Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឲ្យអ្នកលក់ដូរតាមដងផ្លូវចូលសិក្សាជំនាញថ្មីៗបន្ថែមដើម្បីឆ្លើយតបទៅនឹងបរិបទសង្គម

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យអ្នកលក់ដូរតាមដងផ្លូវចូលសិក្សាជំនាញថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងបរិបទសង្គមនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកវេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវលើកទី១៣ ក្រោមប្រធានបទស្តីពី “គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល” នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគួរតែចូលរៀនជំនាញការលក់តាមអនឡាញនៅតាមសាលាបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្រោមឱវាទក្រសួងទាំង៣៧នៅទូទាំងប្រទេស ព្រោះថា ឌីជីថល បដិវត្តន៍ឧស្សាហកម្មបានជ្រាបចូលទៅគ្រប់ផ្នែក នៃសកម្មភាពសេដ្ឋកិច្ច ក្នុងនោះរួមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

លោករដ្ឋមន្ត្រីបានបន្តថា ម្យ៉ាងទៀតការប្រែប្រួលចំណង់ចំណូលចិត្តរបៀបរស់នៅ និងធ្វើការងារក៏ទាមទារចាំបាច់ឱ្យអ្នកលក់ដូរតាមដងផ្លូវ ត្រូវតែផ្លាស់ប្តូរទៅតាមរបៀបរស់នៅតាមបែបធូរធារជាងមុន បើទោះបីនៅមានអ្នកលំបាកខ្លះបើប្រៀបធៀបក្នុងរយៈពេលជាច្រើនឆ្នាំមុនគឺងាយស្រួលជាងមុនច្រើន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវចាប់ឱកាសចូលសិក្សារៀនសូត្រដើម្បីមានជំនាញបន្ថែមដើម្បីមានចំណេះដឹងដើរឱ្យទាន់តម្រូវការសង្គមក៏ដូចជាចុះបញ្ជិកាដើម្បីកំណត់អត្ថសញ្ញាណអ្នកលក់ដូរតាមដងផ្លូវ ដើម្បីមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលអាចជួយបានកាន់តែចំគោលដៅ។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានបញ្ជាក់ថា ការទទួលស្គាល់អ្នកលក់តាមដងផ្លូវជាអ្នករួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ព្រោះអ្នកលក់តាមផ្លូវគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រទេស ជាអ្នកធ្វើការច្រើនម៉ោងក្នុងស្ថានភាពលំបាកដើម្បីផ្តល់អាហារ ទំនិញ និងសេវាកម្មដែលទ្រទ្រង់ប្រទេសជាតិ។
ចំណែកលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសរសើរប្រព័ន្ធគាំពារសង្គម តាមរយៈប្រព័ន្ធសន្តិសុខសង្គម ឬប្រព័ន្ធជំនួយសង្គមរបស់រាជរដ្ឋាភិបាល ប៉ុន្តែប្រព័ន្ធទាំងនោះបានអនុវត្តនៅកម្រិតនៅឡើយ។

គួរបញ្ជាក់ថា វេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់ចំពោះអ្នកលក់ដូរតាមដងផ្លូវ,ពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ និងស្ថាប័នពាក់ព័ន្ធ, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកលក់ដូរតាមផ្លូវជាមួយអ្នកផ្តល់សេវា ជាពិសេស ផ្ដល់ឱកាសដល់អ្នកលក់ដូរតាមដងផ្លូវចូលរួមកិច្ចពិភាក្សានិងចែករំលែកពីស្ថានភាពការងារ និងបញ្ហា និងលើកជាសំណូមពរទៅកាន់អ្នកពាក់ព័ន្ធនានា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម