឥណ្ឌូនេស៊ី អាចនឹងត្រូវបានដកចេញពីការប្រកួតនេះ។ ថាតើក្រុមរបស់ប្រទេសឥណ្ឌូណេស៊ី នឹងនៅតែទទួលបានចំណតដោយស្វ័យប្រវត្តិរបស់ម្ចាស់ផ្ទះ គឺមិនច្បាស់ភ្លាមៗពីការប្រកាសរបស់ FIFA នោះទេ។

បន្ទាប់ពីការប្រកាសរបស់ FIFA ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមត្រូវបានជន់លិចដោយការបញ្ចេញមតិរិះគន់ពីសំណាក់អ្នកគាំទ្រដែលបានខកចិត្ត។ មនុស្សជាច្រើនបានបន្ទោសនយោបាយមួយឆ្នាំមុនការបោះឆ្នោតប្រធានាធិបតី។ ឥណ្ឌូណេស៊ីជាប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេក្នុងពិភពលោក ហើយមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៊ីស្រាអែលទេ។

ជាមួយគ្នាផងដែរ កីឡាករនៃក្រុម U-20 ឥណ្ឌូនេស៊ី បាននាំគ្នាចង់ខ្សែបូពណ៌ខ្មៅនៅដៃខាងឆ្វេងរបស់ពួកគេ ដើម្បីបង្ហាញនិមិត្តរូបនៃទុក្ខសោកចំពោះការលុបចោលការធ្វើម្ចាស់ផ្ទះនេះផងដែរ៕

ប្រភព៖ thediplomat.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម