Connect with us

ព័ត៌មានអន្ដរជាតិ

នាវាជប៉ុន និងចិន ប្រឈមមុខដាក់គ្នាសាជាថ្មីនៅតំបន់សេនកាគូ

បានផុស

នៅ

នាវាជប៉ុន និងចិន បានប្រឈមមុខដាក់គ្នាសាជាថ្មីនៅក្បែរកោះសេនកាគូ (Senkaku) ដែលជាដែនដីមានជម្លោះ​ នា​​ថ្ងៃអង្គារ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២៥​នេះ​ ចំពេលដែលភាពតានតឹងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីការលើកឡើងថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ទាក់ទងនឹងកោះតៃវ៉ាន់។

យន្តហោះឈ្លបការណ៍ P-3C Orion ជប៉ុន ហោះលើកោះ Senkaku ក្នុងសមុទ្រចិនខាងកើត (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Korea Times ឆ្មាំសមុទ្រជប៉ុនបាននិយាយថា នាវា​ល្បាតចិនចំនួន​២គ្រឿងបានចូលក្នុងដែនទឹករបស់ខ្លួននៅជុំវិញកោះដែលគ្មានមនុស្សរស់នៅ ហើយបានចូលទៅជិតទូកនេសាទជប៉ុន មុននឹងត្រូវបាននាវាជប៉ុនដេញចេញ។ ឆ្មាំសមុទ្រជប៉ុនបានបន្ថែមថា នាវា​ចិនទាំងនោះបានចាកចេញពីដែនទឹក បន្ទាប់ពីរយៈពេលជាច្រើនម៉ោង ប៉ុន្តែនាវាផ្សេងទៀតនៅតែស្ថិតនៅក្នុងតំបន់នោះ។

ទីក្រុងតូក្យូបានថ្កោលទោសចំពោះការរំលោភបំពាននេះ ដោយ​លើក​ឡើង​ថា សកម្មភាពរបស់ចិន«បានរំលោភបំពានជាមូលដ្ឋានលើច្បាប់អន្តរជាតិ»។

ឆ្មាំសមុទ្រចិនបានចោទប្រកាន់ទូកនេសាទជប៉ុនថា «បានចូលដោយខុសច្បាប់» ទៅក្នុងដែនទឹកដែលទីក្រុងប៉េកាំងចាត់ទុកជាដែនទឹករបស់ខ្លួន ហើយបាន​អះអាង​ថា នាវារបស់ខ្លួនបានចាត់វិធានការ «ត្រួតពិនិត្យចាំបាច់» ដើម្បីដេញទូកនេសាទនោះចេញ។ ទីក្រុងប៉េកាំងហៅកោះ​នោះថា «Diaoyu»។

ការប្រឈមមុខដាក់គ្នាលើកនេះ បានកើតឡើងបន្ទាប់ពីឧបទ្ទវហេតុស្រដៀងគ្នាកាលពីថ្ងៃទី១៦​ខែវិច្ឆិកា ភ្លាមៗបន្ទាប់ពីលោកស្រី Takaichi បានស្នើថា ប្រទេសជប៉ុនអាចនឹងធ្វើអន្តរាគមន៍ផ្នែកយោធា ប្រសិនបើ​ចិនវាយប្រហារតៃវ៉ាន់ ដែលជាការលើកឡើង​បង្ក​ឲ្យ​មានការខឹងសម្បារពីទីក្រុងប៉េកាំង។

ប្រទេសចិនបានជំរុញពលរដ្ឋ​ខ្លួន​ឲ្យ​ចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បានបញ្ឈប់ព្រឹត្តិការណ៍វប្បធម៌មួយចំនួន ហើយត្រូវបានគេរាយការណ៍ថា​បានបន្តការហាមឃាត់លើអាហារសមុទ្ររបស់ជប៉ុន ទោះបីជាមកទល់ពេលនេះប្រទេសចិន​មិន​ទាន់​ចេញ​វិធានការ​សងសឹកផ្នែកសេដ្ឋកិច្ចទ្រង់ទ្រាយ​ធំ​​ណាមួយ​ក៏ដោយ។

ប្រជុំ​កោះដែលគ្មានមនុស្សរស់នៅ​ទាំង​នេះ​ក្នុងសមុទ្រចិនខាងកើត គឺជាចំណុចក្តៅនៃជម្លោះ​កាន់ឆ្នាំ​រវាង​ជប៉ុន-ចិន​ ដែលទំនាក់ទំនងរបស់ពួកគេកាន់តែយ៉ាប់យ៉ឺនទៅៗលើបញ្ហាតៃវ៉ាន់ និងជម្លោះដែនសមុទ្រ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម