Connect with us

ចរាចរណ៍

ករណីក្រឡាប់ឡានលើផ្លូវល្បឿន​លឿន​៖ អភិបាលខេត្ត​កំពង់ស្ពឺបង្ហាញក្តីរន្ធត់ និងស្នើឱ្យបើកបរមាន​​ការប្រុងប្រយ័ត្ន

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលខេត្តកំពុងស្ពឺ បានបង្ហាញក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងលើផ្លូវល្បឿនលឿនបណ្តាលឱ្យស្លាប់មនុស្ស៥នាក់ និងបានស្នើឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានករណីនេះកើតឡើង លោកអភិបាលខេត្តកំពង់ស្ពឺ បានសរសេររៀបរាប់នៅលើឆាណែលតេឡេក្រាមរបស់លោកយ៉ាងដូច្នេះថា​៖ «ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរន្ធត់ចំពោះដំណឹងស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅគីឡូម៉ែត្រលេខ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន»។ គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឱ្យមនុស្សចំនួន៥នាក់ បានបាត់បង់ជីវិត និង២នាក់រងរបួសធ្ងន់ធ្ងរ។ អាស្រ័យហេតុនេះ លោកសុំឱ្យអ្នកបើកបរទាំងអស់ មេត្តាបើកបរប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវវ៉ាជែងក្នុងស្ថានភាពមិនល្អ គោរពល្បឿននៃការបើកបរ មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ។

របាយការណ៍ពីស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ករណីរថយន្ត​ Alphard ក្រឡាប់នៅផ្លូវល្បឿនលឿនមានអ្នកស្លាប់នៅកន្លែងកើតហេតុ៥នាក់ និងរបួសធ្ងន់២នាក់។ របាយការណ៍បានបញ្ជាក់បន្ថែមថា រថយន្ត​ Alphard ពណ៍ស ដឹកមនុស្ស​លក្ខណៈ​គ្រួសារ​ចំនួន ៧នាក់ ក្នុងគោលបំណង​ទៅលេង​ខេត្ដព្រះ​សីហនុ​ និងមានអ្នកបើកបរ​ជាស្រ្ដី។

គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដនេះ បានកើតឡើងវេលាម៉ោង​៧ និង ១២​នាទី​ព្រឹក ថៃ្ង​ទី៧​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅចន្លោះគី​ឡូម៉ែត្រ​លេខ​២០​ ហួសច្រកចេញកំពង់ស្ពឺ​ កើត​បន្ដិច​។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច​នគរបាល​អធិការ​ដ្ឋាន​ស្រុក​សំ​រោងទង​ ​នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ បាននឹងកំពុងសហការ​អន្ដរាគមន៍​ជួយសង្គ្រោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម