Connect with us

ព័ត៌មានជាតិ

​ការ​ជំរុញ​សមត្ថភាព​ប្រកួតប្រជែង​ ដើម្បី​កំណើន​អាជីវកម្ម​ក្នុង​វិស័យ​ជលផល​ កាន់​តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​

បានផុស

នៅ

ខណៈគម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH-Capture) ឈានទៅបិទ​បញ្ចប់នា​ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ​ភាគីពាក់ព័ន្ធមកពីស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម គ្រឹះស្ថាន​ឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍ ប្រមាណ​ជាង ១០០ នាក់បានចូលរួមពិនិត្យ​បូកសរុប​លើលទ្ធផល និងផលជះរយៈពេលវែងរបស់គម្រោង រួមទាំងគិតគូរអំពីទិសដៅបន្តក្រោយ​ពេលគម្រោង​បញ្ចប់​នាថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) ក្រោម​ឱវាទ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការសហប្រជាជាតិ​ដើម្បីអភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល​​ កំពុងលើកកម្ពស់​ភាពប្រកួតប្រជែង គុណភាព និងសុវត្ថិភាពផលិតផលជលផល ការផ្តល់ភាព​អង់អាចផ្នែកហិរញ្ញវត្ថុ និងការទទួលបានទីផ្សារសម្រាប់តួអង្គនៅ​ក្នុងខ្សែច្រវាក់តម្លៃជលផល​នៅ​កម្ពុជា​ទាំងមូល។

​លទ្ធផលសំខាន់ៗ​រហូតមកដល់បច្ចុប្បន្នរួមមាន សហគ្រាសជលផលចំនួន ៥៦៨ បានទទួល​ការ​គាំទ្រជាក់​លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២%។

សហគ្រាសចំនួន ៦៤​ បានកែលម្អប្រតិបត្តិការអាជីវកម្ម​របស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។

​សហគ្រាសធុនតូច និងមធ្យមចំនួន ៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។

ផលជះនៃការវិនិយោគតាមរយៈគម្រោងបានកៀគរទុនបដិភាគជាង ៦ លានដុល្លារអាមេរិក ក្រោមរូបភាពនៃជំនួយ​ហិរញវត្ថុពីគម្រោងទុនចូលរួមរបស់ម្ចាស់អាជីវកម្ម និងកញ្ចប់ហិរញ្ញវត្ថុពីវិស័យឯកជន ដែលជំរុញការលក់ផលិតផលជលផល​កើនឡើង ៦១% និងការបង្កើត និងរក្សាការងារចំនួន ១៧.៨១១​ ហើយស្ត្រីទទួលបានការងារទាំងនេះជាងពាក់កណ្តាល។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល​​ ផ្តល់ភាពអង់អាចដល់សហគ្រាសជលផល ក្នុងការអភិវឌ្ឍ លូតលាស់ បោះជំហានទៅប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ​ភាគីពាក់ព័ន្ធ និងភ្នាក់ងារសារព័ត៌មាន​ បានមើលឃើញច្បាស់អំពីវឌ្ឍនភាព​ និងការរីកចម្រើនជាក់ស្តែងផ្នែកប្រតិបត្តិការអាជីវកម្ម និងពាណិជ្ជកម្ម ភាពអនុលោមផ្នែកសុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរ ខណៈដែលកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម អាចយកទៅអនុវត្ត ឬពង្រីកវិសាលភាពគ្របដណ្តប់លើផលិតផលកសិកម្មផ្សេងទៀតបានផងដែរ។»

«គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល​​ បង្ហាញឱ្យឃើញថាការវិនិយោគចំគោលដៅ អមជាមួយនឹងជំនួយបច្ចេកទេស ពិតជាបានរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងអនុលោមភាពផ្នែកសុវត្ថិភាពម្ហូបអាហារសម្រាប់អនុវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជាប្រកបដោយប្រសិទិ្ធភាពមែន។»​ នេះបើតាមការលើកឡើងរបស់បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO។

សេតធី ស៊ីថារ៉ាម៉ា ថមបាធូ បញ្ជាក់បន្ថែមថា៖ «ជីវភាពរស់នៅរបស់ម្ចាស់ និងដៃគូអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមកំពុងសម្រេចបានភាពរីកចម្រើនកាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់ក្នុងការនាំចេញផលិតផលរបស់ខ្លួន។»

លោក ឃួន អេវីរ៉ាត​ ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាមានប្រាសាសន៍ថា៖​«សហភាពអឺរ៉ុប (EU) មានមោទនភាពក្នុងការគាំទ្រវិស័យជលផលរបស់កម្ពុជាតាមរយៈកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ដោយបានរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងម៉ាំសម្រាប់កំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរួចរាល់សម្រាប់ការនាំចេញ។»

អំឡុងពិធីជួបប្រជុំគ្នានេះ យើងក៏ប្រគល់ជូនកញ្ចប់វិនិយោគដល់សហគ្រាសទទួល​ផលពីកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដៃគូអនុវត្តគម្រោង និងសហគ្រាសឆ្នើម (Leaders of Change) ខណៈដែលអ្នកចូលរួមជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តថែរក្សាសមិទ្ធផល ក្រោមរូបភាពសហប្រតិបត្តិការ ការគិតគូរផ្នែកគោលនយោបាយ និងការចូលរួមពីវិស័យឯកជន។

ថ្វីត្បិតគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល​​ នឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ កេរដំណែលគម្រោង នឹងជាប្រទីបសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តនាពេលអនាគត ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ និងការទទួល​បានទីផ្សារកាន់តែប្រសើរ​សម្រាប់វិស័យជលផលកម្ពុជា រួមចំណែកធានាបាននូវកំណើន និងភាពធន់របស់វិស័យ​នេះប្រកបដោយនិរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម