សេដ្ឋកិច្ច
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ផ្តល់អាទិភាពដល់ SME ដើម្បីប្រកួតប្រជែងលើទីផ្សារក្នុងស្រុក-អន្តរជាតិ
ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ផ្តល់ភាពអង់អាចដល់សហគ្រាសជលផល ក្នុងការអភិវឌ្ឍ លូតលាស់ បោះជំហានទៅប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ខណៈដែលគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ភាគីពាក់ព័ន្ធមកពីស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម គ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍ ប្រមាណជាង ១០០ នាក់បានចូលរួមពិនិត្យបូកសរុបលើលទ្ធផល និងផលជះរយៈពេលវែងរបស់គម្រោង រួមទាំងគិតគូរអំពីទិសដៅបន្តក្រោយពេលគម្រោងបញ្ចប់ នាថ្ងៃនេះ។
ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បាន និងកំពុងលើកកម្ពស់ភាពប្រកួតប្រជែង គុណភាព និងសុវត្ថិភាពផលិតផលជលផល ការផ្តល់ភាពអង់អាចផ្នែកហិរញ្ញវត្ថុ និងការទទួលបានទីផ្សារសម្រាប់តួអង្គនៅក្នុងខ្សែច្រវាក់តម្លៃជលផលនៅកម្ពុជាទាំងមូល។
លទ្ធផលសំខាន់ៗរហូតមកដល់បច្ចុប្បន្នរួមមាន សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២%។

សហគ្រាសចំនួន ៦៤ បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។ សហគ្រាសធុនតូច និងមធ្យមចំនួន ៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។
ផលជះនៃការវិនិយោគតាមរយៈគម្រោង បានកៀគរទុនបដិភាគជាង ៦ លានដុល្លារអាមេរិក ក្រោមរូបភាពនៃជំនួយហិរញវត្ថុពីគម្រោង ទុនចូលរួមរបស់ម្ចាស់អាជីវកម្ម និងកញ្ចប់ហិរញ្ញវត្ថុពីវិស័យឯកជន ដែលជំរុញការលក់ផលិតផលជលផលកើនឡើង ៦១% និងការបង្កើត និងរក្សាការងារចំនួន ១៧.៨១១ ហើយស្ត្រីទទួលបានការងារទាំងនេះជាងពាក់កណ្តាល។

ជាក់ស្តែង គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ផ្តល់ភាពអង់អាចដល់សហគ្រាសជលផល ក្នុងការអភិវឌ្ឍ លូតលាស់ បោះជំហានទៅប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ភាគីពាក់ព័ន្ធ និងភ្នាក់ងារសារព័ត៌មាន បានមើលឃើញច្បាស់អំពីវឌ្ឍនភាព និងការរីកចម្រើនជាក់ស្តែងផ្នែកប្រតិបត្តិការអាជីវកម្ម និងពាណិជ្ជកម្ម ភាពអនុលោមផ្នែកសុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរ ខណៈដែលកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម អាចយកទៅអនុវត្ត ឬពង្រីកវិសាលភាពគ្របដណ្តប់លើផលិតផលកសិកម្មផ្សេងទៀតបានផងដែរ។» នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
«គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បង្ហាញឱ្យឃើញថាការវិនិយោគចំគោលដៅ អមជាមួយនឹងជំនួយបច្ចេកទេស ពិតជាបានរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងអនុលោមភាពផ្នែកសុវត្ថិភាពម្ហូបអាហារសម្រាប់អនុវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជាប្រកបដោយប្រសិទិ្ធភាពមែន។» នេះបើតាមការលើកឡើងរបស់ បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO ។
ទន្ទឹមនេះ លោកបានបញ្ជាក់បន្ថែមថា «ជីវភាពរស់នៅរបស់ម្ចាស់ និងដៃគូអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមកំពុងសម្រេចបានភាពរីកចម្រើនកាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់ក្នុងការនាំចេញផលិតផលរបស់ខ្លួន។»
លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រាសាសន៍ថា សហភាពអឺរ៉ុប (EU) មានមោទនភាពក្នុងការគាំទ្រវិស័យជលផលរបស់កម្ពុជាតាមរយៈកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ដោយបានរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងម៉ាំសម្រាប់កំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរួចរាល់សម្រាប់ការនាំចេញ។

អំឡុងពិធីជួបប្រជុំគ្នានេះ យើងក៏ប្រគល់ជូនកញ្ចប់វិនិយោគដល់សហគ្រាសទទួលផលពីកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ដៃគូអនុវត្តគម្រោង និងសហគ្រាសឆ្នើម (Leaders of Change) ខណៈដែលអ្នកចូលរួមជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តថែរក្សាសមិទ្ធផល ក្រោមរូបភាពសហប្រតិបត្តិការ ការគិតគូរផ្នែកគោលនយោបាយ និងការចូលរួមពីវិស័យឯកជន។
ថ្វីត្បិតគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ កេរដំណែលគម្រោង នឹងជាប្រទីបសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តនាពេលអនាគត ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរសម្រាប់វិស័យជលផលកម្ពុជា រួមចំណែកធានាបាននូវកំណើន និងភាពធន់របស់វិស័យនេះប្រកបដោយនិរន្តរភាព។ ឧត្តមភាពដែលគម្រោងសម្រេចបាន នឹងជាមគ្គុទេសន៍សម្រាប់កិច្ចអន្តរាគមន៍បន្តរបស់គម្រោងកម្មវិធីថ្មី ការសម្របសម្រួលគោលនយោបាយ និងការចូលរួមពីវិស័យឯកជននាពេលខាងមុខ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


