កីឡា
គ្រូបង្វឹក៧០នាក់រៀនបច្ចេកទេស ត្រៀមយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចធិបតីលើកទី២
គ្រូបង្វឹកចំនួន៧០នាក់បានចូលរៀនវគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេស លើកទី១ សម្រាប់ការត្រៀមខ្លួនរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី២ ឆ្នាំ២០២៥។

សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចធិបតី នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ នៅអគាររបស់សាលាគុនធម៌ តាមបណ្តោយផ្លូវ២០០៤ ដែលមានសិក្ខាកាម៧០នាក់មកពីទូទាំងប្រទេសចូលរួមរៀនរយៈពេល៣ថ្ងៃ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល បានលើកឡើងថា វគ្គបណ្តុះបណ្តាលដើម្បីបំប៉នបច្ចេកទេស និងស្មារតីដល់គ្រូបង្វឹកនេះគឺធ្វើឡើងស្របតាមការយកចិត្តទុកដាក់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងបច្ចេកទេស សមត្ថភាព និងស្មារតីដល់គ្រូបង្វឹក និងអ្នកជំនាញដើម្បីឲ្យយល់កាន់តែច្បាស់ពីគោលការណ៍ បច្ចេកទេស និងក្បាច់គុនចម្រុះដ៏សំបូរបែបរបស់បុព្វបុរសដូនតាខ្មែរដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។
លោកមានប្រសាសន៍ថា ៖«ថ្ងៃនេះអ្វីដែលយើងផ្តោតការយកចិត្តទុកដាក់គឺឲ្យគ្រូបង្វឹកទាំងអស់ចេះទ្រឹស្តីកីឡា ចេះរៀបចំផែនការបង្វឹកបង្ហាត់ទាំងបច្ចេកទេស និងកម្លាំងកាយដែលធ្វើយ៉ាងណាផ្តល់ឲ្យកូនសិស្សមានភាពធន់ កម្លាំងកាយល្អ និងសមត្ថភាពខ្ពស់»។ វគ្គបណ្តុះបណ្តាលនេះមានគ្រូឧទ្ទេសដែលមានជំនាញគុនចម្រុះ ចំបាប់ និងការប្រយុទ្ធឈរ។ ជាមួយគ្នានេះ វគ្គបណ្តុះបណ្តាលក៏ផ្តល់ជូននូវលក្ខន្តិកៈ និងគោលការណ៍នៃការប្រកួត ក្រមសីលធម៌មួយចំនួនទៀតដល់សិក្ខាកាមទាំងអស់។

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា នេះជាគំរូដ៏ល្អមួយក្រោមការដឹកនាំ ចង្អុលបង្ហាញ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតីដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យមានចីរភាពក្នុងការជំរុញ លើកកម្ពស់ អភិរក្ស និងអភិវឌ្ឍកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណដ៏សំបូរបែបឲ្យមានក្បួនខ្នាតច្បាស់លាស់ដើម្បីថែរក្សាឲ្យគង់វង់យូរអង្វែង។
នេះជាវគ្គបណ្តុះបណ្តាលលើកទី១ដែលមានគ្រូបង្វឹក៣០នាក់មកពីតាមបណ្តាខេត្តឆ្ងាយ និង៤០នាក់មកពីខេត្តជិតៗរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀតគឺវគ្គទី២ ការបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម ក្នុងខែមីនា, វគ្គទី៣ ការបណ្តុះបណ្តាលបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែឧសភា និងវគ្គ៤ ការបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម ក្នុងខែសីហា។

ជាចក្ខុវិស័យវែងឆ្ងាយ វគ្គបណ្តុះបណ្តាលនឹងកាន់តែលំអិត និងជំនាញកម្រិតស្តង់ដាអន្តរជាតិនៅពេលគណៈកម្មការចំពោះកិច្ចគ្រោងនឹងអញ្ជើញអ្នកជំនាញអន្តរជាតិមកចែករំលែក និងផ្តល់ចំណេះដឹង។ លោក វ៉ាត់ ចំរើន បានបន្ថែមថា ឆ្នាំក្រោយៗទៀត គណៈកម្មការចំពោះកិច្ចនឹងធ្វើការជាមួយអ្នកជំនាញអន្តរជាតិដែលមានជំនាញកីឡាយុទ្ធគុនចម្រុះដូចជា នៅស្ថាវ័ន ONE Championship និង UFC ជាដើមដើម្បីមកផ្តល់ចំណេះដឹង។
តាមកាលកំណត់ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី២ គ្រោងនឹងធ្វើរយៈពេល៤ថ្ងៃគឺទី១៦ ១៧ ១៨ និង១៩ ខែតុលា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕



អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


