កីឡា
ហេតុអ្វីបានជាការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរ ត្រូវប្រើច្បាប់ថ្មី?
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់«សម្តេចធិបតី»ចាប់ពីឆ្នាំ២០២៤នេះតទៅដោយមានច្បាប់ថ្មីចំពោះការប្រកួតគ្រប់ប្រភេទកីឡាដែលជាអត្តសញ្ញាណខ្មែរសម្រាប់វិញ្ញាសាប្រយុទ្ធ ប៉ុន្តែវិញ្ញាសាសម្តែងប្រើច្បាប់របស់សហព័ន្ធសាមី។

ការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរគឺមានតែកីឡាអត្តសញ្ញាណខ្មែរប៉ុណ្ណោះដូចជា គុនល្បុក្កតោ យុទ្ធក្រមខម គុនខ្មែរ គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និង ក្បាច់គុនកងយោធពលខេមរភូមិន្ទ។ ក្បាច់គុនទាំងនេះមានច្បាប់ បច្ចេកទេស និងលក្ខន្តិកៈរៀងៗខ្លួន ប៉ុន្តែនៅពេលយកមកប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់«សម្តេចធិបតី» គឺមិនប្រើច្បាប់របស់សហព័ន្ធសាមីទេសម្រាប់វិញ្ញាសាប្រយុទ្ធ ប៉ុន្តែវិញ្ញាសាសម្តែងគឺប្រើច្បាប់របស់សហព័ន្ធសាមី។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រកួតត្រូវបានកំណត់កម្រិតអាជីព និងស្ម័គ្រចិត្ត (មិនអាជីព)។ ទាំងការប្រកួតកម្រិតអាជីព និងស្ម័គ្រចិត្ត សុទ្ធតែមានវិញ្ញាសាប្រយុទ្ធ និងសម្តែង។ ចំពោះការប្រកួតវិញ្ញាសាប្រយុទ្ធគឺត្រូវធ្វើតាមច្បាប់ថ្មី ខណៈវិញ្ញាសាសម្តែងគឺត្រូវអនុវត្តតាមច្បាប់របស់សហព័ន្ធ។

លោកបានបន្តថា ច្បាប់ថ្មីនេះគឺការប្រកួតមានតែ២ទឹក ក្នុងនោះ១ទឹកមានតែ២នាទីប៉ុណ្ណោះ។ ការបង្កើតច្បាប់នេះគឺដើម្បីអភិវឌ្ឍកីឡានីមួយៗរបស់កម្ពុជាឲ្យស្របទៅតាមគោលការណ៍ និងលក្ខខណ្ឌស្តង់ដាកីឡានៅក្នុងកីឡាស៊ីហ្គេម កីឡាទ្វីបអាស៊ី និងកីឡាអូឡាំពិក។ ជាក់ស្តែងកីឡាប្រដាល់សកល មិនដែលមានការប្រកួត៤ទឹក ៦ទឹក ៨ទឹក ១០ទឹក ឬ១២ទឹក នៅក្នុងកីឡាស៊ីហ្គេម កីឡាទ្វីបអាស៊ី ឬអូឡាំពិកឡើយ ប៉ុន្តែមានការប្រកួតតែ៣ទឹកប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា ច្បាប់ និងលក្ខន្តិកៈនៅមិនទាន់ត្រូវបានពន្យល់ឲ្យច្បាស់លាស់ដល់កីឡាករ កីឡាការិនី គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេសតាមសហព័ន្ធនីមួយៗឡើយ។ តាមការគំណត់ គណៈកម្មការរៀបចំការប្រកួតនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងគោលការណ៍ថ្មីដល់គ្រូបង្វឹកក្នុងចុងខែសីហានេះ និងវគ្គបណ្តុះបណ្តាលដល់ចៅក្រម-អាជ្ញាកណ្តាលនៅខែកញ្ញា។

គោលបំណងធំបំផុតនៃការបង្កើតឲ្យមានការប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរដែលផ្តួចផ្តើមគំនិតដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ ចងក្រង អភិរក្ស និងអភិវឌ្ឍ យុទ្ធគុនចម្រុះបុរាណខ្មែរឲ្យមានច្បាប់ទម្លាប់ បច្ចេកទេស លក្ខន្តិកៈ និងគោលការណ៍ច្បាស់លាស់សម្រាប់មនុស្សជំនាន់ក្រោយឈានទៅរកការរីកចម្រើនលើឆាកអន្តរជាតិ។

ដើម្បីឲ្យការប្រកួត យុទ្ធគុនចម្រុះបុរាណខ្មែរ ប្រព្រឹត្តទៅដោយរលូនជារៀងរាល់ឆ្នាំ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបង្កើត«គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី»ដោយមានលោកទេសរដ្ឋមន្ត្រី ថោង ខុន ជាប្រធាន អនុប្រធាន៨រូបក្នុងនោះលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានសមាជិក១១រូប និងមានអាជ្ញាធរខេត្ត-ក្រុងជាសមាជិកផងដែរ។

សូមបញ្ជាក់ថា ការប្រកួតឆ្នាំដំបូងនេះ ធ្វើនៅថ្ងៃទី១៨ ១៩ និង២០ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាធិបតីទាំងពិធីបើក និងពិធីបិទ។ ការប្រកួតឆ្នាំបន្តបន្ទាប់នឹងធ្វើនៅតាមបណ្តាខេត្ត៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


