Connect with us

ព័ត៌មានជាតិ

កម្ពុជា​ពង្រឹង​ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូប​អាហារ ក្នុង​ដំណើរ​នាំផលជលផល​កម្ពុជា​​ទៅទីផ្សារ​អឺរ៉ុប

បានផុស

នៅ

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ខណៈ​​កំពុងបោះជំហានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ​២០២៥ បាន​សម្រេច​​វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្កើតនិងដាក់ឱ្យអនុវត្តនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ​ដ៏រឹងមាំមួយផ្តើមចេញពីវិស័យជលផល។

ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការ UNIDO គម្រោង​នេះមានសុខុមុមនីយកម្មទៅនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ដែលជាការត្រួសត្រាយផ្លូវឱ្យផលផលិតផលជលផលកម្ពុជា បង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិបានកាន់តែទូលំទូលាយ និងរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សិក្ខាសាលាបិទបញ្ចប់គម្រោងសម្រាប់លទ្ធផលទី១ ដែល​រៀបចំ​កាលពី​ម្សិលមិញនេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញអំពីសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់គម្រោង និងតួនាទីរបស់គម្រោងក្នុងការជម្រុញការផ្លាស់ប្តូរក្នុងវិស័យជលផលនៅកម្ពុជា។

លោកថា ខណៈដែលគម្រោងនឹងបិទបញ្ចប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចាក់ពីការប្តេជាចិត្តរបស់ក្រសួងចំពោះសន្តិសុខស្បៀង សុខមាលភាព​សហគមន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសវនកម្មពី DG SANTE នាពេលខាងមុខថា «ឆ្លងកាត់សវនកម្មនេះដោយជោគជ័យនឹងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលជលផល និងពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាជាប្រទេសផ្គត់ផ្គង់ផល ផលិតផលជលផលមានគុណភាព និងសុវត្ថិភាព»។

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានគាំទ្រលើការរៀបចំបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យផ្លូវការសម្រាប់ផលផលិតផលជលផលកម្ពុជា រួមទាំងគោលការណ៍ណែនាំបច្ចេកទេសមួយចំនួនផ្សេង​ទៀត ដើម្បីលើកកម្ពស់ការធានាគុណភាពសម្រាប់ឧស្សាហកម្មនេះ។

ជាលទ្ធផល សហគ្រាសជលផលកម្ពុជាចំនួន ២២ បានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដែលបង្កើនជំនឿទុកចិត្តរបស់អ្នកបរិភោគសម្រាប់ទីផ្សារទាំងក្នុង និងក្រៅស្រុក។ លើសពីនេះ សហគ្រាសចំនួនប្រាំបួន កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល CamTrace ស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារអង្កេតដានអន្តរជាតិ។

អង្គការ UNIDO នៅតែប្តេជ្ញាចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការបំពេញតាមស្តង់ដារពិភពលោក និងការពង្រីកទីផ្សារទូលំទូលាយ។

លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO នៅកម្ពុជាមានប្រសាសន៍ថា «ការរីកចម្រើនរបស់កម្ពុជាឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនៅគ្រប់កម្រិត។ យើងកំពុងកសាងវិស័យជលផលមួយដែលមានភាពធន់ ហើយអាចរីកចម្រើន ឈានចូលនៅក្នុងទីផ្សារអន្តរជាតិពោរពេញដោយភាពប្រកួតប្រជែង ឈរលើស្មារតីសាមគ្គីជាធ្លុងមួយ»។

ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានមើលឃើញថានឹងដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ។ តួយ៉ាងច្បាប់ស្តីពីជលផលថ្មី ដែលទើបអនុម័តកាលពីខែមិថុនា ឆ្នាំ២០២៥។ ច្បាប់នេះមានគោលបំណង ពង្រឹងការនេសាទប្រកបដោយ
និរន្តរភាព និងការការពារធនធានសមុទ្រ។

កិច្ចការសំខាន់ចំពោះមុខនាពេលនេះ គឺការត្រៀមលក្ខណៈសម្រាប់សវនកម្មពី​អគ្គនាយកដ្ឋាន​សុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការចុះបញ្ជីសហគ្រាសជលផលកម្ពុជា ក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប។ FiA ក៏កំពុងបន្តពិភាក្សាលើការចុះហត្ថលេខាសម្រាប់អនុស្សរណៈនៃការយោគយល់ ជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល (FiA) បានមានប្រសាសន៍ថា សមិទិ្ធផលគម្រោងនេះ មានតម្លៃលើសពីប្រព័ន្ធវិញ្ញាបនបត្រ ដែល​នឹង​បន្សល់ទុកនូវកេរដំណែលនៃការផ្លាស់ប្តូរ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់អនាគតដ៏រុងរឿងសម្រាប់វិស័យជលផលនៅ​កម្ពុជា។

ទោះបីជាគម្រោងបញ្ចប់ក៏ដោយ កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់អនុលោមភាពសុវត្ថិភាពម្ហូបអាហារក្នុងវិស័យកែច្នៃជលផល និងការត្រៀមខ្លួនសម្រាប់នាំចេញនឹងនៅតែបន្ត។ ដោយផ្តោតការយលចិត្តទុកដាក់លើកត្តានេះ កម្ពុជាអាចនឹងក្លាយជាប្រទេសនាំមុខគេក្នុងតំបន់លើការគ្រប់គ្រងជលផលប្រកបដោយទំនួលខុសត្រូវ។ លោក ពុំ សុថា បន្ថែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម