Connect with us

ចរាចរណ៍

ឃាត់ខ្លួននិស្សិតវ័យ២៣ឆ្នាំម្នាក់ក្រោយបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់ក្រោមជាតិស្រវឹង 0.92Mg/L

បានផុស

នៅ

កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសជានិស្សិតវ័យ២៣ឆ្នាំម្នាក់ដើម្បីអនុវត្តនិតិវិធីច្បាប់ ក្រោយបើករថយន្ដក្នុងល្បឿនលឿនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលបុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងបង្កជាអគ្គិភ័យទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនបង្កបើករថយន្ដទាំងស្រវឹងបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតនេះមានឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិតមានទីលំនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(មិនបានបង្ហាញបណ្ណ័បើកបរ)។ តាមសមត្ថកិច្ច អ្នកបើកបររថយន្ដបើកក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងក្រោមអត្រាជាតិអាល់កុល 0.92Mg/L។ អ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនភ្លាមៗក្រោយបង្កហេតុ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១និង៤០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក LEXUS NX350 ពណ៌ស ផ្លាកលេខ កម្ពុជា .VSP.2727 បើកបរតាមផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានបុកពីក្រោយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក CITI PLUS ពណ៌ក្រហម ផ្លាកលេខគ្មាន កំពុងធ្វើដំណើរលើផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច (ស្របទិសគ្នា) បុកជាប់ម៉ូតូនៅពីមុខរថយន្តអូសបន្តទៅបុកបង្គោលដងទង់ជាតិ(របស់វត្តវាលស្បូវបាក់អស់៣ដើម) និងបង្គោលស្លាកសញ្ញាចំណតរថយន្តក្រុង១ដើមទៀតទើបឈប់ទៅមុខមិនរួច ហើយក៏បង្កឲ្យមានអគ្គិភ័យឆាបឆេះរថយន្តកើតឡើងភ្លាមៗតែម្តង។ បន្ទាប់មកមានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅចេញមកបាញ់ទឹកពន្លត់។

ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យខូចខាតរថយន្ត១គ្រឿង(ឆេះអស់១កំណាត់មុខ) ម៉ូតូសណ្តោងរ៉ឺម៉ក(ឆេះអស់១គ្រឿង) បាក់បង្គោលដងទង់ជាតិ៣ដើម និងបាក់បង្គោលស្លាកសញ្ញារបស់ចំណតរថយន្តក្រុងអស់១ដើមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម